រាជធានីភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូជ្រែលេងតាមដងផ្លូវ ទាំងស្ថានភាពស្រវឹងវាក់រថយន្តមួយគ្រឿង គេចមិនទាន់ចាប់ហ្វ្រាំងដៃផង ជើងផង បណ្តាលឱ្យបោកដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី៣០ តុលា ២០១២ នៅចំណុចស្តុបផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មន្ត្រីប៉ូលិសចរាចរខណ្ឌសែនសុខឱ្យដឹងថា មុនពេលកើតហេតុបុរស២នាក់បានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពីលិចទៅកើតជ្រែលេងតាមដងផ្លូវក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹង ក៏ទៅវាក់រថយន្តមួយគ្រឿងដែលកំពុងធ្វើចរាចរណ៍ពីមុខស្របទិសគ្នា ជាហេតុបណ្តាលឱ្យគេចមិនទាន់ ក៏ចាប់ហ្វ្រាំងដៃផងជើងផង បណ្តាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់ ខ្ទាតបុរសអ្នករួមដំណើរពីក្រោយចេញពីម៉ូតូបោកក្បាលទៅនឹងថ្នល់រងរបួសជាទម្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកមួយភ្លាមៗដែរ ។ ចំណែកបុរសអ្នកបើកបរម៉ូតូរងរបួសស្រាលដោយរលាត់ដៃជើង និងមុខតិចតួចប៉ុណ្ណោះ ហើយបានទូរស័ព្ទហៅបងប្អូនឱ្យមកទទួលយកទៅផ្ទះដោយខ្លួនឯង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ