ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF ៖ AI នឹង​ប៉ះពាល់​ដល់​ការងារ​មនុស្ស ៤០% ធ្វើ​ឱ្យ​វិសមភាព​កាន់តែ​អាក្រក់

9 ខែ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​វិភាគ​ថ្មី​មួយ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បង្ហាញ​ថា

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​វិភាគ​ថ្មី​មួយ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បង្ហាញ​ថា បញ្ញា​សិប្បនិម្មិត ឬ AI ត្រូវ​បាន​កំណត់​ថា ផ្តល់​ផល​ប៉ះពាល់​ដល់​ជិត ៤០% លើ​ការងារ​ទាំងអស់​របស់​មនុស្ស​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤​។

លោកស្រី Kristalina Georgieva

លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​របស់ IMF បាន​លើក​ឡើង​ថា នៅ​ក្នុង​សេណា​រី​យ៉ូ​ភាគច្រើន AI ទំនង​នឹង​ធ្វើ​ឱ្យ​វិសមភាព​ទាំងមូល​កាន់តែ​អាក្រក់​ទៅ​ៗ​។ អ្នក​បង្កើត​គោលនយោបាយ​គួរតែ​ដោះស្រាយ​និន្នាការ​បញ្ហា ដើម្បី​ការពារ​បច្ចេកវិទ្យា​មិន​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​សង្គម​បន្ថែម​ទៀត​។

ការ​រីកសាយ​ភាយ​នៃ​បច្ចេកវិទ្យា AI បាន​ដាក់​អត្ថប្រយោជន៍ និង​ហានិភ័យ​នៅ​ក្រោម​ការ​យកចិត្តទុកដាក់ ហើយ IMF បាន​អះអាង​ថា AI ទំនងជា​នឹង​ប៉ះពាល់​ដល់​សមាមាត្រ​កាន់តែ​ច្រើន​នៃ​ការងារ​ប្រហែល ៦០% នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​។ នៅ​ពាក់កណ្តាល​នៃ​ករណី​ទាំងនេះ កម្មករ​អាច​រំពឹង​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រួម​បញ្ចូល​នៃ​បច្ចេកវិទ្យា AI ដែល​នឹង​ជួយ​បង្កើន​ផលិតភាព​របស់​ពួក​គេ​។ នៅ​ក្នុង​ករណី​ផ្សេង​ទៀត AI នឹង​មាន​សមត្ថភាព​អនុវត្ត​កិច្ចការ​សំខាន់​ៗ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រតិបត្តិ​ដោយ​មនុស្ស ដែល​អាច​កាត់​បន្ថយ​តម្រូវការ​ពលកម្ម ប៉ះពាល់​ដល់​ប្រាក់​ឈ្នួល និង​សូ​ម្បី​តែ​ការ​លុប​ចោលការ​ងារ​។

ទន្ទឹម​នឹង​នេះ IMF ព្យាករណ៍​ថា បច្ចេកវិទ្យា AI នឹង​ប៉ះពាល់​ដល់​ការងារ​ត្រឹម ២៦% ប៉ុណ្ណោះ នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប​។ លោកស្រី Kristalina Georgieva បាន​លើក​ឡើង​ថា បណ្តា​ប្រទេស​ប្រាក់​ចំណូល​ទាប​ជា​ច្រើន​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ឬ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី AI ឡើយ​។ ជាង​នេះ​ទៅ​ទៀត កម្មករ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ និង​កម្មករ​វ័យក្មេង អាច​មើលឃើញ​ការ​កើនឡើង​ដែល​មិន​សមាមាត្រ​នៃ​ប្រាក់​ឈ្នួល​របស់​ពួក​គេ បន្ទាប់​ពី​ដំណើរ​បច្ចេកវិទ្យា AI ហើយ IMF ជឿ​ថា ចំនួន​អ្នកមាន​ប្រាក់​ចំណូល​ទាប និង​កម្មករ​វ័យ​ចំណាស់​អាច​ធ្លាក់​ចុះ​។

ការ​វិភាគ​របស់ IMF កើតឡើង​នៅ​ពេល​មេដឹកនាំ​ធុរកិច្ច និង​នយោបាយ​ពិភពលោក​បាន​ជួបជុំ​គ្នា នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វី​ស​។ AI គឺជា​ប្រធានបទ​នៃ​ការ​ពិភាក្សា បន្ទាប់​ពី​ការ​កើនឡើង​នៃ​ប្រជាប្រិយភាព​កម្មវិធី​ដូច​ជា ChatGPT ។

បច្ចេកវិទ្យា AI កំពុង​ប្រឈម​មុខ​នឹង​ការ​បង្កើន​បទ​ប្បញ្ញត្តិ​ជុំវិញ​ពិភពលោក ខណៈ​ដែល​កាលពី​ខែធ្នូ ឆ្នាំ​មុន មន្ត្រី​សហភាព​អឺរ៉ុប​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​មួយ​លើ​ច្បាប់​ទូលំទូលាយ​ដំបូង​គេ​របស់​ពិភពលោក ដើម្បី​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់ AI​។ សភា​អឺរ៉ុប​នឹង​បោះ​ឆ្នោត​លើ​សំណើ​ច្បាប់ AI នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​ច្បាប់​ណាមួយ​នឹង​មិន​ចូល​ជា​ធរមាន​រហូត​ដល់​យ៉ាង​ហោច​ណាស់​ឆ្នាំ ២០២៥​។ សហរដ្ឋអាមេរិក អង់គ្លេស និង​ចិន​មិ ន​ទាន់​បាន​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ AI ផ្ទាល់ខ្លួន​របស់​ពួក​គេ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ