ទីក្រុងកៀវ៖ យោធាអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាលំបាកខ្លាំងក្នុងការការពារទីក្រុងផូករ៉ូស (Pokrovsk) នៅភាគខាងកើតនៅពេលរុស្ស៊ីបន្តវាយប្រហារយ៉ាងខ្លាំងក្លាដើម្បីដណ្ដើមយកទីតាំងនោះមកកាន់កាប់។ នេះបើយោងតាមការប្រមើលមើលរបស់អ្នកវិភាគដែលចេញរបាយការណ៍កាលពីថ្ងៃពុធ ។ រយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ រុស្ស៊ីវាយចូលកាន់តែកៀកនឹងទីតាំងសំខាន់ខាងផ្គត់ផ្គង់ភស្តុភារទៅសមរភូមិមុខ១នេះបន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធគ្នារយៈពេលជាង១ឆ្នាំមកហើយ។
ទោះបីរុស្ស៊ីអាចមានប្រៀបនៅក្នុងសមរភូមិនេះក៏ពិតមែន ប៉ុន្តែពួកគេត្រូវលះបង់នូវតម្លៃដ៏ខ្ពស់ នោះគឺការស្លាប់ជីវិតយុទ្ធជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមការអះអាងរបស់អ៊ុយក្រែន។ កងអង្គភាពយោធាទី៧របស់អ៊ុយក្រែនថ្លែងថារុស្ស៊ីបញ្ជូនកងទ័ព១១០០០នាក់ហ៊ុមព័ទ្ធទីក្រុងផូករ៉ូស និងតំបន់ខ្សែក្រវាត់ក្រុង។ អ៊ុយក្រែនថាកងទ័ពសត្រូវដែលបានជ្រៀតចូលទីក្រុងនេះ (ផូករ៉ូស) ជាបណ្ដើរៗហើយនោះកំពុងព្យាយាមវាយសម្រុកទៅភាគខាងជើង និងពាយព្យជាបន្តទៀត។
ហ្សេឡិនស្គីទទួលស្គាល់ថាស្ថានការណ៍សឹកពិតជាពិបាកបំផុត
ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងសុន្ទរកថាប្រចាំពេលរាត្រីថាស្ថានការណ៍សឹកនៅទីក្រុងផូករ៉ូសពិតជាពិបាកជាងកន្លែងណាៗទាំងអស់នៅក្នុងចំណោមសមរភូមិដែលលាតសន្ធឹងចម្ងាយ១២៥០គីឡូម៉ែត្រ។ លោកថ្លែងបន្តទៀតថាមិនខុសពីរយៈពេលប៉ុន្មានអាទិត្យមុននោះទេ ទីតាំងនេះកើតមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតព្រោះរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពរបស់ខ្លួនច្រើន។
លោកថ្លែងថាស្ថានការណ៍សឹកនៅទីក្រុងគូពីយ៉ង់ (Kupiansk) ដែលស្ថិតនៅភាគឦសានក៏ពិបាកខ្លាំងណាស់ដែរ។ ប៉ុន្តែលោកអះអាងកងទ័ពអ៊ុយក្រែនអាចវាយដណ្ដើមបានទីតាំងខ្លះត្រឡប់មកវិញ។ យើងនៅតែបន្តការពារទីតាំងឈរជើងរបស់យើងជានិច្ច។ លោកថ្លែងនៅសប្ដាហ៍នេះថាទាហានរុស្ស៊ីប្រហែលពីររយនាក់ដាក់ពង្រាយនៅលើទីតាំងមួយចំនួននៃទីក្រុងផូករ៉ូស។ ទីក្រុងនេះជាទីតាំងយុទ្ធសាស្ត្រសំខាន់។ បើរុស្ស៊ីវាយយកបានទីក្រុងនេះ ពួកគេនឹងមានប្រៀបកាន់តែខ្លាំង។
លោកពូទីនថ្លែងថាកងទ័ពអ៊ុយក្រែនកំពុងជាប់ការហ៊ុមព័ទ្ធនៅទីក្រុងផូករ៉ូស និងគូពីយ៉ង់។ ប៉ុន្តែការអះអាងនេះត្រូវអ៊ុយក្រែនបដិសេធ។ អ៊ុយក្រែនថាការអះអាងថាកងទ័ពរុស្ស៊ីវាយយកទីក្រុងគូពីយ៉ង់គ្រាន់តែជាក្ដីស្រមៃតែប៉ុណ្ណោះ។ ចំណែកទីក្រុងផូករ៉ូសក៏មិនទាន់ជាប់នៅក្នុងហ៊ុមព័ទ្ធនោះដែរ។ សង្វាក់ផ្គត់ផ្គង់ភស្តុភារទៅកាន់តំបន់នោះនៅតែដំណើរការជាធម្មតាដោយគ្មានការរំខានទេ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ