រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង១គូ បានចាប់ដៃរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ មិនទាន់រៀបការ នៅក្រោមដំបូលផ្ទះជួល មួយកន្លែង រយៈពេល១ឆ្នាំកន្លងមកហើយ អ្នកទាំង២ ប្រកបរបរជាកម្មករ-កម្មការិនីរោងចក្រកាត់ដេរ ចំណែកបងប្អូនខាងប្រុស បានប្រាប់ឲ្យខិតខំពួតដៃគ្នារកប្រាក់ដើម្បីរៀបការ ប្រសិនបើខ្វះខាតប៉ុន្មានចាំបងប្អូនជួយបំពេញបន្ថែមម្នាក់បន្តិចម្នាក់បន្តិចទៅបានហើយ។ គូស្នេហ៍នេះ នៅពុំទាន់មានកូនជាមួយគ្នានៅឡើយទេ ប៉ុន្តែការរស់នៅហាក់មិនចុះសម្រុងនឹងគ្នាសោះ ចេះតែមានភាពរកាំកូសឈ្លោះប្រកែកគ្នាជាញឹកញាប់ មិនតែប៉ុណ្ណោះរាល់ពេលខឹងគ្នាម្ដងៗ ខាងប្រុសតែងតែគំរាមសម្លាប់ខ្លួន ហើយទីបំផុតពេលនេះក៏ចង.កស្លាប់តាមបំណងទាល់តែបានមែន ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ជួលលេខ១២ ជាន់ទី៣ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គូស្នេហ៍ខាងលើនោះ ប្ដីដែលសម្លាប់ខ្លួនឈ្មោះ យ៉ង់ ចំរើន អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រដេរ ស៊ីថ្ងៃ(ដេរគិតជាថ្ងៃ) មានទីលំនៅផ្ទះលេខ១០៦ ផ្លូវលំ ភូមិឧត្ដុង្គ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។ ចំណែកប្រពន្ធឈ្មោះ ភ័ណ្ណ នីតា អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជាមួយគ្នា មានស្រុកកំណើតនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃអ្នកទាំង២ ស្នាក់នៅជាមួយគ្នា ក្នុងបន្ទប់ជួលកើតហេតុខាងលើ ។
ស្ត្រីម្នាក់ឈ្មោះ យ៉ង់ សុលា អាយុ៣៥ឆ្នាំ ត្រូវជាបងស្រីបង្កើតខាងប្ដី បាននិយាយថា ប្អូនប្រុសគាត់ និងប្អូនថ្លៃស្រីនេះ បានស្រលាញ់ និងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ មិនទាន់រៀបការ ហើយក៏មិនបានចូលស្ដីដណ្ដឹង ឬភ្ជាប់ពាក្យជាមួយគ្នាអ្វីឡើយ អ្នកទាំង២ បានរស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះជួលខាងលើរយៈពេល១ឆ្នាំមកហើយ ។ នៅក្នុងរយៈពេលនេះ បងប្អូនតែងតែណែនាំឲ្យពួកគេខំប្រឹងធ្វើការរកស៊ី សន្សំប្រាក់ដម្បីរៀបការតាមប្រពៃណីនៅពេលខាងមុខ ហើយបើខ្វះខាតចាំបងប្អូនជួយបំពេញបន្ថែមម្នាក់បន្តិចៗ បើចេញទាំងស្រុងគ្មានទេ ព្រោះបងប្អូនសុទ្ធតែអត់ដែរ តែប្អូនគាត់មិនសូវស្ដាប់តាមទេ ។
ស្ត្រីជាបង បាននិយាយបន្តទៀតថា ក្រោយពីការរស់នៅជាមួយគ្នា១ឆ្នាំមកនេះ មិនចុះសម្រុងនឹងគ្នាសោះ អ្នកទាំង២ ចេះតែមានភាពរកាំកូសឈ្លោះប្រកែកគ្នាជាញឹកញាប់ ព្រោះតែក្រោយពេលចេញពីរោងចក្រវិញ ប្អូនប្រុសគាត់អត់ជួយធ្វើការងារផ្ទះប្រពន្ធទេ គិតតែលេងហ្គេមផង និងធ្វើការរោងចក្រ អត់សល់លុយ ហើយតែងតែសុំលុយពួកគាត់ដែលជាបងៗ ចាយថែមទៀតផង។ មិនតែប៉ុណ្ណោះ កន្លងមកឲ្យតែពេលខឹងគ្នាម្ដងៗ ប្អូនប្រុសគាត់តែងតែគំរាមសម្លាប់ខ្លួនជាបន្តបន្ទាប់ ហើយនេះ គឺជាលើកទី២ហើយ ដែលស្លាប់តាមបំណង ខណៈលើកមុនចងម្ដងដែរ ប៉ុន្តែបានប្រពន្ធ និងក្រុមគ្រួសារជួយទាន់ ។
បងស្រីរូបនោះ បានរៀបរាប់បន្ថែមទៀតថា ដោយឡែកនៅវេលាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោយពីត្រលប់មកពីធ្វើការដេរ នៅរោងចក្រជាមួយគ្នាដល់បន្ទប់ជួលវិញ ប្អូនគាត់ទាំង២ បាននាំគ្នាចូលដេកជាមួយគ្នាធម្មតា ប៉ុន្តែក្រោយមកពុំដឹងថា ឈ្លោះគ្នារឿងអ្វីនោះទេ។ រហូតដល់វេលាម៉ោងប្រមាណជាង៥ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ (ថ្ងៃកើតហេតុ) ស្រាប់តែឃើញនាងជាប្រពន្ធចុះទៅយំ នៅបន្ទប់បងស្រីរបស់គាត់ម្នាក់ទៀតនៅជាន់ទី២ ហើយប្រាប់ថា ពួកគេឈ្លោះគ្នាទៀតហើយ ។
គាត់បានបញ្ជាក់ប្រាប់ទៀតថា ពេលឃើញស្ថានភាពប្អូនថ្លៃស្រីយំបែបនេះ គាត់ក៏បានណែនាំ កុំឲ្យឈ្លោះគ្នា និងត្រូវគិតពីអនាគតខ្លួនឯង ខំរកលុយទៅ ដើម្បីរៀបការ ហើយខ្វះខាតអីចាំបងប្អូនជួយម្នាក់បន្តិចៗ ព្រោះស្រីគេស្រីយើងដូចតែគ្នា ត្រូវតែចេះអត់ទ្រាំចាំបងប្អូនជួយ ។ ក្រោយមកប្អូនប្រុសគាត់ ក៏បានចុះទៅតាមសុំលុយប្រពន្ធមិនទាន់រៀបការនេះទិញអីហូបដែរ បន្ទាប់មក ក៏បានឡើងទៅបន្ទប់របស់ខ្លួនវិញ រួចបិទទ្វារបន្ទាប់ខ្ទាស់គន្លឹះពីខាងក្នុងជាប់ ហើយធ្វើសកម្មភាពចង.កសម្លាប់ខ្លួន ពេលនោះប្រពន្ឌ និងបងប្អូនបបានដឹង និងភ្ញាក់ផ្អើលភ្លាមៗដែរ ប៉ុន្តែជួយអត់ទាន់ ដោយសារទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុង បើកអត់បាន ទើបគាស់បង្អួចមើលឃើញប្អូនប្រុសគាត់យកខ្សែអង្រឹងចង.ក ជាប់ឥដ្ឋខ្យល់ ក្នុងបន្ទប់ស្លា.ប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែង រួចរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ និងប្រគល់ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ