ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្ខុវិស័យ​របស់​ចិន​សម្រាប់​រយៈពេល​30​ឆ្នាំ​ខាង​មុខ

6 ឆ្នាំ មុន

ទីក្រុង​សៀង​ហៃ ៖ រៀង​រាល់​៥​ឆ្នាំ​ម្តង បក្សកុម្មុយនិស្ត​ចិន ហៅ​កាត់​ថា CPC តែង​មាន​សមាជជាតិ​មួយ ដែល​មានការ​សម្រេចចិត្ត​សំខាន់​ៗ​ចំនួន​២ គឺ​ទាក់ទង​នឹង​អ្នកដឹកនាំ​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ និង​ផ្លូវ​ទៅ​កាន់ការ​អភិវឌ្ឍ​ណាមួយ​ដែល​មេដឹកនាំ​ទាំងនោះ​ត្រូវ​ដើរ​តាម…

ទីក្រុង​សៀង​ហៃ ៖ រៀង​រាល់​៥​ឆ្នាំ​ម្តង បក្សកុម្មុយនិស្ត​ចិន ហៅ​កាត់​ថា CPC តែង​មាន​សមាជជាតិ​មួយ ដែល​មានការ​សម្រេចចិត្ត​សំខាន់​ៗ​ចំនួន​២ គឺ​ទាក់ទង​នឹង​អ្នកដឹកនាំ​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ និង​ផ្លូវ​ទៅ​កាន់ការ​អភិវឌ្ឍ​ណាមួយ​ដែល​មេដឹកនាំ​ទាំងនោះ​ត្រូវ​ដើរ​តាម ។ សមាជជាតិ​លើក​ទី​១៩​របស់​បក្សកុម្មុយនិស្ត​ចិន ដែល​បាន​បញ្ចប់​នា​ពេល​ថ្មី​ៗ​នេះ បាន​សម្រេច​នូវ​រឿង​ទាំង​អស់នេះ ព្រមទាំង​រឿង​ជា​ច្រើន​ទៀត ។

ក្រៅពី​ការ​ជ្រើសរើស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បន្ទាប់ សមា​ជ​បក្ស​លើក​ទី​១៩ បាន​ជ្រើសរើស​ប្រធានាធិបតី លោក Xi Jinping ជា​មេដឹកនាំ​គណ​បក្ស​​​កុម្មុយនីស្ត​ជា​ថ្មី​ម្តងទៀត និង​បន្ថែម​មនោ​គម​វិជ្ជា​របស់​លោក គឺ Xi Jinping Thought ជា​ធម្មនុញ្ញ​របស់​បក្ស ។ សមាជ​នេះ ក៏​បាន​បង្កើត​ផែនការអភិវឌ្ឍន៍​ជាតិ​នា​ពេល​​អនាគត​រហូត​ដល់​ឆ្នាំ​២០៥០ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​កំណែទម្រង់សេដ្ឋកិច្ច និង​ការ​បើកចំហ​សម្រាប់​ចិន ។

នៅ​ក្នុង​សមាជជាតិ​លើក​ទី​១៣ របស់ CPC កាលពី​ខែតុលា ឆ្នាំ​១៩៨៧ មេដឹកនាំ​ចិន​បាន​ប្រកាស​ថា ភាព​ផ្ទុយ​គ្នា​ចម្បង​ៗ​ដែល​ប្រទេស​នេះ​ប្រឈម​មុខ គឺ​ការ​កើនឡើង​នៃ​តម្រូវ​ការ​វប្បធម៌ សម្ភារ​របស់​ពលរដ្ឋ និង​ការ​ថយក្រោយ​នៃ​ផលិតកម្ម​សង្គម ។ បញ្ហា​សំខាន់ គឺ​​ការ​ផលិត​ម្ហូបអាហារ សម្លៀក​បំពាក់ និង​សៀវភៅ​គ្រប់គ្រាន់​សម្រាប់​ជនជាតិ​ចិន​ទាំង​អស់ ។

រយៈពេល​៣០​ឆ្នាំ​ក្រោយមក ភាព​ផ្ទុយ​គ្នា​ដែល​ចិន​ប្រឈម​មុខ គឺ​ការ​កើនឡើង​នៃ​តម្រូវ​ការ​ជីវភាព​រស់នៅ​ខ្ពស់ និង​ឧបសគ្គ​បង្ក​ឡើង​ដោយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មិន​គ្រប់គ្រាន់ និង​គ្មាន​តុល្យភាព ។ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សមាជ​បក្ស​លើក​ទី​១៩ លោក Xi ប្រកាស​ថា គោលដៅ​បច្ចុប្បន្ន គួរតែ​ពង្រឹងគុណភាព​ជីវិត​របស់​ពលរដ្ឋ ។

ដោយ​គិត​ពី​ចំណុច​នេះ សមាជ​លើក​ទី​១៩ បាន​បង្ហាញ​ផែនទី​ថ្មី​មួយ ដោយ​ផ្អែក​លើ​គោលដៅ​២ ដែល​ទទួល​បាន​ពី​សមាជ​លើក​ទី​១៨ គឺ ៖

១-​ការ​ស្ថាបនា​សង្គម​មាន​វិបុលភាព​មធ្យម (Xiao-kang) គិត​ត្រឹម​ឆ្នាំ​២០២១ ដែល​ជា​ខួប​លើក​ទី​១០០ នៃ​ការ​បង្កើត CPC ។ គន្លឹះ​សំខាន់​នៅ​ទី​នេះ គឺ​ដើម្បី​ធានា​បាន​នូវ​វិបុលភាព​ទូលំទូលាយ​ជាមួយ​ការ​បំបាត់​ចោល​នូវ​ភាព​ក្រីក្រ​ទាំងអស់ ។

២-​ប្រែក្លាយ​ចិន​ឱ្យទៅ​ជា​ប្រទេស​អភិវឌ្ឍន៍ និង​ជឿនលឿន​នៅ​ត្រឹម​ឆ្នាំ​២០៤៩ ជា​ខួប​លើក​ទី​១០០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត ។

ចក្ខុវិស័យ​បញ្ជាក់​ក្នុង​សមាជ​នេះ គឺ​ដើម្បី​ឲ្យ​ចិន​ក្លាយជា​សង្គមនិយម​រុងរឿង ស៊ី​វិ​ល័យ សុខដុមរមនា និង​ទំនើប ដោយសារ​អភិបាលកិច្ច​រឹង​មាំ ។ ចិន​នឹង​ក្លាយជា​មហាអំណាច​សកល​ឈានមុខ​គេ ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំងឡាយ ។

សមាជ​​លើក​ទី​១៩ បាន​ដើរ​តាម​ផ្លូវ​មួយ​ឆ្ពោះទៅ​រក​គោលដៅ​ទាំង​២​នេះ ដោយ​អះអាង​ថា នៅ​ពេល​គោលដៅ​ដំបូង​សម្រេច​នោះ កិច្ចការ​បន្ទាប់ នឹង​ធ្វើ​ឲ្យ​មាន​ទំនើប​កម្ម​សង្គម​នៅ​ត្រឹម​ឆ្នាំ​២០៣៥ ។ ប្រទេស​ចិន​បែប​ទំនើប​នេះ នឹង​ក្លាយជា​អ្នកដឹកនាំ​ពិភពលោក ក្នុង​ផ្នែក​ច្នៃប្រឌិត​ជាមួយ​បរិស្ថាន​ស្អាត វណ្ណៈ​កណ្តាល​ដ៏​ធំ និង​គម្លាត​កាន់តែ​តូច​រវាង​ការ​រីក​ចម្រើន សេវា​សាធារណៈ និង​ជីវភាព​រស់នៅ​តាម​ជនបទ និង​ទីក្រុង ។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ខាងលើ​នេះ ជាដំបូង មេដឹកនាំ​ចិន​ត្រូវ​យល់​ថា តើ​ចិន​ស្ថិត​នៅ​ត្រង់​កន្លែង​ណា​នៃ​ការ​អភិវឌ្ឍ ។ ក្នុង​ន័យ​នេះ មេដឹកនាំ​ចិន​បាន​សារភាព​ក្នុង​សមាជ​ថ្មី​ៗ​នេះ​ថា ចិន​នឹង​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​សង្គមនិយម ។ ហេតុនេះ ចិន​ត្រូវ​ដាក់​ការ​អភិវឌ្ឍ​ដំបូង​គេ ដោយ​រំពឹង​ថា កំណើនសេដ្ឋកិច្ច​នឹង​ដោះស្រាយ​បញ្ហា​ប្រទេស​បាន ។

មេដឹកនាំ​កំពូល​ៗ​ចិន​សន្យា​ថា ពួក​គេ​នឹង​បន្ត​អនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ និង​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​ទំនើប ។ វា​អាស្រ័យ​លើ​ដំណោះស្រាយ​មួយ​ដែល​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​មជ្ឈិម CPC លើក​ទី​១៨ នៅ​ឆ្នាំ​២០១៣ ដើម្បី​ផ្តល់​ឱ្យ​ទីផ្សារ​នូវ​តួនាទី​សម្រេចចិត្ត​បែងចែក​ធនធាន ។

នៅ​ពេល​គេ​ទទួលស្គាល់​សមាជ​បក្ស​លើក​ទី​១៩ ការ​គោរព​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ទាំងនេះ នឹង​តម្រូវ​ឱ្យ​ចិន​ការពារ​សិទ្ធិ​អចលនទ្រព្យ​ឯកជន និង​ភាព​ជា​សហគ្រិន ។ សារសំខាន់​នៃ​បញ្ហា​នេះ ត្រូវ​បាន​គូសបញ្ជាក់​ដោយ​ការ​ពិត​ថា វិស័យ​ឯកជន​បាន​រួមចំណែក​ជាង​៦០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​, ៥០%​នៃ​ពន្ធ​, ៧០%​នៃ​បច្ចេកវិទ្យា​និង​ផលិតផល​ច្នៃប្រឌិត និង​៨០%​នៃ​ការងារ ទោះបីជា​ធាតុ​បញ្ចូល​មាន​តិច​ជាង​៤០%​ក្តី ។

ចំពោះ​ការ​ធ្វើ​សេរីភាវូបនីយកម្ម ចិន​បាន​ប្តេជ្ញា​អនុវត្ត​គោលនយោបាយ​បើក​ទីផ្សារ​ខ្លួន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​បរទេស ខណៈ​ការពារ​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​របស់​វិនិយោគិន​បរទេស​។ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ រដ្ឋាភិបាល​កំពុង​ផ្តល់​សិទ្ធិ​ដល់​តំបន់​ពាណិជ្ជកម្ម​សេរី​បន្ថែម​ទៀត និង​ស្វែងរក​លទ្ធភាព​សម្រាប់​កំពង់​ផែពាណិជ្ជកម្ម​សេរី នៅ​ក្នុង​ទីតាំង​ដែល​បាន​ជ្រើសរើស ។

គេ​ជឿ​ថា ចិន​អាច​នឹង​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៣៥​។ ប៉ុន្តែ​ត្រូវ​បន្ត​កំណើន​ផលិតកម្ម​ពលកម្ម យ៉ាង​ហោច​ណាស់​៥%​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​រយៈពេល​១៥​ទៅ​២០​ឆ្នាំ​ខាង​មុខ ។ លទ្ធផល​នឹង​ពឹងផ្អែក​លើ​ការ​កើនឡើង​នៃ​នគរូបនីយកម្ម និង​បច្ចេកវិទ្យា​រីក​ចម្រើន ។

គន្លឹះ​នៃ​ភាព​ជោគជ័យ គឺជា​អ្នកដឹកនាំ​ចិន​ដែល​សម្រប​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ខាងក្នុង ខាងក្រៅ និង​គ្រប់គ្រង​ហានិភ័យ​ដែល​បាន​ប្រមូលផ្តុំ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ ។ ឧទាហរណ៍ អ្នកដឹកនាំ​ថ្មី​ត្រូវ​ដោះស្រាយ​កំណើន​វិសមភាព​ប្រាក់​ចំណូល​កើនឡើង ដោយសារ​ភាព​ខុស​គ្នា​រវាង​ប្រាក់​ចំណូល​ក្នុង​ទីក្រុង និង​ជនបទ ។ នៅ​ឆ្នាំ​២០១៤ ប្រាក់​ចំណូល​ពលរដ្ឋ​ម្នាក់​ៗ​ស្មើ​៨.០២៤​ដុល្លារ​សម្រាប់​គ្រួសារ​កំពូល​៥% និង​ត្រឹមតែ​២១៤​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ក្រីក្រ​បំផុត​៥% ។

បើ​ចិន​បរាជ័យ​លើ​វិសមភាព​នេះ កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​របស់​ខ្លួន​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់ ។ ប៉ុន្តែ​ការ​មាន​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់ មេដឹកនាំ​មាន​ឥទ្ធិពល​ខាង​នយោបាយ និង​ធានា​នូវ​ការ​បន្ត​កំណែទម្រង់ ចិន​ប្រហែលជា​មាន​ជំហរ​រឹង​មាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ទ្រទ្រង់​សេដ្ឋកិច្ច​ជោគជ័យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។

ទោះបីជា​ចិន​អាច​សម្រេច​គោលដៅ​នៅ​ឆ្នាំ​២០៥០​ក្តី ប៉ុន្តែ​បញ្ហា​ប្រឈម​នឹង​មិន​ចប់​ទេ ព្រោះ​មេដឹកនាំ​ចិន​ត្រូវ​ប្រឈម​នឹង​ពលរដ្ឋ​វ័យ​ចំណាស់ ។ នៅ​ឆ្នាំ​២០៥០ ចំនួន​ពលរដ្ឋ​ចិន​៣៦,៥% នឹង​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ ។ នេះ​បើ​តាម​ការ​ពិនិត្យ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៧ ស្តី​ពី ទស្សនវិស័យ​ពលរដ្ឋ​នៅ​លើ​ពិភពលោក របស់​អង្គការសហប្រជាជាតិ ។

ពលរដ្ឋ​ចិន​មាន​អាយុ​កណ្តាល​អាច​មាន​ចំនួន​ខ្ពស់​ដល់​ទៅ​៤៩,៦% ដែល​កៀក​នឹង​ប្រទេស​​ជប៉ុន​៥៣,៣% និង​ខ្ពស់​ជាង​ប្រទេស​ស៊ុ​យ​អែ​ត ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប​ទាំងមូល និង​សហរដ្ឋអាមេរិក ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង​សម្រាប់​ថ្នាក់ដឹកនាំ​ចិន ដើម្បី​សម្រេចចិត្ត​ត្រឹមត្រូវ និង​ដាក់​ប្រទេស​ឲ្យ​មាន​ស្ថិរភាព​នៅ​ត្រឹម​ឆ្នាំ​២០៥០ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ