ទីក្រុងឡាហាវ៉ាន៖ ខ្យល់ព្យុះមេលីសាបានឆក់យកជីវិតមនុស្សរាប់សិបនាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើនអនេកនៅក្នុងប្រទេសគុយបា, ហៃទី និងចាម៉ៃកា (Jamaica) ដែលខ្យល់ព្យុះនេះឆ្លងកាត់។ បើគេពិនិត្យមើលត្រួសៗ គេឃើញថាប្រទេសទាំងនោះដំបូលផ្ទះត្រូវរបើកខ្ទេចខ្ទីអស់ បង្គោលភ្លើង និងគ្រឿងបរិក្ខារផ្សេងៗត្រូវហ៊ុមព័ទ្ធដោយវាលទឹកដ៏ល្អល្ហេវ។
មានករណីបាក់ដីកាត់ទទឹងផ្លូវសំខាន់ៗនៅទីក្រុងសាន់តាគ្រូស (Santa Cruz) ប្រទេសចាម៉ៃកា។ ដងវិថីជាច្រើនត្រូវគ្របដណ្ដប់ដោយដីភក់។ នៅពេលខ្យល់ព្យុះផុតរលត់ទៅវិញ អ្នកស្រុកក៏ចាប់ផ្ដើមបោសសម្អាតផ្ទះ និងបរិវេណជុំវិញនោះ។ មុនពេលខ្យល់ព្យុះមកដល់ អាជ្ញាធរនៅចាម៉ៃកាខិតខំជម្លៀសមនុស្សទៅស្នាក់នៅក្នុងសាលារៀនព្រោះនឹកស្មានថានៅទីនោះមានសុវត្ថិភាព។។ ប៉ុន្តែសាលារៀនមួយកន្លែងត្រូវខ្យល់បក់ប៉ើងដំបូលខ្ទេចខ្ទីអស់។
គេមិនទាន់ដឹងថាតើខ្យល់ព្យុះកម្រិតលេខ៥នេះបានបង្កការខូចខាតកម្រិតណាទេ។ ប្រហែលជាមិនតិចតួចនោះឡើយព្រោះបង្គោលភ្លើងត្រូវខ្យល់បក់ឱ្យដួលរេលពេញផ្លូវ ខណៈដែលកម្រិតគ្រោះថ្នាក់នៅតែមាន។ រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសចាម៉ៃកា លោកស្រីដាណា ម៉ូរីស ឌីកសុន (Dana Morris Dixon) ថ្លែងថាយើងមិនទាន់អាចវាយតម្លៃដឹងពិតប្រាកដអំពីការខូចខាតលើកនេះទេ។
ខ្យល់ព្យុះមេលីសាបក់ទៅដល់ប្រទេសចាម៉ៃកាកាលពីថ្ងៃអង្គារនៅក្នុងល្បឿន២៩៥គីឡូម៉ែត្រក្នុងមួយម៉ោងដែលគេចាត់ទុកថាជាខ្យល់ព្យុះធំបំផុតនៅមហាសមុទ្រអាត្លង់ទិច។ បន្ទាប់មក ខ្យល់ព្យុះក៏បក់ទៅប្រទេសគុយបាជាបន្តទៀត។ មិនថាតែក្រុមប្រទេសដែលត្រូវទទួលរងឥទ្ធិពលដោយផ្ទាល់ពីខ្យល់ព្យុះនេះទេ សូម្បីតែប្រទេសដែលគ្រាន់តែទទួលចំហាយពីខ្យល់ព្យុះក៏រងការខូចខាតមិនតិចនោះដែរ។
នៅប្រទេសហៃទី អាជ្ញាធរអះអាងថាមនុស្សយ៉ាងតិច២៥នាក់ស្លាប់ និង១៣នាក់ទៀតបាត់ខ្លួន។ អ្នកស្លាប់២០នាក់ និងអ្នកបាត់ខ្លួន១០នាក់នៅក្នុងចំណោមនោះរស់នៅទីក្រុងមាត់សមុទ្រខាងត្បូង ប៉ឺទី ហ្គោអា (Petit-Goâve)។ នៅទីនោះ ផ្ទះរបស់អ្នកស្រុករាប់សិបខ្នងត្រូវបាក់រលំដោយសារជំនន់ទឹកភ្លៀង។ នៅប្រទេសគុយបាក៏មានករណីបាក់រលំផ្ទះជាច្រើនខ្នងផងដែរ ព្រមទាំងមានករណីបាក់ដីគ្រប់សង្កត់ទៅលើកំណាត់ផ្លូវសំខាន់ៗនៅតំបន់ភ្នំ, ដំបូលផ្ទះត្រូវខ្យល់បក់ឱ្យរបើកខ្ទេចខ្ទីអស់។
ទីតាំងដែលរងគ្រោះខ្លាំងជាងគេស្ថិតនៅភាគនិរតី និងភាពពាយព្យ។ អាជ្ញាធរគុយបាថ្លែងថាអ្នកដែលជម្លៀសខ្លួនចេញពីផ្ទះរបស់ខ្លួនជាង៧សែននាក់ត្រូវស្នាក់នៅក្នុងទីជម្រកបណ្ដោះអាសន្នជាបន្តទៀត។ សម្រាប់ប្រទេសចាម៉ៃការ ក្រុមអ្នកជំនាញវាយតម្លៃថាទំហំនៃការខូចខាតដោយសារខ្យល់ព្យុះលើកនេះប្រហែល២២ពាន់លានដុល្លារគិតទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ចំពោះសេដ្ឋកិច្ច។ ដូច្នេះលើសពីទំហំជីឌីភីប្រចាំឆ្នាំរបស់ប្រទេសនេះដែលមានចំនួន២០ពាន់លានដុល្លារ។ នេះបើយោងតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ