ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​ជួយ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ស្ថាប​នា​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ

1 នាទី មុន

ទី​ក្រុង​សេអ៊ូល៖ អាមេរិក​នឹងចែក​រំលែក​បច្ចេក​វិទ្យា​ដ៏​ទំនើប​របស់​ខ្លួន​ និ​ងដែល​​​លាក់​ទុក​ជា​ការណ៍​សម្ងាត់​ជា​យូរ​មក​ហើយ​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ឱ្យ​ប្រទេស​នេះ​មាន​លទ្ធ​ភាព​ផលិត​នាវា​មុជ​ទឹក​​នុយ​ក្លេអ៊ែរ​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​សាររបស់​លោក​ត្រាំ​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​ពេល​លោក​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​លី​ជេ​ម្យុង​។ ​នៅ​ក្នុងកិច្ចជំនួប​​ទ្វេ​ភាគី​ថ្មីៗ​នេះ លោក​លី​ជេ​ម្យុង​បាន​ជម្រាប​ជូន​លោក​ត្រាំ​ថា​​គោល​បំណង​​នៃ​ការ​សាង​សង់​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​នោះ​ដើម្បី​ធ្វើ​ទំនើប​កម្ម​សម្ព័ន្ធ​ភាព​យោធា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​។ លោក​ក៏​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​​អំពី​គម្រោង​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ដើម្បី​ជួយ​​សម្រាល​បន្ទុក​របស់​អាមេរិកខ្លះ​ ​កុំ​ឱ្យ​​រ៉ាប់​រង​ច្រើន​ពេក​តែ​ម្នាក់​ឯង​។…

ទី​ក្រុង​សេអ៊ូល៖ អាមេរិក​នឹងចែក​រំលែក​បច្ចេក​វិទ្យា​ដ៏​ទំនើប​របស់​ខ្លួន​ និ​ងដែល​​​លាក់​ទុក​ជា​ការណ៍​សម្ងាត់​ជា​យូរ​មក​ហើយ​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ឱ្យ​ប្រទេស​នេះ​មាន​លទ្ធ​ភាព​ផលិត​នាវា​មុជ​ទឹក​​នុយ​ក្លេអ៊ែរ​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​សាររបស់​លោក​ត្រាំ​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​ពេល​លោក​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​លី​ជេ​ម្យុង​។

​នៅ​ក្នុងកិច្ចជំនួប​​ទ្វេ​ភាគី​ថ្មីៗ​នេះ លោក​លី​ជេ​ម្យុង​បាន​ជម្រាប​ជូន​លោក​ត្រាំ​ថា​​គោល​បំណង​​នៃ​ការ​សាង​សង់​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​នោះ​ដើម្បី​ធ្វើ​ទំនើប​កម្ម​សម្ព័ន្ធ​ភាព​យោធា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​។ លោក​ក៏​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​​អំពី​គម្រោង​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ដើម្បី​ជួយ​​សម្រាល​បន្ទុក​របស់​អាមេរិកខ្លះ​ ​កុំ​ឱ្យ​​រ៉ាប់​រង​ច្រើន​ពេក​តែ​ម្នាក់​ឯង​។

មេដឹក​នាំ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ថ្លែង​ថា​អាច​នឹង​មាន​ការ​បក​ស្រាយ​ច្រឡំ​នៅ​ពេល​លោក​ទាំង​២​និយាយ​កាល​ពី​ខែ​សីហា​អំពី​ផែន​ការ​សាង​សង់​នាវា​នុយ​ក្លេអ៊ែរ​។ ហេតុ​នេះ​លោក​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ឡើង​វិញ​ត្រង់​ចំណុច​នេះ​ថា​កូរ៉េ​ខាង​ត្បូង​មិន​មែន​ចង់​បាន​នាវា​​ដែល​បំពាក់​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​ ប៉ុន្តែ​ចង់​បាន​នាវា​​មុជ​ទឹក​ដែល​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរតែ​ប៉ុណ្ណោះ​។

លោក​ត្រាំ​បង្ហោះ​សារ​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ថា​ការ​សាង​សង់​នាវា​មុជ​ទឹក​នោះ​នឹង​ធ្វើ​ឡើង​នៅ​កំពង់​ផែ​ហ្វ៊ីលី (Philly) ដែល​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​ហាន​វ៉ា​គ្រុប (Hanwha Group) ​បាន​ទិញ​យក​កាល​ពី​ឆ្នាំ​មុន​។ រហូត​មក​ដល់ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​នាវា​មុជ​ទឹក​ដែល​គ្រោង​សាង​សង់​នោះ​មាន​ទំហំ​ប៉ុណ្ណា ហើយ​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​នៅ​ក្នុង​ការ​សាង​សង់​។ បើ​តាម​ការ​អះ​អាង​របស់​កូរ៉េ​ខាង​ត្បូង​ រដ្ឋាភិបាល​របស់​ខ្លួន​ត្រៀម​ថវិកា​១៥០​ពាន់​លាន​ដុល្លារ​។

បច្ចេក​វិទ្យា​សាង​សង់​នាវា​នុយ​ក្លេអ៊ែរ​របស់​អាមេរិកត្រូវ​បាន​រក្សា​ទុក​ជា​ការណ៍​​សម្ងាត់​​។ អាមេរិក​មិន​ងាយ​ចែក​រំលែក​បច្ចេក​វិទ្យា​នេះ​ទៅ​ឱ្យ​ប្រទេស​ដទៃ​ទេ ​លើក​លែង​តែ​ប្រទេស​នោះ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​​បំផុត​​។ រហូតមក​ដល់​ពេល​នេះ មាន​តែ​អង់​គ្លេស និង​អូស្ត្រា​លី​ប៉ុណ្ណោះ​ដែល​អាមេរិក​ចែក​រំលែក​បច្ចេក​វិទ្យា​សាង​សង់​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​​។ ការ​ប្រកាស​អំពី​ការ​ផ្ដល់​បច្ចេក​វិទ្យា​នេះ​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង​កើត​ឡើង​ចំ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បន្ត​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​មីស៊ីល​ និង​ទើប​តែ​ធ្វើ​តេស្ត​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ