ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន BYD វ៉ា​ដាច់ Tesla លើ​ការ​លក់​រថយន្ត​អគ្គិសនី​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​មុន

3 ខែ មុន

ចិន ៖ ក្រុមហ៊ុន​រថយន្ត​ចិន BYD បាន​លក់​រថយន្ត​អគ្គិសនី​ដាច់​ច្រើន​ជាង​ក្រុមហ៊ុន Tesla របស់​មហា

ចិន ៖ ក្រុមហ៊ុន​រថយន្ត​ចិន BYD បាន​លក់​រថយន្ត​អគ្គិសនី​ដាច់​ច្រើន​ជាង​ក្រុមហ៊ុន Tesla របស់​មហាសេដ្ឋី​អា​មេ​រិ​ក Elon Musk នៅ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៣ ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្រជែង​គ្នា​ដណ្តើម​តំណែង​កំពូល​ក្នុង​វិស័យ​មួយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​។

របាយការណ៍​ពី​ក្រុមហ៊ុន BYD កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ បាន​បង្ហាញ​ថា ខ្លួន​បាន​លក់​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ចំនួន​កំណត់​ត្រា ៥២៦,០០០​គ្រឿងក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៣ ដែល​ជា​ត្រីមាស​លើក​ទី​ដំបូង ដែល​ការ​លក់​បាន​កើន​លើស​ក្រុមហ៊ុន Tesla ប៉ុន្តែ​ទោះ​យ៉ាងណា​សម្រាប់​ឆ្នាំ ២០២៣ ទាំងមូល​ក្រុមហ៊ុន Tesla នៅ​តែ​លក់​បាន​ច្រើន​ជាង​ក្រុមហ៊ុន BYD​។

កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ ក្រុមហ៊ុន Tesla បាន​ប្រកាស​ថា ខ្លួន​បាន​លក់​រថយន្ត​អគ្គិសនី​ចំនួន ៤៨៤,៥០០​គ្រឿងក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៣ និង ១.៨​លាន​គ្រឿង សម្រាប់​ឆ្នាំ​ទាំងមូល​។ លទ្ធផល​ការងារ​ចុងឆ្នាំ​គឺ​ល្អ​ប្រសើរ​ជាង​អ្នកវិភាគ​បាន​រំពឹង​ទុក ដោយសារ​ការ​លក់​បាន​កើនឡើង ២០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០២២ ហើយ​បាន​កើនឡើង​ពី​ដើមឆ្នាំ ២០២៣​។

លោក Dan Ives អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន Wedbush Securities បាន​ពិពណ៌នា​ត្រីមាស​នេះ​ថា ជា​ការ​ឈ្នះ​យ៉ាង​ច្បាស់លាស់​សម្រាប់​ក្រុមហ៊ុន Tesla​។ ទោះ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មិន​សម្រេច​គោលដៅ​របស់​លោក Elon Musk ដើម្បី​លក់​បាន​២​លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ ២០២៣ បើ​ទោះបីជា​ក្រុមហ៊ុន​បាន​កាត់​បន្ថយ​តម្លៃ​ម្តង​ហើយ​ម្តងទៀត ដើម្បី​ព្យាយាម​ទាក់ទាញ​អ្នកទិញ​យ៉ាងណា​ក៏​ដោយ​។

លោកស្រី Susannah Streeter អ្នក​អត្ថាធិប្បាយ​ផ្នែក​ហិរញ្ញវត្ថុ​ពិភពលោក​បាន​លើក​ឡើង​ថា «​នៅ​ពេល​ក្រុមហ៊ុន BYD បាន​បង្កើន​ល្បឿន​នៅ​ក្នុង​ទីផ្សារ គឺជា​ភស្តុ​តាង​ថ្មី​នៃ​ការ​ប្រកួតប្រជែង​ទីផ្សារ​រថយន្ត​អគ្គិសនី​បាន​ក្លាយជា​ផល​ពិបាក​សម្រាប់​ក្រុមហ៊ុន Tesla»​។

សូម​ជម្រាប​ថា ពេញ​មួយ​ឆ្នាំ ២០២៣ ក្រុមហ៊ុន BYD ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សិន​ជិន (Shenzhen) ខេត្ត​ក្វា​ង​តុង (Guangdong) បាន​លក់​រថយន្ត​ថាមពល​ថ្មី ឬ NEVs ជាង​៣​លាន​គ្រឿង ដែល​រួម​មាន​រថយន្ត​អគ្គិសនី និង​រថយន្ត​កូនកាត់ ហើយ​ក្រុមហ៊ុន​អះអាង​ថា ស្ទើរតែ​១.៦​លាន​គ្រឿង​នៃ​ការ​លក់​សរុប​គឺ​រថយន្ត​អគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ