សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាក្លិនខ្លួនមិនមែនកើតឡើងតែដោយសារការមិនសម្អាតកាយនោះទេ ប៉ុន្តែវាបង្កឡើងដោយកត្តាសំខាន់ ២ គឺការលាយឡំគ្នារវាងញើសជាមួយបាក់តេរីនៅលើស្បែក និងការបញ្ចេញញើសពីក្រពេញពិសេសនៅតាមក្លៀក កំប៉េះគូទ និងក្រោមដើមទ្រូង ដែលមានសភាពស្អិត និងមានក្លិនខ្លាំងជាងញើសធម្មតា។ ប្រសិនបើអ្នកមានអារម្មណ៍ថាផលិតផលបំបាត់ក្លិនយកមិនឈ្នះ នោះអាចមកពីមូលហេតុទាំងនេះ៖
ការញ៉ាំ អាហារដែលមានរសជាតិហឹរខ្លាំង ឬគ្រឿងទេសច្រើន ដូចជាខ្ទឹមស ខ្ទឹមក្រហម ការី និងផ្លែឈើមានជាតិស្ពាន់ធ័រ (ទុរេន ស្អំ) គឺជាកត្តាចម្បងដែលធ្វើឱ្យញើសមានក្លិនឆួលខ្លាំង។ ជាមួយគ្នានេះ ការញ៉ាំសាច់ក្រហម (សាច់គោ) និង អាហារបំពងដែលមានជាតិខ្លាញ់ខ្ពស់ ក៏ជំរុញឱ្យក្រពេញញើសធ្វើការខ្លាំងខុសធម្មតាផងដែរ។ ចំពោះអ្នកដែលមាន ទម្ងន់លើសស្តង់ដា តែងមានក្លិនខ្លួនខ្លាំងជាងមនុស្សស្គម ដោយសារមានកន្លែងផ្អាប់ញើសច្រើនតាមផ្នត់សាច់ និងក្រពេញញើសបញ្ចេញមកច្រើនជាងមុន។ មូលហេតុចុងក្រោយគឺ ការប្រើផលិតផលបំបាត់ក្លិនមិនត្រូវនឹងរាងកាយ ដែលពេលខ្លះការប្រើរ៉ូលអនមិនមានប្រសិទ្ធភាព អ្នកអាចសាកល្បងប្តូរមកប្រើស្ព្រៃយ៍ ឬប្រើជូរសាច់ធម្មតាបែបបុរាណវិញ។
ដើម្បីដោះស្រាយបញ្ហានេះក្នុងជីវិតប្រចាំថ្ងៃ អ្នកគួរជ្រើសរើស សម្លៀកបំពាក់ដែលខ្យល់ចេញចូលបានល្អ និងមិនតឹងពេក ជាពិសេសត្រង់ក្លៀក និងក្រលៀន។ ការឧស្សាហ៍ ដុសខាត់ស្បែក ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ នឹងជួយជម្រុះកោសិកាចាស់ៗ និងបាក់តេរីដែលកកស្ទះ។ ប្រសិនបើអ្នកដឹងខ្លួនថាជាមនុស្សចេញញើសច្រើន គួរត្រៀមក្រដាសសើមសម្រាប់ជូតសម្អាតតាមក្លៀក ឬក្រោមទ្រូងនៅចន្លោះពេលថ្ងៃ រួចទើបប្រើផលិតផលបំបាត់ក្លិនបន្ថែម។ អ្វីដែលសំខាន់បំផុត គឺត្រូវបោកគក់សម្លៀកបំពាក់ឱ្យបានស្អាតល្អ និងជៀសវាងការស្លៀកពាក់ដដែលៗដែលសើមជោកដោយញើសពីថ្ងៃមុន៕
ចែករំលែកព័តមាននេះ