រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានជាក់លាក់ធ្លាយចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ តុលា ២០១២ ឱ្យដឹងថា សំណុំរឿងលោកឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ អតីតទីប្រឹក្សាក្រសួងមហាផ្ទៃត្រូវបានតុលាការកំពុងមានចំណាត់ការយ៉ាងក្តៅគគុកហើយ ។
ប្រភពបន្តថា កាលពីសប្តាហ៍កន្លងទៅសំណុំរឿងលោកឌឿន សុវណ្ណ បានត្រូវប្តឹងដាក់ចូលទៅលោកលី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនោះលោកផ្កាយ៣ ឌឿន សុវណ្ណ មានបញ្ហាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាប់ពាក់ព័ន្ធក្រុមនិស្សិត និងក្រុមការងារបច្ចេកទេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យចុះទៅវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។
តំណាងអយ្យការបានចាត់ការលើសំណុំរឿងនេះគ្រប់គ្រាន់តាមនីតិវិធីច្បាប់ បន្ទាប់មកលោកព្រះរាជអាជ្ញារងបានចោទប្រកាន់សំណុំរឿងលោកផ្កាយ៣ ឌឿន សុវណ្ណ ចំនួន២បទល្មើស រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីមានចំណាត់ការបន្ត ។ ប្រភពបន្តថា បទល្មើសចំនួន២ដែលតំណាងអយ្យការធ្វើការចោទប្រកាន់នោះ ១-សម្លុតគំរាមដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌថ្មីតាមមាត្រា៦០៧, បទល្មើសទី២ ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការទៅបំពេញមុខងារសាធារណៈតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌដូចគ្នា ។
ក្រោយពីតំណាងអយ្យការបានចោទប្រកាន់២បទល្មើសក្នុងសំណុំរឿងអតីតផ្កាយ៣ ឌឿន សុវណ្ណ ជាផ្លូវការរួចហើយ សំណុំរឿងនេះបានធ្លាក់ដល់ដៃលោកលី លីបម៉េង ចៅក្រមស៊ើបសួរ មកដល់ពេលនេះលោកចៅក្រមក៏បានចេញដីកាជាលើកទី១ គឺដីកាបញ្ជាឱ្យចូលខ្លួនទៅលើលោកឌឿន សុវណ្ណ រួចហើយដែរ ដើម្បីឱ្យអតីតផ្កាយ៣ នគរបាលជាតិរូបនោះចូលឆ្លើយបំភ្លឺលើពាក្យបណ្តឹងចោទប្រកាន់ក្នុងសប្តាហ៍នេះ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ដីកាបញ្ជាឱ្យចូលខ្លួន លោកឌឿន សុវណ្ណ បានទទួលហើយ ប៉ុន្តែទំនងលោកឌឿន សុវណ្ណ មិនហ៊ានចូលទៅបំភ្លឺនៅតុលាការដោយខ្លួនឯងនោះទេ អាចចាត់តំណាង ឬក៏មេធាវីចូលឆ្លើយជំនួស… រឿងនេះនឹងឈានដល់ការបើកសវនាការជម្រះឆាប់ៗ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ