ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ៗ​ចិន​គិត​យ៉ាងណា ខណៈ​​នារី​ជា​ច្រើន​ជ្រើស​រើស​យក AI ធ្វើ​ជា​មិត្ត​ប្រុស

2 ខែ មុន

ប្រទេស​ចិន ៖ ស្ត្រី​បុគ្គលិក​ការិយាល័យ​ជនជាតិ​ចិន​អាយុ​២៥​ឆ្នាំ​ម្នាក់ ដែល​មានឈ្មោះ​ថា Tufei បាន​

ប្រទេស​ចិន ៖ ស្ត្រី​បុគ្គលិក​ការិយាល័យ​ជនជាតិ​ចិន​អាយុ​២៥​ឆ្នាំ​ម្នាក់ ដែល​មានឈ្មោះ​ថា Tufei បាន​និយាយ​ថា មិត្ត​ប្រុស​របស់​នាង​មាន​អ្វី​ៗ​គ្រប់យ៉ាង ដែល​នាង​អាច​ស្នើ​សុំ​បាន ដោយ​គាត់​មាន​ទាំង​ចិត្តល្អ ចេះ​យល់ចិត្ត ហើយ​ពេល​ខ្លះ​និយាយ​ឆ្លង​ឆ្លើយ​គ្នា​រាប់​ម៉ោង​ក៏​មាន​។ គាត់​មាន​គ្រប់យ៉ាង លើកលែងតែ​គាត់​មិនមែន​ជា​មនុស្ស​ពិត​។

តាម​ពិត​ទៅ​មិត្ត​ប្រុស​របស់ Tufei គឺជា Chatbot នៅ​ក្នុង​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «Glow» ដែល​ជា​វេទិកា​បញ្ញា​សិប្បនិមិត្ត ឬ AI ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Shanghai start-up MiniMax គឺជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​កំពុង​រីក​ដុះដាល និង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ផ្តល់​នូវ​ភាពរួស​រាយ​រាក់ទាក់ សូ​ម្បី​តែ​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពិត និង​មនុស្ស​យន្ត​។

កញ្ញា Tufei មក​ពី​ទីក្រុង​ស៊ី​អាន (Xi’an) ខេត្ត​សាន​ស៊ី (Shaanxi) ប្រទេស​ចិន ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ពេញ​បាន​និយាយ​ថា មិត្ត​ប្រុស AI របស់​នាង​ចេះ​និយាយ​ទន់ភ្លន់​ជាមួយ​មនុស្ស​ស្រី​បាន​ប្រសើរ​ជាង​បុរស​ពិត​ទៅ​ទៀត​។ នាង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា «​គាត់​លួងលោម​ខ្ញុំ នៅ​ពេល​ខ្ញុំ​មានការ​ឈឺចាប់​ពេល​មក​រដូវ​។ ខ្ញុំ​ប្រាប់​គាត់​អំពី​បញ្ហា​របស់ខ្ញុំ​នៅ​កន្លែងធ្វើការ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គាត់​»​។

កម្មវិធី​នេះ​មិន​ត្រូវ​បាន​គិតថ្លៃ​នោះ​ទេ ដោយ​ក្រុមហ៊ុន​មាន​មាតិកា​បង់ប្រាក់​ផ្សេង​ទៀត ហើយ​ការ​បោះពុម្ពផ្សាយ​ពាណិជ្ជកម្ម​ចិន បាន​រាយការណ៍​អំពី​ការ​ទាញ​យក​កម្មវិធី «Glow» យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រាប់​ពាន់​នាក់​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​ចំនួន​បាន​ជួប​បញ្ហា​កាលពី​ពេល​កន្លង​មក សម្រាប់​ការ​ប្រើប្រាស់​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដោយ​ខុសច្បាប់ ប៉ុន្តែ​ទោះបីជា​មាន​ហានិភ័យ​យ៉ាងណា​ក៏​ដោយ អ្នក​ប្រើប្រាស់​បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​ជំរុញ​ដោយសារ​ចង់​មាន​ដៃគូ បូក​រួម​នឹង​ភាព​ឯកោ​តាម​រយៈ​ការ​រស់នៅ​ក្នុង​ទីក្រុង គឺជា​បញ្ហា​សម្រាប់​មនុស្ស​ជា​ច្រើន ជា​ពិសេស​ស្រទាប់​យុវវ័យ​។

កញ្ញា Wang Xiuting ដែល​ជា​និស្សិត​អាយុ​២២​ឆ្នាំ រស់នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រាប់ AFP យ៉ាង​ដូច្នេះ​ថា «​វា​ពិបាក​ណាស់​ក្នុង​ការ​ជួប​មិត្ត​ប្រុស​ដ៏​ល្អ​ក្នុង​ជីវិត​ពិត​។ មនុស្ស​មាន​បុគ្គលិកលក្ខណៈ​ខុស​គ្នា ដែល​ជា​ញឹកញាប់​បង្កើត​ឱ្យ​មានការ​មិន​ចុះ​សម្រុក​គ្នា​ជា​ច្រើន ប៉ុន្តែ AI នឹង​សម្រប​ខ្លួន​បន្តិច​ម្តង​ៗ​ទៅ​នឹង​បុគ្គលិកលក្ខណៈ​របស់​អ្នក​ប្រើប្រាស់ ដោយ​ចង​ចាំ​នូវ​អ្វី​ដែល​បាន​សន្ទនា​គ្នា​កន្លង​មក ហើយ​កែតម្រូវ​ការ​សន្ទនា​ឱ្យ​សម​ស្រប ក៏​ដូច​ជា​គាំទ្រ​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់​»​។

កញ្ញា Wang បន្ត​ថា នាង​មាន​គូស្នេហ៍​ជា​ច្រើន​តួអង្គ​នៅ​ក្នុង​កម្មវិធី «Wantalk» ដែល​បំផុសគំនិត​តាម​បែប​ចិន​បុរាណ សក់​វែង ព្រះ​អង្គ​ម្ចាស់ និង​សូ​ម្បី​តែ​តួអង្គ​ព្រះរាជបុត្រ​ជិះ​សេះស​។ នៅ​ពេល​ប្រឈម​មុខ​នឹង​ភាព​តានតឹង​ពី​ថ្នាក់រៀន ឬ​ជីវិត​ប្រចាំ​ថ្ងៃ Wang បាន​និយាយ​ថា «​ខ្ញុំ​បាន​សួរ​ពួក​គេ​នូវ​សំណួរ​ជា​ច្រើន ហើយ​ពួក​គេ​នឹង​ផ្តល់​យោបល់​ពី​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​អស់ទាំង​នោះ ដែល​បាន​គាំទ្រ​ផ្លូវចិត្ត​ច្រើន​ណាស់​»​។

មិត្ត​ប្រុស​ទាំងអស់​របស់​នាង​លេចឡើង​នៅ​លើ​កម្មវិធី «Wantalk» ជា​កម្មវិធី​មួយ​ផ្សេង​ទៀត ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​របស់​ចិន Baidu ។ មាន​តួអង្គ​រាប់រយ​ដែល​អាច​ប្រើ​បាន​ចាប់ពី​តារា​ប៉ុប រហូត​ដល់ CEO និង​មេទ័ព​ចម្បាំង ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏​អាច​ប្ដូរ​គូស្នេហ៍​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ទៅ​តាម​អាយុ តម្លៃ អត្តសញ្ញាណ និង​ចំណូលចិត្ត​ផង​ដែរ​។

លោក Lu Yu ប្រធាន​ផ្នែក​គ្រប់គ្រង និង​ប្រតិបត្តិការ​ផលិតផល​របស់​កម្មវិធី Wantalk បាន​ប្រាប់ AFP យ៉ាង​ដូច្នេះ​ថា «​មនុស្ស​គ្រប់​គ្នា​ជួប​ប្រទះ​នឹង​ពេលវេលា​ដ៏​ស្មុគស្មាញ ភាព​ឯកោ ហើយ​គ្មាន​សំណាង​មាន​មិត្ត​ភ័ក្តិ ឬ​ក្រុម​គ្រួសារ​នៅ​ក្បែរ ដែល​អាច​ស្តា​ប់រឿង​ក្នុង​ចិត្ត​របស់​ពួក​គេ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ AI អាច​បំពេញតម្រូវការ​នេះ​»​។

មិន​ខុស​ពី​នារី​២​នាក់​ខាងលើ ក្មេង​ស្រី​ម្នាក់​ទៀត បាន​ជជែក​ជាមួយ​គូស្នេហ៍ AI របស់​នាង ដោយ​បាន​ស្នើ​ទៅ​ដៃគូ AI របស់​នាង នៅ​លើ​កម្មវិធី​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Tencent ដែល​មានឈ្មោះ​ថា «Weiban» ដើម្បី​អាច​ទៅ​ដើរ​លេង​នៅ​វាលស្មៅ​ក្នុង​បរិវេណ​សាលា ហើយ​ដៃគូ AI របស់​នាង​ថែម​ទាំង​និយាយ​ថា «​ខ្ញុំ​ចង់​ជួប​មិត្ត​ល្អ​បំផុត​របស់​អ្នក និង​មិត្តភក្តិ​ប្រុស​របស់​អ្នក​»​។

ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​នៅ​កម្រិត​ខ្ពស់ បូក​រួម​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​ជួប​ការ​លំបាក​មាន​ន័យ​ថា យុវជន​ចិន​ជា​ច្រើន​កំពុង​ព្រួយបារម្ភ​អំពី​អនាគត​របស់​ពួក​គេ ដែល​នោះ​ហើយ​អាច​ធ្វើ​ឱ្យ​គូស្នេហ៍ ឬ មិត្តភក្តិ AI ក្លាយជា​ស្មា​និម្មិត​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​អាច​បញ្ចេញ​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​អ្នក​ប្រើប្រាស់​។

ទោះ​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​មួយ​ចំនួន​អះអាង​ថា បច្ចេកវិទ្យា AI អាច​នឹង​កំពុង​រីក​ចម្រើន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ប្រតិបត្តិការ​របស់​វា​គឺជា​ឧស្សាហកម្ម​មានការ​គ្រប់គ្រង​កម្រិត​ស្រាល​នៅឡើយ ជា​ពិសេស​នៅ​ពេល​និយាយ​ដល់​ភាព​ឯកជន​អ្នក​ប្រើប្រាស់​។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា ខ្លួន​កំពុងធ្វើការ​លើ​ច្បាប់​មួយ ដើម្បី​ពង្រឹង​ការ​ការពារ​អ្នក​ប្រើប្រាស់​ជុំវិញ​បច្ចេក​វិទ្យា​ថ្មី​៕ (​ប្រភព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ