ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមលើផ្នែកសុវត្ថិភាពលំនៅដ្ឋាន ដែលកំពុងតែចោទឡើងនៅក្នុងជីវភាពប្រចាំថ្ងៃដូចជា ៖ បញ្ហាចោ.រក.ម្ម ការគា.ស់ផ្ទះ និងសន្សំសំចៃថាមពល យុវជនខ្មែរមួយ ក្រុមកំពុងតែសិក្សា ហើយឈានដល់ដំណាក់ការអភិវឌ្ឍន៍ប្រព័ន្ធលំនៅដ្ឋានវ័យឆ្លាតមួយចេញកំពុងតែដាក់សាកល្បង ។

យុវជន ជៀន លីហ័រ អាយុ២២ឆ្នាំ គឺជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ហើយក៏ជាសមាជិកនៃក្រុម E-Robot បានប្រាប់ឱ្យកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព ដឹងថា «សព្វថ្ងៃ បច្ចេកវិទ្យាមានការរីកចម្រើនលឿនមែនទែន ជាពិសេសវិស័យរ៉ូបូត ហើយក៏ជាផ្នែកមួយជំរុញឱ្យកម្ពុជាឈានទៅរកឧស្សាហកម្ម ៤.០ គឺរ៉ូបូត ដើរតួយ៉ាងសំខាន់នៅក្នុងវិស័យមួយនេះ ហើយការជ្រើសរើសសិក្សាលើគម្រោងលំនៅដ្ឋានវ័យឆ្លាតដែលគេហៅថា ស្មាតហូមនេះមក គឺដើម្បីផ្តល់សុវត្ថិភាពនៅតាមលំនៅដ្ឋានជូនពលរដ្ឋទូទៅ»។

យុវជន ជៀន លីហ័រ បានបន្តថា «វាគឺជាបច្ចេកវិទ្យាដែលប្រទេសយើងកំពុងតែត្រូវការចាំបាច់ មែនទែន។ អ៊ីចឹង យើងយកវាមកបញ្ចូលគ្នាហើយ គឺធ្វើឡើងដើម្បីឱ្យថ្ងៃខាងមុខទៀត មានការអភិវឌ្ឍន៍បែបនេះទៀត ឬមួយក៏មានគំនិត ការបង្កើតថ្មីដាក់បញ្ចូលជាមួយនឹងស្មាតហូម ជាមួយនឹង AI ទៅក្នុងជីវិ.តពិត ឬក៏ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងនៅក្នុងសង្គមរបស់យើង»។

យុវជន ជៀន លីហ័រ បន្តថា «សព្វថ្ងៃ ការបង្កើតឡើងនូវរ៉ូបូតជាច្រើនរបស់ក្រុមប្អូនបង្កើតឡើងក្នុងគោលបំណងសិក្សា ដែលរ៉ូបូតទាំងអស់ចែកចេញជា៣ប្រភេទ គឺស្មាតហូម RC Car និងឧបករណ៍សម្រាប់ដាក់តាំងបង្ហាញក្មេងៗនៅតាមបណ្តាខេត្ត ដែលក្រុមយុវជននេះ ចុះទៅបង្រៀន»។
យុវជន ជៀន លីហ័រ បន្ថែមថា «តាមការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗនៅក្នុងសង្គមយើង អាចបង្កើត concept មួយ ដែលជាការបង្កើតថ្មីឱ្យទៅអ្នកជំនាន់ក្រោយ ដែលគាត់អាចនឹងយកគំនិតទាំងនេះ ទៅគិតបន្តទៀត។ វានឹងអាចជួយដល់សង្គមជាតិយើង និងអភិវឌ្ឍន៍ទៅជាស្មាតហូម ឬមួយក៏ស្មាតស៊ីធី។ អាចនឹងធ្វើឱ្យវិស័យបច្ចេកវិទ្យា ដែលទាក់ទងជាមួយនឹងស្ថាបត្យកម្មរបស់យើងក៏រីកចម្រើន វិស័យបច្ចេកវិទ្យារ៉ូបូត របស់យើងក៏រីកចម្រើន អ៊ីចឹងវាក៏អាចធ្វើឱ្យសង្គមជាតិយើង ឆាប់រីកលូតលាស់ជាមួយនឹងវិស័យមួយនេះ»។

យុវជន ជៀន លីហ័រ បន្ថែមថា «គម្រោងស្មាតហូម ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សន្តិសុខសង្គម លើប្រព័ន្ធសន្តិសុខ សុវត្ថិភាពជាចម្បង ហើយធ្វើឱ្យក្លាយជាផ្ទះឆ្លាតវៃ ដែលជាឧទាហរណ៍ ៖ វាជួយឱ្យយើងដឹងនៅពេលដែលយើងមិននៅផ្ទះ យើងភ្លេចបិទអគ្គិសនី មានចោ.រចូលលួ.ច ឬក៏មានសកម្មភាពណាមួយមិនប្រក្រតីនៅក្នុងផ្ទះយើង។ យើងអាចប្រាប់ ឬបញ្ជាពីចម្ងាយ ហើយទាំងនេះជាអ្វីដែលសង្គមយើងត្រូវការ និងពេញនិយម»។
យុវជន ជៀន លីហ័រ បន្ថែមថា «បើនិយាយពីគោលដៅសម្រាប់ប្រជាជនខ្មែរ ដែលអាចមានសមត្ថភាពបំពាក់បាននូវគម្រោងស្មាតហូមនេះបាន គឺស្ថិតនៅក្នុងស្ថានភាពជីវភាពមធ្យមឡើងទៅហើយ ប្រសិនបើពួកគាត់មានផ្ទះផ្ទាល់ខ្លួន ឬខុនដូ គាត់អាចបំពាក់នូវបច្ចេកវិទ្យាស្មាតហូមនេះបាន»។
យុវជន ជៀន លីហ័រ បន្ថែមថា «ពួកខ្ញុំមិនទាន់បានគិតទាក់ទងជាមួយនឹងការបំពាក់ប្រព័ន្ធនេះទេ ដោយសារតែនេះគ្រាន់តែជា concept គំនិតមួយថ្មី ហើយក៏ជា prototype មួយ ដែលយើងគិតថា វានឹងអាចកើតឡើងនៅក្នុងសង្គមជាតិ យើងនៅថ្ងៃណាមួយ»៕
អត្ថបទដោយ ៖ ស នីត

ចែករំលែកព័តមាននេះ