រាជធានីភ្នំពេញ ៖ នៅលើសង្វៀនប្រដាល់នាពេលចុងក្រោយ គេកត់សម្គាល់មានការប្រកួតជាលក្ខណៈអន្តរជាតិរវាងកីឡាករម្ចាស់ផ្ទះកម្ពុជា និងកីឡាករបរទេសរៀងរាល់សប្ដាហ៍តែម្ដង ដោយស្ទើរមិនមានសង្វៀនណាមួយមិនមានការប្រកួតជាមួយកីឡាករបរទេសនោះទេ ខណៈដែលការប្រកួតនៅក្នុងសង្វៀនប្រដាល់គឺមានអ្នកចូលចិត្តទស្សនាការប្រដាល់គូបរទេសច្រើនជាង ។ យ៉ាងណាក៏ដោយ ជាមួយនឹងការដឹកនាំកីឡាករបរទេសឱ្យមកប្រកួតនេះក៏មានផលវិបាកណាស់ដែរ ជាពិសេសនៅពេលកីឡាករថៃធ្វើដំណើរផ្លូវឆ្ងាយ ហើយប្រកួតមិនសូវបានល្អ ដែលនាំឱ្យផ្ទុះនូវការរិះគន់ថាយកកីឡាករបរទេសមិនល្អឱ្យមកប្រកួត ។
លោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំកីឡាករថៃ និងបរទេសឱ្យមកប្រកួតនៅកម្ពុជាបានអះអាងថា នៅក្នុងប្រទេសកម្ពុជាលោកគឺជាអ្នកដឹកនាំកីឡាករបរទេសឱ្យមកប្រកួតនៅកម្ពុជាច្រើនជាងគេ ពោលគឺតាំងពីទើបតែមានសង្វៀនប៉ុស្ដិ៍លេខ៥តែមួយជាអ្នកហ៊ានចំណាយលើថ្លៃជួលកីឡាករបរទេសឱ្យមកប្រកួតនោះទៅទៀត ។ ក្នុងអំឡុងឆ្នាំ២០១៣ លោកថាមានតែសង្វៀនប៉ុស្ដិ៍លេខ៥ និងប៉ុស្តិ៍បាយ័នប៉ុណ្ណោះ ដែលមានលទ្ធភាពចំណាយលុយយកកីឡាករមកពីប្រទេសថៃឱ្យមកប្រកួត ខណៈដែលតម្លៃខ្លួនរបស់កីឡាករថៃនៅក្នុងពេលនោះក៏ខ្ពស់ ។
យ៉ាងណាមិញ លោកថា នៅក្នុងប្រទេសកម្ពុជា អ្នកដឹកនាំកីឡាករបរទេសឱ្យមកប្រកួត មិនមែនមានតែលោកនោះទេ គឺមានក្រុមផ្សេងផងដែរ ដូចជាក្រុមដឹកនាំកីឡាករថៃនៅប៉ុស្ដិ៍បាយ័ន និងប៉ុស្ដិ៍អប្សរាជាដើម គឺមិនមែនលោកទេ គឺលុះត្រាតែគេស្រឡាញ់កីឡាករថៃ ឬកីឡាករបរទេសរបស់លោកទើបគេទាក់ទងយក ។ លោកទទួលភារៈដឹកនាំតែកីឡាករថៃ និងកីឡាករបរទេសឱ្យទៅប្រកួតនៅប៉ុស្ដិ៍លេខ៥ អាស៊ីអាគ្នេយ៍ និងប៉ុស្ដិ៍ PNN ម្ដងម្កាលប៉ុណ្ណោះ ដោយក្នុងមួយសប្ដាហ៍ៗគឺលោកត្រូវដឹកនាំកីឡាករថៃ និងបរទេស មិនក្រោម១០នាក់នោះទេ លើកលែងតែសប្ដាហ៍ខ្លះដែលខាងប៉ុស្ដិ៍ទូរទស្សន៍ដូចជាសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍លើកពេលមិនធ្វើការប្រកួតអន្តរជាតិ ។
លោកបានរៀបរាប់ឱ្យដឹងពីផលវិបាកថា សម្រាប់ការងារដឹកនាំកីឡាករថៃ ឬកីឡាករបរទេសឱ្យមកប្រកួត មិនមែនងាយស្រួលនោះទេ ជាពិសេសប្រសិនបើកីឡាករនោះជាកីឡាករល្អដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងគឺរឹតតែស្មុគស្មាញពិបាកយកមក ។ លោកបានពន្យល់ថា នៅក្នុងប្រទេសថៃ សហព័ន្ធកីឡាប្រដាល់របស់គេមានការកំណត់គោលការណ៍តឹងរ៉ឹងជាងនៅកម្ពុជា ដោយសារតែក្នុងកីឡាករម្នាក់គេមិនអនុញ្ញាតឱ្យឡើងប្រកួតបណ្ដាក់គ្នានៅក្នុងរយៈពេលក្រោម២អាទិត្យនោះទេ គឺមានន័យថា សម្រាប់កីឡាករម្នាក់គេឱ្យប្រកួតត្រឹមតែ២ដងប៉ុណ្ណោះ និងកំណត់ឱ្យមានគម្លាតគ្នាយ៉ាងតិច១៤ថ្ងៃ ឬ១៥ថ្ងៃ ហើយប្រសិនមានរបួសធ្ងន់ធ្ងរទៀតនោះគឺរឹតតែកំណត់ឱ្យសម្រាកយូរទៅទៀត ដែលខុសពីកីឡាករកម្ពុជាគឺអាចចាប់ដាក់ដោយកីឡាករម្នាក់អាចប្រកួតគម្លាតគ្នាត្រឹមតែ១អាទិត្យក៏មិនអី ។
លោកថា សម្រាប់កីឡាករកម្ពុជា អាចមានលក្ខណៈចាប់ដាក់បានខ្លះ តែសម្រាប់កីឡាករថៃគឺលុះត្រាតែមានការស្នើសុំពីចម្ងាយទើបខាងសហព័ន្ធថៃអនុញ្ញាតឱ្យឡើងប្រកួត ។ ក្នុងសប្ដាហ៍ខ្លះលោកថាមានបញ្ហារឿងអត់កីឡាករថៃមកប្រកួតជាមួយកីឡាករកម្ពុជាក្រោយការផ្គូផ្គងក៏មានដែរ ដោយសារតែកីឡាករដែលបានផ្គូផ្គងហើយ ស្រាប់តែមានជំងឺតិចតួចហើយត្រូវគណៈកម្មការសហព័ន្ធថៃមិនឱ្យមកប្រកួត ដោយសូម្បីតែស្ថានភាពជំងឺនោះគ្រាន់តែជាជំងឺផ្ដាសាយតិចតួច ដែលលោកយល់ថាគេអាចធ្វើការប្រកួតជាធម្មតា ។ ប៉ុន្តែសម្រាប់កីឡាករដែលគ្រាន់តែធ្វើការហ្វឹកហាត់នៅក្នុងក្លិបជាដៃគូ ហើយមិនទាន់មានការចុះបញ្ជីនៅក្នុងសហព័ន្ធកីឡាប្រដាល់ថៃ គឺមានភាពងាយស្រួលក្នុងការយកមកប្រកួត តែក៏មិនហ៊ានដាក់យកមកប្រកួតច្រើននាក់នោះដែរ ដោយសារតែកីឡាករទាំងនោះមិនទាន់ល្អ និងមិនអាចយកមកប្រកួតបានច្រើននោះទេ ដើម្បីកុំឱ្យយកមកអន់មិនអាចទទួលយកបាន ។ លោកឧទាហរណ៍ថា «ក្នុងពេលខ្លះកីឡាករហ្នឹងត្រូវបានសហព័ន្ធថៃហាមឃាត់មិនឱ្យប្រកួត អ៊ីចឹងដើម្បីកុំឱ្យគាត់មានរឿងគឺយើងត្រូវតែដូរឈ្មោះគាត់នៅលើសង្វៀនស្រុកខ្មែរ ប្រសិនបើកីឡាករនោះគាត់មកប្រកួតដើម្បីយកលុយដែរ!»។ លោកបានទាំងធ្លាប់យកកីឡាករប្រដាល់សាកលអាជីពរបស់ថៃមកប្រកួតសេរីនៅកម្ពុជា ដោយសម្រេចដូរឈ្មោះមិនឱ្យសហព័ន្ធថៃចាប់អារម្មណ៍នោះផង ដើម្បីជួយឱ្យកីឡាករទាំងនោះបានលុយ និងដើម្បីកុំឱ្យអត់មានកីឡាករបរទេសមកប្រកួតនៅកម្ពុជា ។
លោកថៃ អ៊ូ បន្តថា សម្រាប់កីឡាករដែលលោកដឹកនាំមកប្រកួតគឺយកមកតែពីប្រទេសថៃតែមួយប៉ុណ្ណោះ តែមានចម្រុះដោយកីឡាករថៃ និងកីឡាករប្រទេសផ្សេងៗ ពោលគឺឱ្យតែក្លិបដែលលោកសហការមានកីឡាករប្រទេសណាមកទទួលការហ្វឹកហាត់ ហើយលោកកត់សម្គាល់ថាអាចឡើងប្រកួតបាន គឺលោកយកមកទាំងអស់ ដើម្បីឱ្យសង្វៀនរបស់កម្ពុជាមានកីឡាករចម្រុះទាំងថៃ និងប្រទេសផ្សេង ។ នាពេលកន្លងមក កីឡាករបរទេសដែលលោកធ្លាប់យកមករួមមាន កីឡាករថៃ កីឡាករឡាវ និងកីឡាករជនជាតិអឺរ៉ុបមួយ តែកីឡាករខុសពីថៃទាំងនោះភាគច្រើនគេអាចមកប្រកួតនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកបានត្រឹមតែពេលគេនៅហ្វឹកហាត់ក្នុងក្លិបរបស់ថៃដែលលោកសហការប៉ុណ្ណោះ តែដល់ពេលកីឡាករទាំងនោះចាកចេញពីប្រទេសថៃអស់ គឺអត់អាចយកមកប្រកួតទៀតទេ ទើបកីឡាករបរទេសដែលលោកជ្រើសមកប្រកួតភាគច្រើនតែកីឡាករថៃ ។
ក្រៅពីដឹកនាំកីឡាករថៃឱ្យមកប្រកួតនៅក្នុងប្រទេសកម្ពុជា លោកក៏ជាអ្នកដឹកនាំកីឡាករកម្ពុជាឱ្យចេញទៅប្រកួតនៅក្នុងប្រទេសថៃផងដែរ ដោយគ្រាន់តែក្នុងរយៈពេលចុងក្រោយគឺមិនសូវបានដឹកនាំទៅ ដោយសារតែលោករវល់តែកុងត្រាដឹកនាំកីឡាករបរទេសឱ្យមកប្រកួតនៅសង្វៀនកម្ពុជាច្រើនឡើងៗហើយមិនអាចរកពេលដឹកនាំកីឡាករកម្ពុជាឱ្យទៅប្រកួតនៅក្នុងប្រទេសថៃ។ រៀងរាល់សប្ដាហ៍លោកត្រូវដឹកនាំកីឡាករមកប្រកួតអន្តរជាតិនៅកម្ពុជាតាំងពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ដោយនៅទូរទស្សន៍អាស៊ីអាគ្នេយ៍តម្រូវឱ្យលោកដឹកនាំកីឡាករមកប្រកួតនៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ហើយសម្រាប់សង្វៀនប៉ុស្ដិ៍លេខ៥ គឺលោកត្រូវដាក់ម្នាក់ៗឱ្យប្រកួតរៀងរាល់ថ្ងៃសៅរ៍ ។ លោកក៏ជាអ្នករៀបចំការប្រកួតនៅតាមវត្តនៅក្នុងប្រទេសថៃ ដែលលោកតែងតែដឹកនាំកីឡាករកម្ពុជាឱ្យទៅប្រកួតញឹកញាប់ផងដែរ បើទោះជាក្នុងពេលនេះលោកមានការរវល់ខ្លាំង ហើយមិនអាចបន្តការដឹកនាំបានច្រើនដូចមុនក្ដី ។ សម្រាប់តម្លៃខ្លួនលោកអះអាងថា ក្នុងចំណោមកីឡាករថៃម្នាក់គឺមានតម្លៃ១០០០ដុល្លារ តែក៏មានកីឡាករខ្លះមានតម្លៃក្រោម១០០០ដុល្លារ និងលើស១០០០ដុល្លារអាស្រ័យទៅលើសមត្ថភាព និងភាពល្បីល្បាញរបស់កីឡាករផងដែរ ។ ប៉ុន្តែជាទូទៅសម្រាប់ទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺលោកច្រើនទទួលបានតម្លៃមួយរួមគឺ១០០០ដុល្លារស្មើ ដោយគ្រាន់តែលោកត្រូវដាក់កីឡាករដែលមានតម្លៃលើស១០០០ដុល្លារខ្លះ ផ្គួបនឹងកីឡាករដែលមានតម្លៃក្រោម១០០០ដុល្លារតិចតួច ដើម្បីអាចឱ្យលោកទទួលបានផលចំណេញឱ្យសមនឹងតម្លៃដែលបានទទួល។
លោក ថៃ អ៊ូ បន្តថា លោកជាអ្នកស្រុកនៅខេត្តបន្ទាយមានជ័យ ហើយប្រវត្តិដែលនាំឱ្យលោកឈានទៅដឹកនាំកីឡាករថៃឱ្យមកប្រកួត គឺបណ្ដាលមកពីលោកគឺជាអ្នកស្រឡាញ់ចូលចិត្តវិស័យប្រដាល់ ដោយបានបើកក្លិបមួយបង្វឹកសិស្សកម្ពុជានៅក្នុងខេត្តនោះ និងតែងដឹកនាំកីឡាកររបស់លោកឱ្យទៅប្រកួតនៅជាយៗក្នុងទឹកដីថៃ ទើបលោកបានស្គាល់ក្លិបល្អៗនៅក្នុងប្រទេសថៃ ។ ហើយដោយសារតែលោកចេះថៃ និងមានទំនាក់ទំនងជាមួយសហព័ន្ធថៃជាច្រើនឆ្នាំផង ទើបលោកមានឱកាសដឹកនាំកីឡាករថៃឱ្យមកប្រកួតនៅកម្ពុជា ដោយទទួលបានជោគជ័យមកទល់បច្ចុប្បន្ន ។ លោកនៅតែបន្តបើកក្លិបនៅខេត្តបន្ទាយមានជ័យ ដោយកូនសិស្សរបស់លោកគឺមានទាំងក្មេង និងកីឡាករល្អៗដែលបានឡើងប្រកួតនៅលើសង្វៀនប៉ុស្ដិ៍លេខ៥ និងសង្វៀនអាស៊ីអាគ្នេយ៍។
ទោះបីយ៉ាងណាលោកសារភាពថា មហាជនបានស្គាល់លោកត្រឹមតែជាអ្នកដឹកនាំកីឡាករពីប្រទេសថៃឱ្យមកប្រកួតច្រើនជាង ប៉ុន្តែសម្រាប់ក្លិបប្រដាល់របស់លោកគឺមិនសូវមានសកម្មភាពខ្លាំងក្លានោះទេ ៕
ចែករំលែកព័តមាននេះ