ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកជំនាញ​បុរាណវិទ្យា កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​អាយុកាល នៃ​ឡ​បុរាណ​ក្រោយ​ប្រទះ​ឃើញ​នៅ​ច្រាំង​ទន្លេ​ខេត្តស្ទឹងត្រែង

12 ម៉ោង មុន

ខេត្តស្ទឹងត្រែង​ ៖ ​ក្រុម​អ្នកជំនាញ​បុរាណវិទ្យា​ បាន​និង​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ការ​រក​ឃើញ​នូវ ឡ​បុរាណ​ចំនួន ​៩​កន្លែង នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេមេគង្គ ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​ ។…

ខេត្តស្ទឹងត្រែង​ ៖ ​ក្រុម​អ្នកជំនាញ​បុរាណវិទ្យា​ បាន​និង​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ការ​រក​ឃើញ​នូវ ឡ​បុរាណ​ចំនួន ​៩​កន្លែង នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេមេគង្គ ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​ ។

តាម​ការ​ប្រទះ​ឃើញ ឡ​បុរាណ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​មានការ​បាក់​ដី ​នៅ​តាម​មាត់ច្រាំង​ទន្លេ​។ ​ហើយ​ការ​ឃើញ​សំណង់ ឡ​បុរាណ​នោះ ​គឺមាន​ចំនួន ៩កន្លែង នៅ​ទីតាំង​ចំនួន ៣ផ្សេង​គ្នា ។ ៧ ឡ នៅ​ចំណុច​កន្ទុយ​កោះ​ហាន​។ ​១ ឡ នៅ​ខាងក្រោម​កំពង់ដរ សាលាឃុំ​កោះ​ស្នែង​។​ ១ ឡ នៅ​កោះ​ខ្លី​ ។ ឡ​បុរាណ​ទាំងនេះ ​មាន​រូបរាង រួម​ជាមួយនឹងកាក​សំណល់​ជា​ច្រើន​ដូច​ជា ថ្មកំបោរ អាចម៍ដែក និង​វត្ថុធាតុដើម​ផ្សេង​ៗ​ទៀត ដែល​ជំរុញ​ឱ្យ​មានការ​វិភាគ ​ដើម្បី​កំណត់​អាយុកាល ​និង​មុខងារ​ពិតប្រាកដ​របស់​វា ​។

នៅ​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ឡុ​ង វិទូ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ ​ចុះ​ពិនិត្យ​ផ្ទាល់​។ ក្រុមជំនាញ​​បាន​យក​សំណាក ធ្យូង​សមាសធាតុដែក កំបោរថ្ម និង​ធាតុ​ផ្សំ​ផ្សេង​ៗ​ទៀត ពី​កាក​សំណ​ល់​ឡ​បុរាណ​ទៅ​ធ្វើការ​វិភាគ ​ដើម្បី​ដឹង​ជា​លក្ខ
ណ​វិទ្យាសាស្ត្រ​ថា តើ​មនុស្ស​ជំនាន់​ដើម ​គាត់​ធ្វើអ្វី​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង រ៉ែ​ដែក ឬ​ទង់ដែង ​។

លោក ឡុ​ង វិទូ បាន​បញ្ជាក់​ថា មិន​ទាន់​អាច​សន្និដ្ឋាន​មុខងារ​អ្វី​ពិតប្រាកដ​បាន​ទេ លុះត្រាតែ​មាន​លទ្ធផល​វិភាគ​បែប​វិទ្យាសាស្ត្រ​។

ផ្ទុយ​ពី​ការ​សង្ស័យ​របស់​ក្រុម​ជំនាញ ​លើ​ការ​រលាយ​រ៉ែ លោក វណ្ណ សំ​ផ​ន ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កោះ​ស្នែង បាន​អះអាង​ផ្អែក​លើ​ការ​និទាន​ត​ៗ​គ្នា​របស់​ចាស់ទុំ​ថា ​៖ «​តាម​ការ​ឱ្យ​ដឹង​ពី​ចាស់ទុំ​ ច្រើន​ជំនាន់​មក ឡ​នេះ​ខ្មែរ​ដើម​ធ្វើ​ឡើង​សម្រាប់ ដុត​ថ្មកំបោរ ហើយ​យក​ទៅ​លាប​ផ្ទះ កាលពី​សម័យ​នោះ ដែល​មាន​អាយុកាល​ច្រើន​សតវត្សរ៍​មក​ហើយ​» ​។

លោក ភោគ សុ​វិសិដ្ឋ អភិបាលរង​ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ បាន​សង្កត់ធ្ងន់​ថា សំណង់​បុរាណ​នេះ​ជា សម្បត្តិ​វប្បធម៌​បុរាណ និង​មាន​ទំនាក់ទំនង​នឹង​វិស័យ​ទេសចរណ៍​នៅ​ចំណុច​កោះ​ហាន ដូច្នេះ​អាជ្ញាធរ ​ត្រូវ​តែ​ការពារ​។ ​អាជ្ញាធរ​ឃុំ និង​ប៉ុស្តិ៍​នគរបាល​បាន​ដាក់ កម្លាំង​ការពារ ​និង​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។​ ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ ​អាច​មក​មើល​បាន តែហាម​ប៉ះពាល់​ដាច់ខាត រង់ចាំ​ក្រុមការងារ​បច្ចេកទេស​​សិក្សា​សិន​។

ការ​រក​ឃើញ​នេះ​កំពុង​ក្លាយជា​ទីតាំង​ស្រាវជ្រាវ​ដ៏​សំខាន់​មួយទៀត​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំភ្លឺ​ពី​បច្ចេកវិទ្យា និង​ជីវភាព​របស់​បុព្វបុរស​ខ្មែរ​នា​សម័យកាល​ដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com