ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ដណ្តើម​មកុដ​ឯក Samsung ក្លាយជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ដាច់​បំផុត​លើ​ពិភពលោក

3 ខែ មុន

សហរដ្ឋអាមេរិក ៖ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា ក្រុមហ៊ុន Apple បាន​វ៉ា​ដាច់​ក្រុមហ៊ុន Samsung ជា​លើក​

សហរដ្ឋអាមេរិក ៖ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា ក្រុមហ៊ុន Apple បាន​វ៉ា​ដាច់​ក្រុមហ៊ុន Samsung ជា​លើក​ដំបូង​ក្នុង​រយៈពេល​១២​ឆ្នាំ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ដាច់​បំផុត​នៅ​លើ​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី AFP និង The Guardian ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤​។

យោង​តាម​ទិន្នន័យ​ពី​សាជីវកម្ម​ទិន្នន័យ​អន្តរជាតិ IDC ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​បង្ហាញ​ថា iPhone របស់ Apple ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​អា​មេ​រិ​ក បាន​ដណ្តើម​មកុដ​ឯក​របស់ Samsung ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​ឆ្នាំ ២០២៣ ជាមួយ​ការ​លក់ដាច់​រហូត​ដល់ ២៣៤.៦​លាន​គ្រឿង បើ​ធៀប​ទៅ​នឹង​ក្រុមហ៊ុន Samsung ដែល​លក់​បាន​ត្រឹម ២២៦.៦​លាន​គ្រឿង​។

របាយការណ៍​របស់ IDC អះអាង​ថា ក្រុមហ៊ុន Apple បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ ២០.១% នាំមុខ​ក្រុមហ៊ុន Samsung ដែល​មាន​ត្រឹម ១៩.៤%​។ អ្នកវិភាគ​មក​ពី​ក្រុម​តាមដាន​ទីផ្សារ​ដែល​តាមដាន​យ៉ាង​ដិត​ដល់​បាន​លើក​ឡើង​ថា ការ​កើនឡើង​របស់​ក្រុមហ៊ុន Apple គឺ​ដោយសារ​ភាព​ជោគជ័យ​នៃ​ឧបករណ៍​ទំនើប​ៗ ដូច​ជា iPhone ជាដើម​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ពួក​គេ​ក៏​បាន​ចង្អុលបង្ហាញ​ពី​ទីផ្សារ​ដែល​បែកបាក់​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ស្មា​ត​ហ្វូ​ន ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​លើក​ឡើង​ពី​គូប្រជែង Samsung កម្រិត​ទាប​ដូច​ជា​ក្រុមហ៊ុន​ចិន Transsion និង Xiaomi ក៏​ដូច​ជា Honor និង​ក្រុមហ៊ុន​អា​មេ​រិ​ក Google ។

IDC បន្ថែម​ថា ភាព​ជោគជ័យ​នៃ​ការ​ផ្តល់​ជូន​ដែល​ទទួល​បាន​យ៉ាង​ល្អ​របស់​ក្រុមហ៊ុន Huawei នៅ​ក្នុង​ប្រទេស​ចិន​ក៏​មាន​ឥទ្ធិពល​លើ​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​របស់​ក្រុមហ៊ុន Samsung ផង​ដែរ​។ ទិន្នន័យ​លក់​បាន​កើតឡើង​មុន​ការ​ចេញ​លក់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី Galaxy S24 ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Samsung ក្នុង​ព្រឹត្តិការណ៍​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤​។

យ៉ាងណាមិញ ប្រភព​ពី IDC បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ពិភពលោក​បាន​ធ្លាក់​ចុះ ៣.២% មក​នៅ​ត្រឹម ១.១៧​ពាន់​លាន​គ្រឿងក្នុង​ឆ្នាំ ២០២៣ ទោះបីជា​ក្រុម​នេះ​ធ្លាប់​បាន​អះអាង​ថា ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​កំពុង​ងើបឡើង​វិញ​យ៉ាងណា​ក៏​ដោយ​។ សេចក្តីថ្លែងការណ៍​មួយ​របស់ IDC បានឱ្យ​ដឹង​ថា កំណើន​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ បាន​ពង្រឹង​ការ​ងើបឡើង​វិញ​ដែល​រំពឹង​ទុក​សម្រាប់​ឆ្នាំ ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ