ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ក្តាម​យក្ស​ចុះ​ពី​ស្ពាន​ហ្វ្រាំង​អត់​ស៊ី​បោល​រក​បង្កាន់ដៃស្ពាន​ជួយ​ទប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​អង្ករ​ធុន​ធំ​មួយគ្រឿង ខណៈ​បើក​ចុះ​ពី​ស្ពានជាន់​ហ្វ្រាំង​មិន​ស៊ី ហើយ​អ្នកបើកបរ​ខ្លាច​បុក​អ្នកដំណើរតាម​យានយន្ត​ខាង​មុខ ក៏​បង្ខំចិត្ត​បួង​ច​ង្កួ​ត​ឲ្យ​ទៅ​បុក​ផ្ទប់​នឹង​បង្កាន់ដៃស្ពាន និង​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​អង្ករ​ធុន​ធំ​មួយគ្រឿង ខណៈ​បើក​ចុះ​ពី​ស្ពានជាន់​ហ្វ្រាំង​មិន​ស៊ី ហើយ​អ្នកបើកបរ​ខ្លាច​បុក​អ្នកដំណើរតាម​យានយន្ត​ខាង​មុខ ក៏​បង្ខំចិត្ត​បួង​ច​ង្កួ​ត​ឲ្យ​ទៅ​បុក​ផ្ទប់​នឹង​បង្កាន់ដៃស្ពាន និង​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

រថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​អង្ករ​នេះ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-១៨៥៥ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ភិន ឧត្តម អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដឹក​អង្ករ​យក​ទៅ​ដាក់​នៅ​ក្រុមហ៊ុន​ខ្មែរ​ហ៊្វូត ស្ថិត​នៅ​ទល់មុខ​វត្ត​និរោធ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​បើក​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ដៅ​ពី​លិចទៅ​កើត បំណង​យក​អង្ករ​ទៅ​ដាក់​នៅ​ក្រុមហ៊ុន ។ លុះ​ទៅ​ដល់​ចំណុច​ចុះ​ស្ពាន​ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ខណៈ​ដែល​មាន​អ្នកដំណើរ​ជា​ច្រើន​នៅ​ពីមុខ​រថយន្ត ធ្វើ​ឲ្យ​អ្នកបើកបរ​បង្ខំចិត្ត​បួង​ចង្កូត​ឲ្យ​ទៅ​បុក​ផ្ទប់​នឹង​បង្កាន់ដៃស្ពាន​បណ្តាល​រង​ការ​ខូចខាត​ទាំង​រថយន្ត និង​បង្កាន់ដៃស្ពាន​តែ​ម្តង ។ ទោះជា​យ៉ាងណា ការ​សម្រេច​បែប​នេះ​របស់​អ្នកបើកបរ​អាច​ឲ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ព្រោះ​បើ​មិន​ដូច្នោះ​ទេ មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ឡើយ​ដែល​នឹង​ត្រូវ​ស្លាប់​ដោយសារ​រថយន្ត​ដាច់​ហ្វ្រាំង​នេះ ។ ទោះជា​យ៉ាងណា ក៏​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​អស់​មួយសន្ទុះ​ធំ​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ ចុះ​អន្តរាគមន៍​វាស់វែង​និង​អូស​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី នៅ​ពេល​ក្រោយ ។ ប្រជាពលរដ្ឋ​និយាយ​ថា កាលពី​ពេល​កន្លង​ទៅ នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រើយ​ខាងកើត​នេះ តែង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ពិសេស​រថយន្ត​បែន​ដឹក​ដី​ជាដើម ដែល​ពេល​បើក​ចុះ​ស្ពាន​មិន​បាន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រះ​អ្នកដំណើរ បង្ក​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់​ផង​ដែរ ។ កត្តា​ទាំងនេះ គឺ​ដោយសារ​រថយន្ត​ទាំងនោះ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ធ្ងន់​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​មិន​អាច​ទ្រ​នឹង​ទម្ងន់​ទំនិញ​បាន​ស្រប​ពេល​ត្រូវ​ចុះ​ចំណោត​ស្ពាន​ផង​នោះ ក៏​បង្ក​ឲ្យ​មាន​ជា​ការ​ដាច់​ហ្វ្រាំង ឬ​ជាន់​ហ្វ្រាំង​មិន​ស៊ី កើត​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​តែ​ម្តង ។

អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ លោក​ឯក សា​រ៉​ន បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​រាល់​រថយន្ត​ដឹក​ទំនិញ​ទាំងអស​គឺ​អនុញ្ញាត​ឲ្យ​ដឹក​ត្រឹមតែ​២៥​តោន​ប៉ុណ្ណោះ បើ​គិត​ទាំង​ទម្ងន់​របស់​រថយន្ត​ផង ប៉ុន្តែ​បើ​លើស​ពី​នេះ​ត្រូវ​ឃាត់​យក​មក​រក្សា​ទុក​ភ្លាម​ៗ ។ ប៉ុន្តែ​ការ​ឃាត់​ឬ​ហាមឃាត់​រថយន្ត​ដឹក​ទំនិញ​ដែល​ដឹក​លើស​ចំណុះ​នេះ ជា​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ជ​ញ្ចី​ង​ថ្លឹង​រថយន្ត ឬ​តាម​បណ្តា​គោលដៅ​ជ​ញ្ចី​ង​ថ្លឹង​នីមួយ​ៗ ដែល​អាច​ដឹង​បាន​ថា​រថយន្ត​ទាំងនោះ​ដឹក​លើស​ចំណុះ​ឬ​យ៉ាងណា ។ លោក​អធិការរង​បន្ត​ថា នគរបាល​មូលដ្ឋាន មាន​សិទ្ធិ​ហាមឃាត់​តែ​រថយន្ត​ដឹក​ដី រថយន្ត​ធុន​ធំ​ណា​ដែល​ឆ្លងកាត់​ស្ពាន​មុន​ម៉ោង​កំណត់ ឬ​ដឹក​សំពីងសំពោង​តែ​ប៉ុណ្ណោះ ឯលើ​ស​ពី​នេះ​មិនមែន​ជា​សមត្ថកិច្ច​របស់​ថ្នាក់​មូលដ្ឋាន​ឡើយ ៕
ម៉​ម វ៉ា​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ