ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សង្គម​ជាតិ​លើ​គ្រប់​វិស័យ ហើយ​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទោះបី​យ៉ាងណា វា​ក៏​ផ្ដល់​ផល​លំបាក​ខ្លះ​ដែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​ទើបតែ​ចាប់​ផ្ដើម​រីក​លូតលាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ។ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សង្គម​ជាតិ​លើ​គ្រប់​វិស័យ ហើយ​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទោះបី​យ៉ាងណា វា​ក៏​ផ្ដល់​ផល​លំបាក​ខ្លះ​ដែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​ទើបតែ​ចាប់​ផ្ដើម​រីក​លូតលាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ។

ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ លោក ឧកញ៉ា ហួត អៀង​តុង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ម្សិលមិញ​ថា បច្ចេកវិទ្យា​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ព្រោះ​ក្រៅពី​ផ្តល់​គុណភាព​ការងារ​ដល់​ស្ថាប័ន ហើយ ក៏​បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា ថវិកា នៅ​ពេល​ដែល​ពួក​គាត់​ត្រូវការ​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ដែរ​។ ទោះបី​យ៉ាងណា នៅ​ពេល​បច្ចេកវិទ្យា​ក្នុង​ផ្នែក​ណាមួយ​មាន​បញ្ហា ស្ថាប័ន​ប្រើប្រាស់​បច្ចេកវិទ្យា​នោះ ក៏​ខាតបង់​អត្ថប្រយោជន៍​ដែរ ។

លោក​ឧកញ៉ា​ថ្លែង​ថា ៖« បច្ចេកវិទ្យា​មាន​តួនាទី​សំខាន់​មែនទែន​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ នៅ​ពេល​បច្ចេកវិទ្យា​រីក​ចម្រើន ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់ ឬ​ធ្វើ​សេវា​ធនា​គារ​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា ថវិកា ធ្វើ​ដំណើរ​ទៅ​រក​សេវា​ដូច​ពេល​មុន​ៗ​នៅ​តាម​ទីប្រជុំជន​ទៀត​ឡើយ ប៉ុន្ដែ​កម្ពុជា​ទើបនឹង​ចាប់ផ្តើម​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ហ្នឹង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ អីចឹង យើង​ពិបាក​និយាយ​ថា បច្ចេកវិទ្យា​នេះ​បាន​ចូលរួម​ផ្តល់​ភាព​ងាយស្រួល​កម្រិត​ណា​ឱ្យ​បាន​ច្បាស់​លាស់​ទេ ហើយ​បើ​ផ្នែក​ណាមួយ​នៃ​បច្ចេកវិទ្យា​កើត​មាន​បញ្ហា​នៅ​តាម​ស្ថាប័ន​នោះ វា​នឹង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ច្រើន » ។

លោក​ឧកញ៉ា​បាន​លើក​ជា​ឧទាហរណ៍​ថា បើសិន​ប្រព័ន្ធ​ស្នូល​របស់​ធនាគារ ដែល​ដើរ​ដោយ​ប្រព័ន្ធ​ទូរគមនាគមន៍ ប្រព័ន្ធ​ទូរស័ព្ទ ខ្សែ​កា​ប្លិ៍​អុ​ប​ទិច កាលណា​វា​ខូច ឬ​ដាច់ វា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​របស់​ធនាគារ​ត្រូវ​អាក់​ដំណើរការ ជា​ហេតុ​ធ្វើ​ឲ្យ​ខាតបង់​ច្រើន ទាំង​ការ​ផ្តល់​និង​ទទួល​សេវា​ជូន​អតិថិជន ហើយ​ចំណុច​នេះ​មិន​ថា​ខាង​ថ្នាក់ដឹកនាំ​នៅ​តាម​គ្រឹះស្ថាន ឬ​ស្ថាប័ន​នានា​ទេ តែង​ព្រួយបារម្ភ និង​បាន​ចាត់វិធានការ​បង្ការ​ជា​មុន ចៀសវាង​ការ​ខាតបង់​អត្ថប្រយោជន៍ ។

យ៉ាងណា​ក៏​ដោយ លោក​ថា ៖« សព្វថ្ងៃ យើង​ឃើញ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន តួយ៉ាង ដូច​ហត្ថា​កសិករ​ជាដើម គឺ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជាមួយ​ហត្ថា​កសិករ តាម​រយៈ​ទូរស័ព្ទ​ដៃ ដូច​ជា បង់ថ្លៃ​ទឹក ភ្លើង និង​ទូទាត់​វិក្កយបត្រ​ផ្សេង​ៗ​ជាដើម » ។

លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​ថ្លែង​ថា កាលណា​បច្ចេកវិទ្យា​រីក​ចម្រើន នឹង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ដោយ​ការ​ទូទាត់​សាច់ប្រាក់​សុទ្ធ នឹង​ត្រូវ​ជំនួស​ដោយ​ការ​ទូទាត់់​តាម​រយៈ​បច្ចេកវិទ្យា ដូច​ជា ទូរស័ព្ទ​ដៃ ឬ​វី​សា​កាត​វិញ ។ ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ជាង​មុន ព្រោះ​ការ​ទូទាត់​កាន់តែ​មាន​ភាព​ងាយស្រួល ។

លោក​បន្ត​ថា ៖« ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​កំពុង​តែ​វិវត្តន៍​រីក​ចម្រើន និង​ផ្លាស់​ប្តូរ​ពី​របៀប​ទូទាត់​តាម​បែប​ប្រពៃណី មក​ទូទាត់​តាម​បែប​បច្ចេកវិទ្យា​វិញ » ។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី​អាស៊ាន​នៅ​កម្ពុជា កាលពីដើម​ឆ្នាំ​នេះ ប្រធាន​បទ​នៃ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាម​បែ​បច្ចេកវិទ្យា ត្រូវ​បាន​លើក​ឡើង និង​ផ្តោត​យ៉ាង​ស៊ីជម្រៅ ដែល​បរិបទ​ពិភពលោក បាន​ហៅ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ថា ជា​សេដ្ឋកិច្ច​បច្ចេកវិទ្យា ដែល​ជា​បដិវត្តន៍​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ដោយសារ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា ចំណេះដឹង និង​បទ​ពិសោធន៍​ថ្មី​ៗ​ពី​វិនិយោគិន និង​អ្នកជំនាញ​មក​ពី​បរទេស ដែល​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ទាំង​លើ​ទុន និង​ចំណេះដឹង ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​នានា​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ