ខ្យល់ព្យុះដ៏សាហាវឈ្មោះសាន់ឌីSANDY កាលពីយប់ថ្ងៃទី២៩ តុលា បានបោកបក់ដល់រដ្ឋញូវចឺស៊ី ខណៈឆ្នេរសមុទ្រខាងកើតរបស់សហរដ្ឋអាមេរិករងការបោកបក់ដោយខ្យល់យ៉ាងខ្លាំងនិងមានភ្លៀងធ្លាក់ខ្លាំងបំផុត ។យោងតាមម៉ាស៊ីនឃោសនាអាមេរិកថា ព្យុះសាន់ឌីធ្វើឱ្យស្ទះតំបន់មានប្រជាជនរស់នៅច្រើនបំផុតនោះហើយបង្្កភាពជ្រួលច្របល់ ។ មនុស្សជាច្រើនពាន់គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ចំណែកយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីត្រូវផ្អាក ។
ព្យុះសាន់ឌីបោកបក់ដល់ជិតក្រុងអាត្លង់ទីសស៊ីធី នាវេលាម៉ោង២០ម៉ោងក្នុងស្រុក ។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យខ្យល់ព្យុះអាមេរិកNHCថា ព្យុះនេះបានចុះកម្លាំងបន្តិចមកមានល្បឿនត្រឹម១៣០គីឡូម៉ែត្រក្នុង១ម៉ោងទល់នឹង១៥០គីឡូម៉ែត្រក្នុង១ម៉ោង នាពេលមុននេះក៏ប៉ុន្តែភ្នែករបស់ព្យុះអាចមានកម្លាំងខ្យល់ដល់៨០០គីឡូម៉ែត្រក្នុង១ម៉ោង ។ ភ្នែករបស់វាស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រពីក្រុងអាត្លង់ទីសស៊ីធី។
ក្នុងសង្កថាមួយឯសេតវិមានក្រោយកិច្ចប្រជុំបន្ទាន់ផ្នែកគ្រប់គ្រងវិបត្តិលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាមានប្រសាសន៍ថា អាទិភាពគឺធ្វើបែបណាជួយសង្គ្រោះជីវិតមនុស្ស ។ លោកបន្តថា លោកផ្អាកការឃោសនាបោះឆ្នោតនាពេលនេះហើយធ្វើប្រមុខមេបញ្ជាការទប់ទល់នឹងព្យុះនេះ ។
ចំណែកបេក្ខជនគណបក្សសាធារណរដ្ឋលោកមីត រ៉ូមនីវិញបានលុបចោលកិច្ចប្រជុំឃោសនាបោះឆ្នោតនានាដែលគ្រោងធ្វើចាប់ពីយប់ថ្ងៃទី២៩ តុលា ទៅដើម្បីជាសញ្ញានៃការគោរពចំពោះពលរដ្ឋអាមេរិកជាច្រើនលាននាក់ដែលកំពុងរងការគំរាមកំហែងដោយព្យុះដ៏កំណាចដែលឥទ្ធិពលរបស់វាអាចមានរយៈពេលច្រើនថ្ងៃ ។
នៅក្រុងអាត្លង់ទីសស៊ីធី កាស៊ីណូ សណ្ឋាគារ និងបារ ដែលក្នុង១ឆ្នាំៗទទួលភ្ញៀវជាង៣០លាននាក់បានត្រូវបិទទ្វារហើយបង្កើតទំនប់បាវខ្សាច់ការពារទឹកជំនន់ ។ ព្យុះនេះក៏ប៉ះពាល់ផងដែរដល់ផលិតកម្មអគ្គិសនីរបស់រដ្ឋដោយរេអាក់ទ័រនុយក្លេអ៊ែរ២ផលិតពាក់កណ្តាលនៃសេចក្តីត្រូវការអគ្គិសនីនៅញូវចឺស៊ីត្រូវរងការគំរាមកំហែងបិទមកពីទឹកជន់ឡើងខ្ពស់ ។
នៅក្រុងញូវយ៉កបណ្តាស្ពានកាត់ទន្លេEAST RIVER ក្នុងនោះមានស្ពានល្បីល្បាញBROOKLYN BRIDGE ត្រូវបិទចាប់តាំងពីថ្ងៃទី២៩ តុលា វេលាម៉ោង១៩ម៉ោងក្នុងស្រុក ។ ចំណែកពលរដ្ឋក្រុងញូវយ៉កជាច្រើនសិបពាន់គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ នៅភាគកណ្តាលសង្កាត់ម៉ាន់ ហាតាន់ ក្រុងញូវយ៉ក ដងស្ទូចមួយនៅកំពូលអគារកម្ពស់៩០ជាន់ដែលកំពុងកសាងត្រូវបាក់មួយផ្នែកព្រោះតែខ្យល់បោកបក់ខ្លាំង ។
យោងតាមការិយាល័យសិក្សាលើការគ្រប់គ្រងគ្រោះថ្នាក់EQECATថា ការខូចខាតដោយសារព្យុះសាន់ឌីនៅសហរដ្ឋអាមេរិកអាចមានដល់ពី១០ទៅ២០ពាន់លានដុល្លារ ។កងឆ្មាំឆ្នេរសមុទ្រអាមេរិកប្រកាសកាលពីយប់ថ្ងៃទី២៩ តុលា ពីការលិចនាវាក្តោងHSM BOUNTY បណ្តាលឱ្យបាត់ខ្លួននាវិក២នាក់រួចសាកសពនាវិកម្នាក់ទើបត្រូវបានរកឃើញ ។ នាវានេះលិចនៅដែនសមុទ្ររដ្ឋការ៉ូលីនខាងជើងពេលព្យុះសាន់ឌីបោកបក់ ។
ក្រៅពីនាវិករងគ្រោះ២នាក់មនុស្ស១៤នាក់ទៀតជិះលើនាវានេះត្រូវបានជួយសង្គ្រោះ ។
ព្យុះសាន់ឌីញ៉ាំងឱ្យមានការលុបចោលជើងហោះហើររបស់យន្តហោះដល់ទៅ១០.០០០ជើងនៅភាគឦសានសហរដ្ឋអាមេរិកហើយផ្សារហ៊ុនអាមេរិកក៏បិទទ្វារដែរ ៕
ចែករំលែកព័តមាននេះ