ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ក្លិប​ប្រដាល់​កម្ពុជា​មិន​មាន​សិស្ស​គុន​ជា​ជនបរទេស​ដូច​ក្លិប​ប្រដាល់​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និយាយ​ពី​កីឡាប្រដាល់​មានការ​អះអាង​ថា ប្រទេស​កម្ពុជា​កកើត​ជា​យូរ​លង់​ណាស់​មក​ហើយ​គឺ​តាំងពី​មិន​ទាន់​មាន​វត្តមាន​ប្រទេស​ថៃ​នៅ​លើ​ផែនទី​ពិភព លោក​ទៅ​ទៀត ខណៈ​ប្រទេស​ថៃ​មាន​ក្បាច់គុន​ប្រដាល់​មក​ដល់​សព្វថ្ងៃ​ដោយសារ​តែ​ការ​លួច​ចម្លង​ពី​កម្ពុជា​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​របស់​ខ្លួន​។ ទោះបី​យ៉ាងណា មានការ​កត់​សម្គាល់ថា ទោះ​បី​ជា​ក្បាច់គុន​ប្រដាល់សេរី​ថៃ​ទើបតែ​កើតឡើង​ក្រោយ​ដោយ​ចម្លង​ក្បាច់គុន​ប្រដាល់សេរី​របស់​ដូនតា​ខ្មែរ ប៉ុន្តែ​គេ​នៅ​តែ​ចាត់​ទុក​ថៃ​ជា​ប្រភព​បណ្ដុះ​បណ្ដាល​​ផ្នែក​ប្រដាល់​ក្នុង​ក្រសែភ្នែក​អន្តរជាតិ​មិនធម្មតា…

រាជធានី​ភ្នំពេញ ៖ និយាយ​ពី​កីឡាប្រដាល់​មានការ​អះអាង​ថា ប្រទេស​កម្ពុជា​កកើត​ជា​យូរ​លង់​ណាស់​មក​ហើយ​គឺ​តាំងពី​មិន​ទាន់​មាន​វត្តមាន​ប្រទេស​ថៃ​នៅ​លើ​ផែនទី​ពិភព
លោក​ទៅ​ទៀត ខណៈ​ប្រទេស​ថៃ​មាន​ក្បាច់គុន​ប្រដាល់​មក​ដល់​សព្វថ្ងៃ​ដោយសារ​តែ​ការ​លួច​ចម្លង​ពី​កម្ពុជា​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​របស់​ខ្លួន​។ ទោះបី​យ៉ាងណា មានការ​កត់​សម្គាល់ថា ទោះ​បី​ជា​ក្បាច់គុន​ប្រដាល់សេរី​ថៃ​ទើបតែ​កើតឡើង​ក្រោយ​ដោយ​ចម្លង​ក្បាច់គុន​ប្រដាល់សេរី​របស់​ដូនតា​ខ្មែរ ប៉ុន្តែ​គេ​នៅ​តែ​ចាត់​ទុក​ថៃ​ជា​ប្រភព​បណ្ដុះ​បណ្ដាល​​ផ្នែក​ប្រដាល់​ក្នុង​ក្រសែភ្នែក​អន្តរជាតិ​មិនធម្មតា ដោយ​ក្នុង​ក្លិប​ប្រដាល់​ធំ​ៗ
របស់​ថៃ​មាន​កីឡាករ​បរទេស​ហ្វឹកហាត់​ជា​អាជីព​នោះ​ផង ។ តំណាង​ក្លិប​ធំ​ៗ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​កម្ពុជា​ជា​ម្ចាស់​ដើម​នៃ​ក្បាច់គុន​ប្រដាល់ សេរី​តែ​បែរជា​គ្មាន​កីឡាករ​បរទេស​ហ្វឹកហាត់ ក្នុង​ពេល​ប្រទេស​ថៃ​គឺ​រីក​ចម្រើន​ដល់​ថ្នាក់​ឱ្យ​តែ​ជនបរទេស​ចង់​ចេះ​ក្បាច់គុន​ប្រដាល់សេរី គឺរ​ត់ទៅ​ថៃ​។

លោក ថៃ អ៊ូ ដែល​បាន​បើក​ក្លិប​ប្រដាល់​ប្រមាណ​ជា​២០​ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​បន្ទាយ​មាន​​​ជ័យ​បាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​ចាត់​ទុក​ថា​មាន​តែ​ក្លិប​របស់​លោក​ប៉ុណ្ណោះ ​ដែល​មាន​ជនបរទេស​ហ្វឹកហាត់ បើ​ទោះជា​ជន​បរទេស​ទាំងនោះ​មិន​បាន​ប្រឡូក​​ជា​កីឡាករ​អាជីព​ក្តី ។ លោក​ថា តាំងពី​ឆ្នាំ​១៩៩៧ ក្លិប​កីឡា​ប៉ោយ​ប៉ែ​តរបស់​លោក​​ទទួល​បានការ​ចាប់អារម្មណ៍​ហ្វឹកហាត់​ពី​ជនបរទេស​មិនសូវ​ជា​ដាច់​នោះ​ទេ ដោយ​​ក្នុង​នោះ​រួម​មាន​ជនជាតិ​អា​មេ​រិ​ក អូស្ត្រាលី និង​មក​ពី​ទ្វីប​អ៊ឺ​រ៉ុ​ប ។ លោក​ថា កីឡាករ​ទាំងនោះ​មក​សុំ​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​របស់​លោក​មិនមែន​ដោយសារ​តែ​ចង់​ក្លាយ​ខ្លួន​​ជា​កីឡាករ​ឡើង​រេញ​នោះ​ទេ គឺ​មក​សុំ​ហ្វឹក​ហាត់​ត្រឹមតែ​ចង់​យល់​ដឹង​ពី​ក្បាច់គុន​បុរាណ​ខ្មែរ និង​ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ​។ ជនបរទេស​ដែល​ចូល​ហ្វឹកហាត់​ទាំងនោះ​លោក​ថា​ ភាគច្រើន​គឺជា​ជនជាតិ​បរទេស​ដែល​ស្នាក់​នៅ​កម្ពុជា​ក្នុង​លក្ខខណ្ឌ​ធ្វើការ​នៅ​ក្នុង​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ឬ​ខេត្ត​បន្ទាយ​មាន​ជ័យ ទើប​កីឡាករ​ទាំងនោះ​បើ​ទោះ​ជា​បាន​ហ្វឹកហាត់​ស្ទាត់​នូវ​ក្បាច់​ប្រដាល់សេរី​របស់​ខ្មែរ​ក៏​មិន​បាន​វិ​វត្ត​ខ្លួន​ជា​កីឡាករ​អាជីព​នៅ​លើ​សង្វៀន​នោះ​ដែរ ។

លោក​និយាយ​ថា​៖«​ក្នុង​ក្លិប​ខ្ញុំ​មាន​កីឡាករ​បរទេស​មក​ហាត់​រហូត​តើ ប៉ុន្តែ​អត់​ដែល​បាន​ឡើង​វ៉ៃ​លើ​សង្វៀន​អី​ទេ គឺ​ពួក​ហ្នឹង​មក​ហាត់​លេង​ៗ​ដល់​ពេល​អង្គការ​ផ្លាស់​ពួក​វា​ឱ្យទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ក៏​ទៅ​បាត់​អស់​!»​។ លោក​ថា កីឡាករ​បរទេស​មាន​ចំណាប់​អារម្មណ៍​​ចង់​ហ្វឹកហាត់​ប្រដាល់​ច្រើន​គួរសម​ក្នុង​រយៈពេល​ចុង​ក្រោយ ប៉ុន្តែ​ដោយសារ​តែ​ជនបរទេស​ទាំងនោះ​គ្រាន់តែ​មាន​បំណង​ចង់​ហាត់​ដើម្បី​យល់​ដឹង និង​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ ទើប​ការ​ហ្វឹកហាត់​គឺ​បាន​តែ​រយៈពេល​ខ្លី ហើយ​ក៏​បាត់​ស្រមោល​ឈឹង​មិន​អាច​ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​អាជីព​បាន ។ លោក​ថា កីឡាករ​បរទេស​បើ​ចង់​ក្លាយជា​កីឡាករ​ប្រដាល់សេរី គេ​មិន​ជ្រើស​មក​ហាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ដោយសារ​តែ​កម្ពុជា​ដ្បិតថា​មាន​ក្លិប​ប្រដាល់​ច្រើន​ឡើង​លេចមុខ ក៏​មិន​មាន​ស្ដង់ដារ​ដូច​គ្នា​នឹង​ក្លិប​ប្រដាល់​របស់​ថៃ​នោះ​ដែរ ទើប​កីឡាករ​បរទេស​ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព គេ​អត់​មក​ហ្វឹកហាត់​នៅ​កម្ពុជា​ទេ ដោយ​ជ្រើស​ចេញ​ទៅ​សម្ងំ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ម្ដង ព្រោះតែ​នៅ​ទីនោះ​គេ​ជឿជាក់​លើ​សមត្ថភាព​ក្លិប​របស់​ថៃ​ច្រើន​ជាង ។

លោក​និយាយ​ថា​៖ «​ក្លិប​នៅ​ស្រុក​យើង​អត់​អាច​ទាក់ទាញ​កីឡាករ​បរទេស​បាន​ទេ ដោយ​សារ​តែ​យើង​អត់​មាន​សម្ភារ​សម្រាប់​ហ្វឹកហាត់​ត្រឹមត្រូវ ហើយ​ក្លិប​នៅ​ស្រុក​ខ្មែរ​ក៏​មិន​មាន​គ្រូបង្វឹក​ដែល​អាច​ឱ្យ​កីឡាករ​បរទេស​ជឿជាក់​នោះ​ដែរ ។ លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​កីឡាករ​បរទេស​ហ្វឹកហាត់​មិន​ដល់​១០​នាក់​នោះ​ទេ​នា​ពេល​កន្លង​មក ហើយ​ក្នុង​ចំណោម​នោះ គឺ​មាន​តែ​កីឡាករ​បរទេស​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ឡើង​ប្រកួត​នៅ​លើ​រេញ​កម្ពុជា​បាន​ប៉ុន្មាន​ប្រកួត​ក៏​បាត់​ដំណឹង​ឈឹង​ទៅ​វិញ​ក្រោយ​ការ​ផ្លាស់​ទីលំនៅ​ឈប់​រស់នៅ​កម្ពុជា ។ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ប្រទេស​ថៃ​វិញ លោក​អះអាង​ថា​គឺ​មាន​កីឡាករ​បរទេស​សម្ងំ​ហ្វឹកហាត់​រហូត​ដល់​រាប់​ម៉ឺន​នាក់​ឯណោះ ដោយ​កីឡាករ​ទាំងនោះ​ក៏​ហ្វឹក​ហាត់​ដើម្បី​ប្រែ​ក្លាយជា​អាជីព​ដែល​ខុស​ពី​កីឡាករ​បរទេស​ដែល​ធ្លាប់​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​និយាយ​ថា ក្លិប​នៅ​ស្រុក​ខ្មែរ​អត់​អាច​ទទួល​ឱ្យ​កីឡាករ​បរទេស​អាជីព​ហ្វឹកហាត់​បាន​ទេ ដោយសារ​តែ​ក្លិប​ប្រដាល់​ភាគច្រើន​របស់​កម្ពុជា​មិន​មាន​ស្ដង់ដារ​ទាំង​សម្ភារ ទាំង​អ្នកជំនាញ​ក្នុង​ការ​បង្វឹក​។ លោក​បន្ត​ថា​៖«​យើង​អត់​អាច​ទៅ​បណ្ដុះ​បណ្ដាល​កីឡាករ​អាជីព​មក​ពី​បរទេស​បាន​ទេ បើ​ក្លិប​ស្រុក​យើង​តូច​ៗ ហើយ​សូ​ម្បី​តែ​គ្រូបង្វឹក​របស់​យើង​ក៏​មិន​មាន​ផែនការ​ច្បាស់លាស់​ដូច​នៅ​ប្រទេស​ថៃ ។ លោក​បាន​ពន្យល់​ថា នៅ​ក្នុង​ប្រទេស​ថៃ គេ​ឃើញ​បណ្ដា​ក្លិប​ភាគច្រើន​គឺ​មាន​ទម្រង់​ច្បាស់លាស់​ក្នុង​ការ​បង្វឹក​សិស្ស ដោយ​គេ​មាន​ទាំង​គ្រូបង្វឹក ទាំង​អ្នកចាត់ការ និង​មាន​ទាំង​សេវា​បង្ហាញ​ពី​ការ​បណ្ដុះបណ្ដាល​របស់​គេ​ដើម្បី​ទាក់ទាញ​ឱ្យ​សិស្ស​មក​ពី​គ្រប់​ទិស​ទី​ចង់​ហ្វឹកហាត់​ទៀត​ផង ។

ជាក់ស្ដែង វត្តមាន​កីឡាករ​បរទេស​ដែល​ចូល​ហាត់រៀន​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​កីឡាករ​គ្រប់​រូប​សុទ្ធតែ​បង់​តម្លៃ​ប្រចាំខែ​ឬ​គិត​ជា​ម៉ោង​នោះ​ផង ដោយ​មិនមែន​ចេះ​តែ​ហាត់​អត់​បត់​អត់​បែប​ដូច​ក្នុង​ក្លិប​របស់​កម្ពុជា​នោះ​ទេ ។ លោក​ថា បណ្ដា​ក្លិប​នៅ​ក្នុង​ប្រទេស​ថៃ គឺ​គេ​មាន​យុទ្ធសាស្ត្រ​ទាក់ទាញ​បណ្ដា​កីឡាករ​បរទេស​ឱ្យ​ចូល​ហ្វឹកហាត់​តែ​ម្ដង ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ជា​ប្រចាំ ដែល​ផ្ទុយ​ពី​នៅ​កម្ពុជា​គឺ​បន់​ឱ្យ​តែ​កីឡាករ​បរទេស​ចូល​ហ្វឹកហាត់ គឺ​មិន​យក​ទាំង​លុយ និង​ផ្ដល់​ឱ្យ​ទាំង​សម្លៀក​បំពាក់​។ លោក​និយាយ​ថា ៖ «​នៅ​កម្ពុជា​ឱ្យ​តែ​មាន​ជនបរទេស​មក​សុំ​ហ្វឹកហាត់​គឺ​យើង​សប្បាយចិត្ត​ណាស់​ទៅ​ហើយ​ព្រោះ​យើង​ចង់​ផ្សព្វផ្សាយ​ក្បាច់​ប្រដាល់​របស់​កម្ពុជា ប៉ុន្តែ​ពួក​ហ្នឹង​វា​មក​ហាត់​នៅ​កម្ពុជា​តែ​ដើម្បី​លេង​ៗ​ប៉ុណ្ណោះ បើ​អ្នក​ចង់​ហាត់​អាជីព​គឺ​គេ​សុខចិត្តរ​ត់ទៅ​ថៃ​»​។ លោក​ថា បើ​ចង់​ទាក់​ទាញ​កីឡាករ​បរទេស​ឱ្យមក​ហ្វឹកហាត់ គឺ​លុះត្រាតែ​ពង្រឹងគុណភាព​ក្លិប​ឱ្យ​ក្លិប​បំពាក់​សម្ភារ​ទំនើប​ៗ ហើយ​ដាច់ខាត​ត្រូវតែ​មានការ​ផ្សព្វផ្សាយ​ដូច​គ្នា​នៅ​ប្រទេស​ថៃ ទើប​អាច​ទាក់ទាញ​កីឡាករ​ជា​ជនបរទេស​ឱ្យ​ចង់​ហ្វឹកហាត់​បាន ។ លោក​ស្នើ​ឱ្យ​បណ្ដា​ក្លិប​ធ្វើការ​អភិវឌ្ឍន៍ និង​មាន​ទម្រង់​ក្នុង​ការ​ហ្វឹកហាត់​បាន​ល្អ​ដូច​ថៃ បើ​ចង់បាន​កីឡាករ​បរទេស​មក​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​យើង ។

យ៉ាងណាមិញ លោក​ថា វិស័យ​ប្រដាល់​នៅ​ក្នុង​ប្រទេស​​កម្ពុជា​នឹង​ពិបាក​ទាក់ទាញ​កីឡា​ករ​បរទេស​ឱ្យ​ចង់​ហ្វឹកហាត់​ខ្លាំង​ណាស់​ដោយ​សារ​តែ​ថៃ​ដណ្ដើម​បាន​ទំនុកចិត្ត​ទីផ្សារ​យូរ​​ឆ្នាំ​មក​ហើយ សម្រាប់​បណ្ដា​ជនបរទេស​ទាំងឡាយ​ណា​ដែល​ចង់បាន​អាជីព​ជា​កីឡា​ករ​ប្រដាល់​នៅ​ក្នុង​សង្វៀន ។ ជាក់​ស្ដែង​​នៅ​ក្នុង​ក្លិប​របស់​លោក​នា​ពេល​ចុង​ក្រោយ​ដ្បិត​ថា​មាន​កីឡាករ​បរទេស​៣​រូប​ធ្វើការ​ហ្វឹក​ហាត់ តែ​កីឡាករ​ទាំងនោះ​សុទ្ធតែ​អះអាង​ថា នឹង​ត្រូវ​លាឈប់​ពី​ការ​ហ្វឹកហាត់​នៅ​ក្នុង​ខែ​ក្រោយ​នោះ​ហើយ គឺ​បន្ទាប់​ពី​អង្គការ​ដែល​ពួក​គេ​បម្រើ​ការ​ផ្លាស់​ពួក​គេ​ឱ្យទៅ​ធ្វើ​នៅ​កន្លែង​ផ្សេង ។ ក្នុង​ចំណោម​កីឡាករ​បរទេស​ដែល​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ក្លិប​របស់​លោក គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​គេ​បាន​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព ដោយ​ក្រោយ​ពី​ហ្វឹកហាត់​ចេះ​គួរសម​ពី​ក្លិប​របស់​លោក ក៏​រត់​ទៅ​បន្ត​ហ្វឹកហាត់​នៅ​ក្លិប​ក្នុង​ប្រទេស​ថៃ ហើយ​ក៏​ចាប់​អាជីព​ជា​កីឡាករ​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ម្ដង ។ លោក​អះអាង​ថា​បណ្ដា​ក្លិប​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ប្រធាន​ក្លិប​តែ​ម្នាក់​ហ្នឹង គ្រូ​បង្វឹក​​ក៏​ម្នាក់​ហ្នឹង ហើយ​អ្នកចាត់ការ​ក៏​ម្នាក់​ហ្នឹង ដូច្នេះ​ចំពោះ​ការ​ហ្វឹកហាត់​គឺ​មិន​អាច​ទាក់ទាញ​កីឡាករ​បរទេស​ឱ្យ​ចូល​ហ្វឹកហាត់​បាន​ទេ ។

លោក អេ ភូ​ថង ប្រធាន​ក្លិប​អេ​ភូ​ថង​កីឡា បាន​អះអាង​ថា នា​ពេល​កន្លង​មក​ក្នុង​ក្លិប​របស់​លោក​ក៏​ធ្លាប់​មាន​កីឡាករ​បរទេស​មក​សុំ​ហ្វឹកហាត់​ដូច្នេះ​ដែរ ប៉ុន្តែ​លោក​ថា​កីឡាករ​ទាំង​នោះ​មិនមែន​មក​ហាត់​ដើម្បី​ចង់​ក្លាយជា​កីឡាករ​នោះ​ទេ គឺ​សូ​ម្បី​តែ​ពេល​ហាត់​ចេះ​ហើយ​លោក​សាក​ដាក់​ឱ្យ​ឡើង​ប្រកួត​លើ​រេញ ក៏​ដើម្បី​តែ​ស្ទាបស្ទង់​សមត្ថភាព​ប៉ុណ្ណោះ ។

លោក​ថា នៅ​ក្នុង​ក្លិប​ប្រទេស​កម្ពុជា​មិន​មាន​លទ្ធភាព​ទទួល​សិស្ស​ជា​ជនបរទេស​ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​នោះ​ទេ ដោយសារ​តែ​ការ​បង្វឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កម្រិត ហើយ​បើ​ទោះជា​ពេល​ចុង​ក្រោយ​កម្ពុជា​មាន​ក្លិប​ប្រដាល់​ស្ដង់ដារ​មួយ​នៅ​ជិត​កោះ​​ពេជ្រ​ក៏​កីឡាករ​បរទេស​ដែល​ចូល​មក​ហ្វឹកហាត់​គឺ​គ្រាន់តែ​ចង់​ស្វែង​យល់​ប៉ុណ្ណោះ មិនមែន​ចង់​ក្លាយជា​កីឡាករ​អាជីព​ដូច​កីឡាករ​បរទេស​ដែល​សម្ងំ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ