ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ ​នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​ទី​៥ ថ្ងៃ​ទី​២៥ធ្នូនេះ

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ ​នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។ ១….

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ ​នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៧:១៥​នាទី យោធា​ថៃ​បាន​ចាប់ផ្តើម​ប្រើប្រាស់​រថក្រោះ និង​កម្លាំង​ថ្មើរជើង​ចូល​ភូមិសាស្ត្រ​វាល​ឥន្ទ្រី​, ចំការ​ចេក​, ៥​មក​រា និង​សំបុក​ឃ្មុំ​។
  • ម៉ោង ២៣:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​រថក្រោះ​បាញ់​ប្រមាណ ២០​គ្រាប់​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។

ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥

  • ចាប់ពី​ម៉ោង ៦:១៥​នាទី ដល់​ម៉ោង ៧:០០​នាទី យោធា​ថៃ​បាន​ចាប់ផ្ដើម​ប្រើប្រាស់​កាំភ្លើង​ធំ​យ៉ាង​សន្ធាប់​និង​បាន​បាញ់កាំភ្លើង​បំពាក់​លើ​រថក្រោះ​បាញ់​បុក​បន្ថែម ព្រមទាំង​ប្រើប្រាស់​ដ្រូ​ន​អត្តឃាត​នៅ​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ចាប់ពី​ម៉ោង ៧:៤០​នាទី ដល់​ម៉ោង ១០:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ពី​ចម្ងាយ​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ចាប់ពី​ម៉ោង ៩:២៤​នាទី ដល់​ម៉ោង ១០:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ៩:៥០ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១១:០០​នាទី យោធា​ថៃ​បាន​បង្កើន​ការ​បាញ់​យ៉ាង​សន្ធប់​បន្ថែម​លើ​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១២:០០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ប្រភេទ ១៥៥​ម​.​ម និង​ប្រភេទ​កាំជ្រួច​ហ្វូង DTI-2 ពី​ចម្ងាយ​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ម៉ោង ១:២០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​បាន​បន្ត​បាញ់​ផ្លោង​កាំភ្លើង​ធំ​, កាំជ្រួច​ហ្វូង DTI-2 ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ និង​ភូមិសាស្ត្រ​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ​។
  • ចាប់ពី​ម៉ោង ១៥:០០​នាទី ដល់​ម៉ោង ១៧:០០​នាទី យោធា​ថៃ​បាន​បាញ់​កាំជ្រួច​ហ្វូង​ប្រភេទ DTI-2 និង​SR4 មក​លើ​ប្រាសាទព្រះវិហារ​, ភ្នំ​ខ្មោច​, ជាំ​តែ​, គោល​៨ ព្រមទាំង​វាយប្រហារ​ចូល​ដល់ទី​ប្រជុំជន​របស់​ស្រុក​ស្រអែម​, ពាក់​ស្បែក ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​បាន​បាញ់​ផ្លោង​ពី​ចម្ងាយ​ចូល​ភូមិសាស្ត្រ​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ​។
  • ចាប់ពី​ម៉ោង ១៦:០០​នាទី ដល់​ម៉ោង ១៧:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់កាំភ្លើង​ធំ​, កាំជ្រួច​ហ្វូង DTI-2 មក​លើ​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, ភ្នំ​ខ្មោច​, ជាំ​តែ និង​គោល​៨ ព្រមទាំង​បាន​បាញ់កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់ និង​ដំណាក់​ស្តេច​។

២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៧:១៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ចាប់ពី​ម៉ោង ១៧:៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ដល់​ម៉ោង ៦:១៣​នាទី ថ្ងៃ​ទី​២៥ យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ចាប់ពី​ម៉ោង ១៩:០០​នាទី ដល់​ម៉ោង ២០:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​គ្រាប់​ភ្លើង​បំភ្លឺ​ចំនួន ៤​គ្រាប់​លើ​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១៩:១៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ១៩:១៧​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុ​នៅ​ភូមិសាស្ត្រ​ស្រុក​សំឡូត​។
  • ចាប់ពី​ម៉ោង ២០:២២​នាទី រហូត​ដល់​ម៉ោង ២១:២៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ពាំ​ក្បាល​គ្រាប់​ទម្លាក់​លើ​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។
  • ចាប់ពី​ម៉ោង ២២:១០​នាទី​យប់ ថ្ងៃ​ទី​២៤ ដល់​ម៉ោង ៥:៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចំនួន ១៥​គ្រាប់​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន ដើម្បី​បំផ្លិចបំផ្លាញ និង​កម្ទេច​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចោល​យ៉ាង​កំរោល និង​អមនុស្សធម៌ ព្រោះ​យោធា​ថៃ​យក​ទីតាំង​ស៊ី​វិល​ធ្វើ​ជា​គោលដៅ​បាញ់ប្រហារ​។

ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ៥:៣៥​នាទី​ទៀប​ភ្លឺ​ភ្លាម យោធា​ថៃ​បាន​ចាប់ផ្តើម​បន្ត​ការ​វាយប្រហារ ដោយ​ធ្វើ​សកម្មភាព​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ឃុំ​ស្វាយចេក និង​ភូមិសាស្ត្រ​បឹង​ត្រកួន​ទៅ​តាម​ផែនការ​នៃ​ការ​ឈ្លានពាន​បូរណភាព​ទឹក​របស់​កម្ពុជា​។
  • ចាប់ពី​ម៉ោង ៦:១៣​នាទី ដល់​ម៉ោង ១៥:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ប្រមាណ ១២៥​គ្រាប់​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ចាប់ពី​ម៉ោង ៦:១៨ ដល់​ម៉ោង ៦:៤៨​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២​គ្រាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ចាប់ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ប្រមាណ ៥០​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​ថ្មពួក​។
  • ចាប់ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​ចំនួន ៩៩​គ្រាប់​, ផ្សែង​ពុល និង​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ចំនួន ៤​លើក​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ​។
  • ចាប់ពី​ម៉ោង ៩:៥៨​នាទី ដល់​ម៉ោង ១៥:១១​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ប្រមាណ ៥០​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
  • ម៉ោង ១៦:៥៥​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថក្រោះ និង​រថពាសដែក​បាន​ព្យាយាម​រុលចូល​ភូមិសាស្ត្រ​ចំការ​គ ឃុំ​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

កងកម្លាំង​របស់​កម្ពុជា​បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ