កសិករចិញ្ចឹមកង្កែប អាចរកចំណូលក្នុង១ខែ រហូតដល់២លានរៀល
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ប្រជាកសិករអ្នកប្រកបមុខរបរចិញ្ចឹមកង្កែបសប្បាយរីករាយដោយកង្កែបមានទីផ្សារ និងមានតម្លៃថ្លៃគួរសម ជាពិសេសកង្កែបងាយស្រួលចិញ្ចឹម គ្មានជម្ងឺ ហើយយើងអាចចិញ្ចឹមយកសាច់និងភ្ញាស់កូនលក់ក៏បាន បើគិតជាមធ្យមការចិញ្ចឹមកង្កែបអាចរកប្រាក់ចំណូលក្នុង១ខែចាប់ពី១លានរៀលទៅ២លានរៀល។
បើតាមស្ត្រីអ្នកចិញ្ចឹមកង្កែបម្នាក់នៅភូមិអូរសាង៉ាំ ឃុំដូនសរស្រុកស្វាយជ្រំ បានប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី៥មិនា២០២៥នេះថា ការចិញ្ចឹមកង្កែបរបស់គាត់គឺទទួលបានជោគជ័យ ដោយកង្កែបមានទីផ្សារ មានម៉ូយមកទទួលទិញ ដល់ផ្ទះ កង្កែបសាច់ បើលក់មិនដាច់ក៏អាចលក់បាន១០គីឡូដែរក្នុង១ថ្ងៃ បើគិតជាមធ្យមអាចលក់បានពី១០គីឡូទៅ៣០គីឡូក្នុង១ថ្ងៃ ហើយក្នុង១គីឡូលក់បាន១ម៉ឺនរៀល ក៏ប៉ុន្តែបើសម្បូ ក៏លក់បាន១គីឡូ៥ពាន់រៀលទៅ៦ពាន់រៀលដែរ។
ស្ត្រីរូបនេះបន្តទៀតថា នៅរដូវប្រាំងនេះ មុខរបរចិញ្ចឹមកង្កែប បានតែលក់សាច់ទេ មិនទាន់បានលក់កូនទេ ដោយវត្តនៃកង្កែប ក្នុង១ឆ្នាំអាចភ្ញាស់កូនបានតែ២ទី៣ដងប៉ុណ្ណោះ ហើយបើនៅរដូវដើមឆ្នាំមានភ្លៀងធ្លាក់ទើបយើងរៀបចំភ្ញាស់ពងកូនកង្កែបបាន ដូច្នេះនៅរដូវវស្សាមានធ្លាក់ភ្លៀងទើបមានកូនកង្កែបលក់។ប្រភពបន្តថា ជាទូទៅពេលកង្កែបសាច់សំម្បូរធ្លាក់ថ្លៃ គាត់មិនលក់ទេ គឺត្រូវស្តុកកង្កែបទុក ត្រូវចំណាយលើចំណីច្រើនបន្តិច ទុកដល់រដូវប្រាំងទើបលក់ជាពិសេសកង្កែបរដូវប្រាំង មានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែនៅចាញ់រស់ជាតិកង្កែបក្រាំងបន្តិចដោយកង្កែបក្រាំង មានខ្លាញ់ច្រើន នៅពេលណាកង្កែបវាក្រាំង វាមិនស៊ីចំណីទេ កង្កែបក្រាំងពេលចាប់១ក្បាលទម្ងន់ចាប់ពី៣ខាំតៅ៣ខាំកន្លះ អ្នកខ្លះគេទិញយកទៅស្រុះទាំងស្បែកហើយអាំងឲ្យគ្រៀមរួចស្ងោ ជ្រក់ ពិតជាមានរស់ជាតិឆ្ងាញ់ណាស់។
អ្នកស្រីបន្តទៀតថា កាលពីដើមគាត់ចិញ្ចឹមតិចទេ ក្រោយមកការចិញ្ចឹមមានបទពិសោធន៍ ទទួលបានជោគជ័យ ក៏ចាប់ផ្តើមអភិវឌ្ឍន៍ មុខរបរចិញ្ចឹមចាប់ពី១០តង់រហូតមក៣០តង់ដោយមានអាង ចិញ្ចឹមកង្កែបយកសាច់ មានអាងចិញ្ចឹមភ្ញាស់យកកូន និងមានចិញ្ចឹមក្នុងពាងទឹក និងមានកន្លែងចិញ្ចឹមកង្កែបឲ្យឡើងក្រាំង ។
ស្ត្រីរូបនេះក៏បានលើកឡើងថា សូមឲ្យប្រជាកសិករដែលមានមុខរបរកសិកម្ម បើស្រឡាញ់មុខរបរចិញ្ចឹមកង្កែប ចូរបង្កើតមុខរបរចិញ្ចឹមកង្កែប លក្ខណៈគ្រួសារឲ្យបានច្រើនគ្រួសារ ដោយសារកង្កែបងាយស្រួលចិញ្ចឹមហើយមានទីផ្សារ ហើយបើយើងបង្កើតសហគមន៍ចិញ្ចឹមកង្កែប មានកង្កែបច្រើនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយ ចូលរួមអនុវត្តគោលនយោបាយភូមិមួយផលិតផលមួយ បង្កើតជាសហគមន៍នាំកង្កែបលក់ក្នុងស្រុកនិងនាំចេញទៅក្រៅស្រុកកាន់តែប្រសើរ។ ដូច្នេះបើប្រជាជនងាកមកចិញ្ចឹមកង្កែបកាន់តែច្រើន អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារបាននោះធ្វើឲ្យសេដ្ឋកិច្ច នៅថ្នាក់មូលដ្ឋាន រឹតតែល្អប្រសើរឡើង ប្រជាកសិករពិតជាមានជីវភាពធូធា ៕















ចែករំលែកព័តមាននេះ