ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​តាម​ទូរ​សព្ទ​រវាង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​បារាំង ស្តី​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ជំនួប​តាម​ទូរ​សព្ទ​រវាង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ជំនួប​តាម​ទូរ​សព្ទ​រវាង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង ឯកឧត្តម​រដ្ឋ​មន្តី Jean-Noël BARROT ស្តី​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ថា នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីក្រសួង​អឺរ៉ុប និង​ការ​បរទេស នៃ​សាធារណរដ្ឋ​បារាំង អំពី​បច្ចុប្បន្នភាព នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការ​បន្ត​គាំ​ទ ឥត​ងាករេ​របស់​បារាំង ចំពោះ​ដំណោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី និង​ការ​គោរព​ច្បាប់ អន្តរជាតិ ជា​ពិសេស​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​សេចក្ដីថ្លែងការណ៍​រួម ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភាគី បារាំង អំពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ នៃ​អរិភាព​ដែល​កំពុង​បន្ត​កើត​មាន ដែល​តម្រូវ​ឱ្យ​មានការ​ជម្លៀស​ជន​ស៊ី​វិល កម្ពុជា​ប្រមាណ​ជាង​កន្លះ​លាន​នាក់ និង​ការ​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ ។

ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​វាយប្រហារ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ បាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​នូវ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​បង្ក​ការ​ខូចខាត​យ៉ាងដំណំ​ដល់​ប្រាសាទបុរាណ​កម្ពុ​ជាមួយ​ចំនួន រួម​ទាំង​តំបន់ បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​ផង​ដែរ ។
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ការ​ព្រួយ បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍ ដែល​កាន់តែ​ធ្ងន់ធ្ងរ​អាក្រក់​ទៅ ដោយ​បាន​កត់​សម្គាល់ថា ការ​វាយប្រហារ​របស់​យោធា​ថ ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស បាន​វាតទី​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា រហូត​ដល់​ចម្ងាយ ៩០​គីឡូម៉ែត្រ​ពី​ព្រំដែន ដែល​ជា​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​ជា​រដ្ឋ​សមាជិក​អាស៊ាន​ដូច​គ្នា ។

ក្នុង​ន័យ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ភាព​ចាំបាច់ ក្នុង​ការ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​ដោយ​ខុសច្បាប់​ពី​សំណាក់​ប្រទេស​ថៃ មក​លើ​កម្ពុជា ។

ក្នុង​ឱកាស​កិច្ច​សន្ទនា​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ឯកឧត្តម Jean-Noel BARPOE, អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ស្តី​ពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​រយៈផ្លូវ​ការទូត ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​នាម​ប្រធាន​អាស៊ាន ក៏​ដូច​ជា​ប្រទេស​ចិន តាម​រយៈ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​ប្រេសិត​ពិសេស ទទួល​បន្ទុក​កិច្ចការ​អាស៊ី នៃ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ការ​អន្តរា​គម​របស់​សហរដ្ឋ​អាម៉េរិក រវាង​កម្ពុជា និង​ថៃ​នេះ ។
ក្នុង​គោលបំណង​សម្រួល​ដល់​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ជម្លោះ​ប្រដាប់​អាវុធ

ជា​ការ​ឆ្លើយ​តប ឯកឧត្តម Jean-Noël BARROT បាន​កោតសរសើរ​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ស្តី​ពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​សង្កត់ធ្ងន់​លើ​ការ​បន្ត កិច្ច​សន្ទនា​ឡើង​វិញ ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន ។

ឯកឧត្តម បាន​ស្វាគមន៍​ចំពោះ​កិច្ចប្រជុំ​គណៈកម្មាធិការ ព្រំដែន​ទូទៅ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដែល​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅ​មុខ ។

លើស​ពី​នេះ ឯកឧត្តម Jean-Noël BARROT បាន​សម្តែង​ការ​គាំទ្រ​របស់​ប្រទេស​បារាំង​ចំពោះ​រាល់​កិច្ច​ផ្តួចផ្តើម​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ចិន និង​សហរដ្ឋអាមេរិក ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ សន្តិវិធី តាម​រយៈផ្លូវ​ការទូត ។

ក្នុងអំឡុងពេល នៃ​ការ​សន្ទនា ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី និង​ឯកឧត្តម Jean-Noël BARROT បាន​ឆ្លៀតឱកាស​ផ្លាស់​ប្តូរ​ទស្សនៈ ដើម្បី​ពង្រឹង​បន្ថែម នូវ​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​បារាំង និង​បាន​រំលឹក​នូវ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ឧត្តមសេនីយ៍​ឆាល ដឺ ហ្គោ​ល មក​កាន់ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពេល​នោះ លោក​បាន​ថ្លែង​សុន្ទរកថា​ដ៏​ល្បីល្បាញ ដោយ​អំពាវនាវ​ឱ្យ​មានការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ។

ជា​កិច្ចបញ្ចប់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​បញ្ជាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ របស់​កម្ពុជា ចំពោះ​ដំណោះស្រាយ​ដោយ​សន្តិវិធី យុត្តិធម៌ និង​ចីរភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្ដរជាតិ និង​សន្ធិសញ្ញា ព្រមទាំង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ។ ឯកឧត្តម បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​អនុវត្ត ឱ្យ​បាន​ពេញលេញ ប្រកបដោយ​ភាព​ស្មោះត្រង់ និង​សុទ្ធចិត្ត​នូវ​បទ​ឈប់​បាញ់​ជា​បន្ទាន់ ការ​បញ្ឈប់​អរិភាព និង​ការ​កសាង​ទំនុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក​ឡើង​វិញ ។ ឯកឧត្តម ក៏​បាន​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ទាហាន​កម្ពុជា ដែល​ជាប់​ឃុំ​ទាំង​១៨​នាក់ ដូច​មាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ស្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ