ខេត្តមណ្ឌលគិរី ៖ ស្ពៃក្តោបជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែល្បីៗប្រចាំខេត្តមណ្ឌលគិរីដទៃទៀត ដូចជាការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ស្ពៃបូកគោ ខាត់ណា ដែលប្រជាកសិករក្នុងខេត្តមណ្ឌលគិរី និយមចូលចិត្តដាំ ដ្បិតមានទីផ្សារល្អនិងតម្លៃសមរម្យ អាចបង្កើនជីវភាពពួកគាត់ឱ្យបានល្អប្រសើរ ។
កត្តាដីមានជីវជាតិ អាកាសធាតុអំណោយផល ប្រភពទឹកគ្រប់គ្រាន់ និងបច្ចេកទេសដាំដុះត្រឹមត្រូវ បន្លែស្ពៃក្តោបក្នុងខេត្តមណ្ឌលគិរី ហាក់បីដូចជាមានរសជាតិផ្អែមស្រួយ ខុសពីតំបន់ដទៃៗទៀតក្នុងប្រទេសកម្ពុជា រហូតដល់មហាជនលាន់មាត់ថា បើទៅលេងខេត្តមណ្ឌលគិរីហើយមិនបានសាកទទួលទានស្ពៃក្តោបដែលដាំដុះផ្ទាល់នៅទីនោះ ហាក់ដូចមិនបានទៅលេងមណ្ឌលគិរី
អ៊ីចឹង ។
ប្រជាកសិករលោក ភិន ផន អនុប្រធានសហគមន៍បន្លែសុវត្ថិភាពកសិកម្មសាមគ្គីមនោរម្យ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានឱ្យដឹងថា ដើម្បីអាចផ្គត់ផ្គង់បន្លែមានសុវត្ថិភាពជូនដល់អតិថិជន កសិករដែលអាស្រ័យការដាំដុះបន្លែនៅក្រុងសែនមនោរម្យ បានប្រមូលផ្តុំគ្នាចងក្រងជាសហគមន៍មានសមាជិកជាច្រើនគ្រួសារ នាំយកបន្លែដែលគ្មានផលប៉ះពាល់ដល់សុខភាពសម្រាប់បំពេញតម្រូវការទីផ្សារ ។
ជាទូទៅ ដំណាំស្ពៃក្តោប គេអាចដាំបានដោយមិនប្រកាន់រដូវ ប៉ុន្តែបើមានភ្លៀងធ្លាក់ច្រើនអាចថយបរិមាណទទួលផល ចំណែកតម្លៃលក់ដុំនិងរាយ ការបញ្ជាទិញមួយគីឡូក្រាមមានតម្លៃចាប់ពីជាង បួនពាន់រៀល ទៅប្រាំមួយពាន់រៀល អាស្រ័យតាមរដូវកាលប្រមូលផល ។
លោក សេង សៅ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងថា ប្រជាកសិករដាំបន្លែស្ពៃក្តោប ក្នុងខេត្តមណ្ឌលគិរី អាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្តនិងផ្គត់ផ្គង់ក្នុងផ្សារទំនើបក្នុងរាជធានីភ្នំពេញ ក៏ដូចតាមបណ្តាខេត្តមួយចំនួនផងដែរ ។
លោក សេង សៅ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ ការងារបង្កបង្កើនផលដំណាំសាកវប្បកម្មបន្លែ ល្ហុង ឪឡឹក ម្នាស់ ស្វាយ ទុរេន ប័រ ក្រូចវល្លិ៍ និងស្រកានាគ អនុវត្តបានសរុបចំនួន ២ ៤១២ហិកតា កើនលើសឆ្នាំ២០២៣ ចំនួន៦៣ហិកតា និងមានទិន្នផលមធ្យម១២តោនក្នុងមួយហិកតា ស្មើបរិមាណផលសរុប២៧៦០៨តោន ។
ដោយសារដំណាំស្ពៃក្តោបនៅខេត្តមណ្ឌលគិរី មានឱជារសផ្អែមស្រួយឆ្ងាញ់បែបធម្មជាតិ ល្បីល្បាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែបញ្ជាទិញយកទៅទទួលទានស្ទើរគ្រប់គ្នាៗ ។
ការចាប់អារម្មណ៍និងចលនាគាំទ្រផលិតផលក្នុងស្រុកពីសំណាក់មហាជន ជាពិសេស ប្រជាកសិករដាំបន្លែផ្សេងៗគ្រប់ប្រភេទក្នុងខេត្តមណ្ឌលគិរីនិយាយជារួម និងនិយាយដោយឡែក បន្លែស្ពៃក្តោប គឺធ្វើឲ្យជីវភាពពួកគាត់ដែលជាកសិករ បានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ