ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​មុខ​មិន​ងាក​ក្រោយ​! iPhone របស់ Apple គឺជា​ស្មា​ត​ហ្វូ​ន​លក់ដាច់​បំផុត​គ្រប់ពេល

2 ខែ មុន

សហរដ្ឋ​អាម៉េរិក ៖ iPhone របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ​របស់​អាម៉េរិក Apple បាន​ក្លាយជា​ស្មា​ត​

សហរដ្ឋ​អាម៉េរិក ៖ iPhone របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ​របស់​អាម៉េរិក Apple បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត​គ្រប់ពេល (Best-selling smartphone of all time) ជាមួយនឹង​ចំនួន​លក់​រាប់​ពាន់​លាន​គ្រឿង និង​អ្នក​ប្រើប្រាស់​សកម្ម​នៅ​ទូ​ទាំង​ពិភពលោក​។

យោង​តាម​របាយការណ៍​គេហទំព័រ​ព័ត៌មាន​ទីផ្សារ Visual Capitalist បាន​បង្ហាញ​ថា នៅ​ក្នុង​ចំណោម​ទូរ​សព្ទ​ដៃ​ដែល​លក់ដាច់​បំផុត​ទាំង ១៥ គ្រប់ពេល នៅ​ក្នុង​នោះ iPhone 6 ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៣ ជាមួយនឹង​ការ​លក់​ចំនួន ២២២​លាន​គ្រឿង ដោយ​ឈរ​ពីក្រោយ​ទូរ​សព្ទ​ដែល​មិនមែន​ស្មា​ត​ហ្វូ​ន Nokia 1100 និង 1110​។ លើស​ពី​នេះ iPhone ម៉ូ​ដែល​ផ្សេង​ទៀត​ក៏​បាន​កាន់កាប់​ចំណាត់ថ្នាក់​ចំនួន​៦​បន្ថែម​ទៀត នៅ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់ Visual Capitalist ។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Apple បាន​ទម្លាក់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Samsung ដែល​ជា​អ្នកលក់​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ ដោយ​បញ្ចប់​រជ្ជកាល​រយៈពេល​១២​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNBC ។ នៅ​ឆ្នាំ ២០២៣ ក្រុមហ៊ុន Apple លក់ iPhone បាន​រហូត​ដល់ ២៣៦.៤​លាន​គ្រឿង លើស​ក្រុមហ៊ុន Samsung ដែល​លក់​បាន​ត្រឹម ២២៦.៦​លាន​គ្រឿង ហើយ​នេះ​គឺជា​ការ​លើក​ដំបូង​របស់​ក្រុមហ៊ុន Apple ដែល​ឈានមុខ​គេ​នៅ​ក្នុង​បរិមាណ​លក់​។

រហូត​មក​ដល់​ពេល​នេះ ការ​លក់ iPhone របស់​ក្រុមហ៊ុន Apple បាន​កើន​លើស ២.៣​ពាន់​លាន​គ្រឿង ហើយ​ស្មា​ត​ហ្វូ​ន​នេះ​មាន​អ្នក​ប្រើប្រាស់​សកម្ម​ជាង ១.៥​ពាន់​លាន​នាក់ ដែល​ស្មើនឹង ២១.៦៧% នៃ​ចំនួន​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ពិភពលោក ដូចដែល​បាន​រាយការណ៍​ដោយ​ក្រុមហ៊ុន Demand Sage ដែល​ជា​អ្នក​ផ្តល់​ដំណោះស្រាយ​ទិន្នន័យ និង​វិភាគ​ទីផ្សារ​។

កាលពី​ថ្មី​ៗ​នេះ CNBC ដែល​ជា​បណ្ដាញ​ព័ត៌មាន និង​គេហទំព័រ​ព័ត៌មាន​អាជីវកម្ម​មូលដ្ឋាន​របស់​អាម៉េរិក​បាន​ចេញផ្សាយ​អត្ថបទ​ខ្លី​មួយ​ថា iPhone របស់​ក្រុមហ៊ុន Apple ត្រូវ​បាន​ប្រកាស​ជា​លើក​ដំបូង​ដោយ​លោក Steve Jobs កាលពី​ខែមករា ឆ្នាំ ២០០៧​។ នៅ​ថ្ងៃនេះ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ក្រុមហ៊ុន​មាន​អ្នក​ប្រើប្រាស់​សកម្ម​ជាង​១.៥​ពាន់​លាន​នាក់ និង​គ្រប់គ្រង ៥៣% នៃ​ចំណែក​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។

ការ​បើក​ដំណើរការ App Store ឆ្នាំ ២០០៨ គឺជា​របត់​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន ហើយ​ឥឡូវនេះ Apple បាន​វ៉ា​ដាច់ Samsung ក្នុង​នាម​អ្នក​នាំមុខ​គេ​លើ​ការ​លក់​ស្មា​ត​ហ្វូ​ន​របស់​ពិភពលោក​ជា​លើក​ដំបូង​។ CNBC ស្វែង​យល់​ពី​របៀប​ដែល iPhone ក្លាយជា​ផលិតផល​ដែល​លក់ដាច់​បំផុត​គ្រប់ពេល​៕ (​ប្រភព ៖ CNBC និង VNExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ