រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជាបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ ពាក់ព័ន្ធ សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេស នៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខលោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគ្រី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។
ប្រភពបញ្ជាក់ថា «អត្ថបទនេះ មិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនា អំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU ផងដែរ»។
អ្នកនាំពាក្យបានលើកឡើងថា ជាការគួរឱ្យសោកស្តាយណាស់ដែលកាសែត The Nation ជាថ្មីម្តងទៀត ចាត់ទុកសេចក្តី សម្រេចរបស់ IPU ដែលទើបនឹងអនុម័តថ្មីៗនេះថាជា «សេចក្តីសម្រេចចិត្តរបស់ថៃ» ។ តាមការពិត សេចក្តីសម្រេចស្តីពី«សកម្មភាពសភាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសាយប័រ និងការគំរាមកំហែង គ្រប់ទម្រង់ ចំពោះលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខមនុស្ស» ត្រូវបានផ្តួចផ្តើមរួមគ្នាដោយប្រទេសជាច្រើន រួមមាន ថៃ អាហ្សង់ទីន ឈីលី ប៉ូឡូញ និងស៊ុយអែត ដោយមានការគាំទ្រពីក្រុមប្រទេសមកពីតំបន់ពីរផ្សេងទៀត ។
មកដល់ចំណុចនេះ ប្រទេសទាំងអស់ដែលបានចូលរួមក្នុងការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រួមទាំងកម្ពុជាផងដែរ អាចស្គាល់បានយ៉ាងច្បាស់ពីចេតនាអាក្រក់នៅពី ក្រោយសារបង្កាច់បង្អួចរបស់សារព័ត៌មាន The Nation ។ ការបកស្រាយខុសឆ្គងនៃឯកសារនេះបង្ហាញថា អ្នកនិពន្ធមិនបានយល់ពីអត្ថបទផ្លូវការនៃសេចក្តីសម្រេចចិត្ត ឬបានបំភ្លៃអត្ថន័យដោយចេតនាដើម្បី បំភាន់អ្នកអាន ដែលការណ៍នេះបង្កឱ្យមានការសង្ស័យថាតើរបាយការណ៍របស់សារព័ត៌មាន The Nation បែបនេះ បណ្តាលមកពីចំណេះដឹងភាសាអង់គ្លេសនៅទន់ខ្សោយ ឬជាចេតនាដើម្បីបំភ្លៃការពិត ។
អ្នកនាំពាក្យបានលើកឡើងថា ផ្ទុយស្រឡះខុសពីការអះអាងរបស់កាសែត The Nation ដែលថា កម្ពុជាបានព្យាយាមរារាំងសេចក្តីសម្រេច ឬគ្រប់គ្រងសមាជិកភាពគណៈកម្មការ, កំណត់ត្រានៃកិច្ចដំណើរការរបស់សហភាពអន្តរសភា (IPU) បង្ហាញយ៉ាងច្បាស់អំពីការចូលរួមប្រកបដោយស្ថាបនា និងតម្លាភាពរបស់កម្ពុជាដែលអនុលោមយ៉ាងពេញលេញតាមនីតិវិធីរបស់ IPU និងដោយមានការមូលមតិគ្នាជាឯកច្ឆ័ន្ធពី ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
អ្នកសរសេរអត្ថបទលើបញ្ហានេះរបស់កាសែតខាងលើ ហាក់បីដូចជាមើលមិនឃើញ ចេតនាមិនមើលការពិតដែលបានលាតត្រដាងនៅក្នុងសេចក្តីបំភ្លឺផ្លូវការរបស់គណៈប្រតិភូកម្ពុជា ផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីសកម្ម និងចុះប្រកបដោយការទទួលខុសត្រូវរបស់គណៈប្រតិភូកម្ពុជានៅក្នុងដំណើរការទាំងមូលនៃការអនុម័ត របៀបវារៈបន្ទាន់ និងសេចក្តីសម្រេចចុងក្រោយ ។
គណៈប្រតិភូកម្ពុជាបានអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ និងស្មោះត្រង់ ដោយសហការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីពង្រឹងការឆ្លើយតបរួមជាសាកល ចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើរ ណេត និងការឆបោកតាមប្រព័ន្ធអនឡាញ ។
ជាមួយគ្នានេះ ការលើកឡើងរបស់កាសែត The Nation ពាក់ព័ន្ធនឹងជំនួបរវាងគណៈប្រតិភូកម្ពុជាជាមួយ លោក Martin Chungong អគ្គលេខាធិការ IPU បង្កជាការភ័ន្តច្រឡំ ។ ជំនួបនេះ ពិតជាមានមែន ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងIPU និងសភាកម្ពុជា ព្រមទាំងដោះ ស្រាយផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មានតាមប្រព័ន្ធផ្សព្វ ផ្សាយ ហើយអ្វីដែលជាក់លាក់នោះគឺអំពីការរាយការណ៍ព័ត៌មានដែលគ្មានការទទួលខុសត្រូវ កាសែត The Nation នៅតែបន្តផ្សាយនេះឯង។
ជាការក្រើនរំលឹកនិងបញ្ជាក់ម្តងទៀត គណៈប្រតិភូកម្ពុជាមិនដែលបានស្នើសុំឱ្យមានជំនួបណាមួយជាមួយគណៈប្រតិភូថៃទេ ដោយហេតុថា មិនមានអ្វីត្រូវពិភាក្សាជាមួយ ហើយក៏គ្មានអាណត្តិដើម្បីជួបពិភាក្សានោះដែរ។
អ្នកនាំពាក្យបានចាត់ទុកថា តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ សារព័ត៌មាន The Nation បានបំផ្លាញ តម្លៃនៃសច្ចភាព ការសន្ទនា និងសន្តិភាព ដែលទាំងប្រទេសកម្ពុជា និងប្រទេសថៃ បានអះអាងថា ជាគុណតម្លៃដែលប្រទេសទាំងពីរប្រកាន់ខ្ជាប់ ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការចុះហត្ថលេខារវាងប្រទេសទាំងពីរ កម្ពុជា និងថៃលើសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ។
កម្ពុជាផ្តល់តម្លៃដល់សារព័ត៌មានសេរី និងមានទំនួលខុសត្រូវ ប៉ុន្តែសេរីភាពសារព័ត៌មានមិនមានន័យថា ជាសេរីភាពក្នុងការប្រឌិតរឿងនោះទេ។ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ជា ថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសច្ចភាព ការគោរពគ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងកិច្ច សហប្រតិបត្តិការក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ