ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍​ដាំ​ដំណាំ​​ស្ពៃខៀវ

13 ឆ្នាំ មុន

បងស្រី​​ហៃ លាង​យន រស់នៅ​​ភូមិវត្ត​​កណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ​គាត់មានបទពិសោធន៍​​ដាំ​ដុះ​​ដំណាំ​ជា​ច្រើន​​ប្រភេទ​ដូចជា ត្រសក់ ខ្ទឹម ​សណ្តែក​ ម្ទេស​ ល្ហុង ត្រាវ អំពៅ ស្ពៃខៀវ ស្ពៃ​ក្តោប ​ស្ពៃក្រញាញ់ ​ខាត់​ណា​ផ្កា ខាត់ណា​ស្លឹក​ជាដើម ។ បទ​ពិសោធន៍​​នេះ គាត់​​ចេះ​​តាម​ឪពុក​ម្តាយរបស់​គាត់​តាំង​ពី​បុរាណ​មក ។ ក្នុង​មួយ​រដូវ​​១,៥​ខែ គាត់​ទទួល​បាន​ប្រាក់​ចំណេញ​​ជាង​២លានរៀល ។

បងស្រី​​ហៃ លាង​យន រស់នៅ​​ភូមិវត្ត​​កណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ​គាត់មានបទពិសោធន៍​​ដាំ​ដុះ​​ដំណាំ​ជា​ច្រើន​​ប្រភេទ​ដូចជា ត្រសក់ ខ្ទឹម ​សណ្តែក​ ម្ទេស​ ល្ហុង ត្រាវ អំពៅ ស្ពៃខៀវ ស្ពៃ​ក្តោប ​ស្ពៃក្រញាញ់ ​ខាត់​ណា​ផ្កា ខាត់ណា​ស្លឹក​ជាដើម ។ បទ​ពិសោធន៍​​នេះ គាត់​​ចេះ​​តាម​ឪពុក​ម្តាយរបស់​គាត់​តាំង​ពី​បុរាណ​មក ។ ក្នុង​មួយ​រដូវ​​១,៥​ខែ គាត់​ទទួល​បាន​ប្រាក់​ចំណេញ​​ជាង​២លានរៀល ។
១-​ការ​រៀបចំដី និងការដាំ
ចំពោះ​ដី​សំរាប់​ដាំ​ស្ពៃ​ខៀវ គាត់បានធ្វើ​​ការ​ភ្ជួរ​រាស់​ឱ្យ​​រាប​ស្មើ និង​ម៉ដ្ឋ​ល្អ រើស​ស្មៅ​​ចេញ​ឱ្យ​អស់​ រួច​​ដាក់​​ជីទ្រាប់បាត ដូចជា ជីអាចម៍គោ ។ បន្ទាប់មក​ គាត់​លើ​ក​ជា​រង ដែល​​មានទទឹង​​ពី​១ ទៅ​១,២​ម៉ែត្រ កំពស់​​២ទឹក បណ្តោយ​ទៅ​តាម​ទំហំ​ដី និង​ចន្លោះ​ពីរង​មួយ ទៅ​មួយ​​០,៥ម៉ែត្រ ។
គាត់​មិន​​បានធ្វើ​ការ​សាប​កូនទេ គឺ​គាត់​ព្រោះ​​គ្រាប់​យក​តែ​ម្តង​​ ដោយយក​គ្រាប់​​លាយ​ជា​មួយ​​ផេះ ដើម្បីសាប​ឱ្យ​​បានស្មើ​ល្អ ។ ក្រោយពី​​ព្រោះ​គ្រាប់​រួចហើយ គាត់បាន​យកចំបើង​គ្របពី​លើ ដើម្បីការពារ​សត្វ​ល្អិត​​ចង្រៃ និង​ជំងឺ​ផ្សេងៗ ។ រួច​ស្រោចទឹក​​មួយថ្ងៃ​​២ដង ព្រឹក​ម្តង និង​ល្ងាច​ម្តង។ ​ក្រោយពី​​ព្រោះគ្រាប់​បាន​១សប្តាហ៍ គាត់បាន​ដក​​ចំបើង​ចេញវិញ​ ហើយ​នៅពេល​ដែលស្ពៃដុះ​​បាន​​រយៈ​ពេល​​ពី​​១៥​ទៅ​២០​ថ្ងៃ គាត់​ចាប់ផ្តើម​​​ធ្វើ​ការ​​ដក​រំលោះ​​កូនស្ពៃ ដោយទុក​តែ​កូន​ស្ពៃ​ណា​​ដែល​​ថ្លោស​ល្អ​ និង​រក្សា​ចំងាយពី​ដើម​​មួយ ទៅ​​មួយប្រវែង​​​២​តឹក ។​
២-​ការថែទាំ
ចំពោះការថែទាំ គាត់នៅ​តែបន្ត​ការ​ស្រោច​​ទឹក​មួយថ្ងៃ​​២ដង​ដដែល​ ។ រហូត​ដល់​ស្ពៃ​ធំ គាត់​បន្ថយ​​ការ​ស្រោច​ទឹក​​នៅមួយ​ថ្ងៃ​​ម្តង​។ បន្ទាប់​ពីធ្វើ​ការ​​រំលោះ​កូនស្ពៃ​រួច​មក គាត់​ចាប់​ផ្តើម​​ធ្វើ​ការ​​ដក​ស្មៅ​ជ្រុំ​គល់ និង​ដាក់ជីបំប៉ន​​បន្ថែម​​លើ​ដំណាំ​ដោយ​ប្រើ​​ជីអ៊ុយរ៉េ១​ស្លាបព្រា​ លាយទឹក​​​១ប៉ោត  ស្រោច​បន្ថែម​​ជួយ​ដល់​ការ​លូត
លាស់ ។ ចំពោះ​ជី​ធម្មជាតិ (លាម​ក​សត្វ​​គាត់ដាក់​ទ្រាប​់បាត​​រង​តែ​ម្តង​ប៉ុណ្ណោះ) ។​
ចំពោះសត្វ​ល្អិត​​ដែលបំផ្លាញ​​ដំណាំ​មាន​ដូច​​ជា សត្វ​ទៀកគូ ដង្កូវ​ស៊ីត្រួយ​ ដង្កូវ​ស៊ីស្លឹក ដង្កូវ​​យោ​ល​ទោង ។ រី​ឯជំងឺ​ដែលគាត់​​ធ្លាប់ជួប​ប្រទះ​​មាន​​ដូចជា ក្រា​ភ្លើង ក្រហមបណ្តូល ​និង​របួស​ត្រួយ។ ចំពោះ​វិធានការ​​កំចាត់​គឺ​គាត់​ឧស្សាហ៍​ចុះត្រួត​ពិនិត្យ​​ចាប់​ដង្កូវ និង​ដក​ដើមដែល​មាន​ជំងឺ​ចោល។
ការប្រមូល​ផល​
គិតពី​​ដាំ​ រហូត​ដល់​ប្រមូល​ផល​មាន​រយៈ​ពេល​​៤០​ទៅ​​៥០ថ្ងៃ ។ ដោយគាត់​ធ្វើ​ការ​​កាត់​ត្រឹម​​​គល់​ស្ពៃ​ ហើយ​​ប្រមូល​ផលតែ​​១សា ទាំង​អស​់តែ​ម្តង។ ដោយ​មិនបាន​ទុក​ពូជទេ នៅរដូវ​ក្រោយ​គាត់​នឹងទិញ​​ពូជ​ពី​ផ្សារ​មក​ដាំ​​ទៀត ។
ក្នុងនោះ​គាត់ចំណាយ​​ទៅលើពូជ​​អស់​​១គីឡូ​ក្រាម​​តំលៃ​​២២.០០០​រៀល ​ជីគីមី​​១០គីឡូក្រាម អស់​​​ប្រាក់​ចំនួន​៦០.០០០​រៀល បូមទឹក​អស់​​១១០.០០០​រៀល ​សរុប​ចំណាយ​​អស់ប្រាក់​ចំនួន​១៩២.០០០​រៀល ​។ បើទូ​ទាត់​​លើ​ការ​ចំណាយ​ក្នុង​​រដូវ​​ដាំ​ដុះ​រយៈ​ពេល​​១,៥​ខែ គាត់​ទទួលបាន​ប្រាក់ចំណេញ​​សុទ្ធ​​២.១៥៨.០០០​រៀល ។
សរុប​មក បច្ចេក​ទេស​សំខាន់ៗ​ក្នុងការ​ដាំ​ស្ពៃ​មាន ៖
-​ភ្ជួរ​រាស់​​​ដោយ​កៀរ​ឱ្យ​ស្មើល្អ ទើប​លើក​​​ជា​រង​ដាំ
-ព្រោះ​​គ្រាប់​លើ​រង ដោយយកគ្រាប់​​លាយ​ជា​មួយ​ផេះ ហើយសាប​គ្រាប់​ឱ្យបានស្មើ​ល្អ
-​យក​ចំបើង​គ្រប​ពី​លើ​គ្រាប់ ដែល​​ទើប​ព្រោះ​​នោះ ​​​​ដើម្បី​កុំ​ឱ្យ​ខ្ទាត​​គ្រាប់​នៅពេលស្រោច​ទឹក
-​នៅពេលកូនស្ពៃ​ដុះ ត្រូវដក​​​កូនចេញ​ខ្លះ ដោយ​ទុក​តែកូន​ស្ពៃ​​ដែលថ្លោស​ល្អ និង​ទុ​ក​ចន្លោះ​​ពីដើម​​មួយទៅ​មួយ​​ប្រវែង​២តឹក
-​ធ្វើ​ការ​ថែ​ទាំ​​ដកស្មៅ ​ជាពិសេស​នៅពេល​កូន​ស្ពៃ​នៅ​តូច​​​
-​ដាក់​​ជីលាមក​​សត្វទ្រាប់​​បាតរង និងស្រោច​ទឹក​បំប៉ន​តាមការ​កំណត់​​​ឱ្យ​បានត្រឹមត្រូវ​ ៕​ (ដកស្រង់ចេញពីទស្សនាវដ្តីកសិករ)