ប្រវត្តិ​ចេតិយ​ជ័យ​ន​ន្ទ ដែល​សង់​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត


ខេត្តសៀមរាប ៖ ចេតិយ​ជ័យ​ន​ន្ទ មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត ទិស​ខាងកើត​នៃ​ថែវ​ទី​៣ ។ មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​ពី​ប្រវត្តិ​ចេតិយ​នេះ អ្នកខ្លះ​ក៏​មិនដឹង​ថា​ជា​ចេតិយ​ផង ចំណែក​អ្នកខ្លះ​ទៀត​ក៏​មិន​ទាន់​បានឃើញ​ដែរ ។ តើ​ចេតិយ​នេះ​មាន​មាន​ប្រវត្តិ​បែប​ណា ? ហេតុ​អ្វី​បានជា​មនុស្ស​នៅ​សម័យ​នោះ​សង់​ចេតិយ​ក្នុង​បរិវេណ​ប្រាសាទ​យ៉ាង​ដូច្នេះ ?

នៅ​ថែវ​ទី​៣ ខាងកើត​នៃ​ប្រាសាទអង្គរវត្ត ទល់មុខ​ចេតិយ​ជ័យ​ន​ន្ទ មាន​សិលាចារឹក​មួយ​ផ្ទាំង បាន​សរសេរ​រៀបរាប់​យ៉ាង​ពិស្ដារ​ជុំវិញ​ប្រវត្តិ​នៃ​ការ​សង់​ចេតិយ​នេះ ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​លោកស្រី​បណ្ឌិត សាវ​រស់ ដែល​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ បានឱ្យ​ដឹង​ថា ចេតិយ​នេះ​សង់​ឡើង​នៅ​ឆ្នាំ​១៧០១​នៃ​គ​.​ស និង​១៦២៣​សករាជ ។

លោក​បណ្ឌិត​អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​ថា សិលាចារឹក​នោះ​បាន​រៀបរាប់​ពី​ទុក្ខសោក​របស់​លោក​ជ័យ​ន​ន្ទ ដែល​បាន​បាត់បង់​ប្រពន្ធ និង​កូន និង​បាន​នាំ​សាកសព​មក​បញ្ចុះ​ក្នុង​ចេតិយ​នៅ​អង្គរវត្ត ។ លោក​ជ័យ​ន​ន្ទ ជា​មន្ត្រី​ខ្ពង់ខ្ពស់​ម្នាក់ ដែល​បម្រើ​ការ​ក្នុង​រាជវាំង ដែល​កាលនោះ​រាជធានី​នៅ​ឧត្តុង្គ ។

លោក​អ៊ា ដា​រិ​ទ្ធ បន្ត​ថា​៖«​គេ​ដឹង​ត្រឹម​ថា គាត់​មានទុក្ខ​ពេល​បាត់បង់​ប្រពន្ធ និង​កូន ហើយ​ក៏​មិនដឹង​ថា ការ​ស្លាប់​នោះ​ដោយសារ​បញ្ហា​អ្វី​ដែរ ។ ដូច្នេះ​គាត់​មិនដឹង​យក​ទៅ​បញ្ចុះ​នៅ​ទីណា​ឱ្យ​សក្តិ​សម ក៏​សម្រេច​យក​មក​បញ្ចុះ​នៅ​អង្គរវត្ត​ទៅ​ដែល​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់»។

តាម​ការ​ពន្យល់​របស់​លោក​អ៊ា ដា​រិ​ទ្ធ និង​យោង​តាម​សិលាចារឹក​ចាប់ពី​ស​.​វ​ទី​១៦ ដល់ទី​១៨ ប្រាសាទអង្គរវត្ត ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា «​ព្រះ​វិស្ណុ​លោក​» ដែល​ជា​ព្រះ​ប​ច្ឆា​មរណ​នាម​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ។ នេះ​មាន​ន័យ​ថា ប្រាសាទអង្គរវត្ត​នា​សម័យ​កាលនោះ​ត្រូវ​បាន​គេ​ចាត់​ទុក ជា​ប្រាសាទ​ផង និង​ជា​ចេតិយ​ផង ។ យោង​តាម​សិលាចារឹក​នៅ​អង្គរ​វត្ត ទាំង​រាស្ត្រ និង​ខ្សែ​រាជវង្សានុវង្ស​នា​សម័យ​នោះ បាន​មក​សំពះ​ព្រះ ធ្វើបុណ្យ ប្រោស​ខ្ញុំ និង​ធ្វើ​សច្ចាប្រណិធាន​ជាដើម ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អ៊ា ដា​រិ​ទ្ធ ។

នៅ​សម័យ​នោះ​ទាំង​លោក​ជ័យ​ន​ន្ទ និង​រាស្ត្រ​ទូទៅ​បាន​យក​សាកសព​ទៅ​បញ្ចុះ​នៅ​ទី​ដែល​គេ​ចាត់​ទុក​ថា​ជា​កន្លែង​ខ្ពង់ខ្ពស់ និង​អស្ចារ្យ ។ ជំនឿ​នេះ​មាន​ត​ជា​រហូត​មក ដោយ​អ្នកស្រុក​ដែល​មាន​ជំនឿ​តែង​យក​ធាតុ​ទៅ​បញ្ចុះ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ​។ លោក អ៊ា ដា​រិ​ទ្ធ បាន​លើក​ឧទាហរណ៍​អំឡុង​ឆ្នាំ​២០០០​ជាង ពេល​លោក​ធ្វើ​កំណាយ​ពី​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទ ក៏​ប្រទះ​ឃើញ​គំនរ​ឆ្អឹង​ជា​ច្រើន ទាំង​កប់​ផ្ទាល់​ដី និង​ខ្លះ​ដាក់​ក្នុង​កុលាលភាជន៍ ។

ការណ៍​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ បាន​ទាញ​សេចក្តីសន្និដ្ឋាន​យ៉ាង​ច្បាស់លាស់​ថា ប្រហែល​អ្នកស្រុក​មាន​បំណង​ចង់​ភ្ជាប់​និស្ស័យ​ជាមួយ​ចេតិយ​ដ៏​ធំ​ខ្ពង់ខ្ពស់ របស់​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២ ឬ​ប្រាសាទអង្គរវត្ត ដើម្បី​ឱ្យ​អ្នក​ដែល​បាន​ស្លាប់​ទៅ​បាន​ខ្ពង់ខ្ពស់​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ