រាជធានីភ្នំពេញ ៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានស្វាគមន៍ប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម បានលើកឡើងថា ឆ្នាំ២០២៤-២០២៦ កម្ពុជាគឺជាប្រធានកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ បូក៣ លើកទី៨ (8th ACCSM+3) ។
ឯកឧត្តម បានលើកឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា ៖ ថ្ងៃនេះ ខ្ញុំបានចូលរួមបើក កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ដើម្បីរៀបចំការងារជាច្រើនក្នុងភាពជាប្រធាន និងការរៀបចំឆ្ពោះទៅកាន់កិច្ចប្រជុំ ACCSM កម្រិតប្រមុខមុខងារសាធារណៈអាស៊ាន និងកិច្ចប្រជុំACCSM+3 ក្នុងឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ។
ឯកឧត្តម បានលើកឡើងថា ៖ ខ្ញុំបានចែករំលែកដំណើរវិវឌ្ឍន៍ នៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ចាប់ពីដំណាក់កាល នៃការបំផ្លិចបំផ្លាញទាំងស្រុងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ និងការខិតខំស្តាររដ្ឋបាលសាធារណៈ ក្រោយថ្ងៃ៧ មករា ១៩៧៩។ ក្នុងដំណាក់កាលជាបន្តបន្ទាប់ ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកជាផ្នែកមួយដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មកម្លាំងនយោបាយក្នុងអំឡុងឆ្នាំ១៩៩៣ និងជាផ្នែកមួយ នៃការស្វែងរកសុខសន្តិភាព ការបង្រួមបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ។
ឯកឧត្តម បានលើកឡើងថា កម្ពុជាបានបន្តលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធរដ្ឋបាលសាធារណៈ និងការផ្តល់សេវាសាធារណៈ ជូនប្រជាជនកាន់តែប្រសើរតាមរយៈការកែទម្រង់ជាបន្តបន្ទាប់។ កិច្ចការ ដែលបានធ្វើជាបន្តបន្ទាប់ ចាប់តាំងពីទស្សវត្សរ៍ ឆ្នាំ១៩៩០ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការងារដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់គោលដៅអាទិភាពក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាលក្ខណៈប្រព័ន្ធអភិបាលកិច្ចឯកភាព (Whole Government Approach) ។
ឯកឧត្តម បានលើកឡើងទៀតថា កិច្ចការងារនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងអនុវត្តវិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងសស្រាក់សស្រាំ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ៖ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទាំងអស់នេះ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ជាមូលដ្ឋានដល់ការកែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងចូលរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យរបស់សហគមន៍អាស៊ាន ។
ឯកឧត្តមបញ្ជាក់ថា ៖ “ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ដែលជាឆ្អឹងខ្នងរបស់វិស័យមុខងារសាធារណៈ យើងពិតជាមានទំនួលខុសត្រូវ និងគណនេយ្យភាពខ្ពស់សម្រាប់ប្រទេសជាតិ និងប្រជាជន។ នៅខណៈដែលពិភពលោក កំពុងឆ្លងកាត់ស្ថានភាពមិនប្រាកដប្រជា ខ្ញុំជឿជាក់យ៉ាងមុតមាំថា សាមគ្គីភាពរបស់យើង នឹងផ្តល់ជាបរិយាកាសអំណោយផល ក្នុងការជំរុញនវានុវត្តន៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានយើង ផ្អែកលើកិច្ចខិតខំប្រឹងប្រែងរួម កិច្ចសហប្រតិបត្តិការរួម និងស្មារតីរួម” ៕




ចែករំលែកព័តមាននេះ