ខេត្តសៀមរាប ៖ សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក សឿន សេននាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះប្រតិបត្តិការបង្ក្រាបទីតាំងបើកលក់ផលិតផល ឱសថ និងអាហារបំប៉នសុខភាព តាមអនឡាញ ដោយមិនបានចុះបញ្ជិកា និងគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវពីក្រសួងសុខាភិបាល ស្តីពីច្បាប់ វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថលើទីតាំងដែលមានយីហោ លីមីត លេស អិុ មែជីណេសិន II ឯ.ក (Balance) ព្រមទាំងដកហូតបានវត្ថុតាងផលិតផលចំនួន១០មុខ ដែលក្រុមហ៊ុននាំចូលមកពីប្រទេសថៃ និងធ្វើការនាំខ្លួនអ្នកគ្រប់គ្រងចំនួន២នាក់យកមកសួរនាំនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងបិទទីតាំងខាងលើនេះជាបណ្តោះអាសន្នផងដែរ ។
ការបង្ក្រាបរហូតឈានដល់ធ្វើការបិទទីតាំងខាងលើនោះនៅវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៣ វិច្ឆិកា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ជាប់របងខាងលិច សណ្ឋាគារអូស្ត្រាលី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា ដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កម្លាំងរបស់លោកបានប្រតិបត្តិការយា៉ាងសស្រាក់សស្រាំដើម្បីធានាឱ្យបាននូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព ។
លោកបានបញ្ជាក់ថា អ្នកគ្រប់គ្រងជំនួសថៅកែថៃទាំង២នាក់ ឈ្មោះ បឿន វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកមើលការខុសត្រូវ ក្នុងក្រុមហ៊ុន និងឈ្មោះ អោន រៀម ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកពន្យល់ណែនាំ និងប្រាប់ពីវិធីបង្ហោះផលិតផលរបស់ក្រុមហ៊ុនក្នុងហ្វេសបុក ដើម្បីឱ្យអតិថិជន (ទាក់ទង) មកទិញ ។ លោកបានបញ្ជាក់ទៀតថា ផលិតផលឱសថ និងអាហារបំប៉ន គ្មានចុះបញ្ជិកានោះមានចំនួន១០មុខ ក្នុងនោះមាន ឱសថ អាហារបំប៉នសុខភាព ចំនួន៣មុខមានចំនួន៩៨កំប៉ុង ស្មើ២៩៤០គ្រាប់ និងគ្រឿងសំអាង មានចំនួន៧មុខ ស្មើនឹង៧៦ប្រអប់។ លោកបានបន្តទៀតថា កម្លាំងជំនាញបានប្រគល់វត្ថុតាងទាំងអស់ទៅឱ្យមន្ទីរសុខាភិបាលខេត្តដើម្បីធ្វើការដុតកម្ទេចចោល។

បច្ចុប្បន្នអ្នកគ្រប់គ្រងទាំង២នាក់ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងសុំយោបល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតផល ឱសថ និងអាហារបំប៉នសុខភាពរបស់ថៃដែលបង្ហោះ តាមអនឡាញនេះ គឺមានសិស្សមករៀន ស្រី ប្រុស សរុបចំនួន៤៩៧នាក់ក្នុងនោះមានទាំង សិស្សវិទ្យាល័យអង្គរ ព្រមទាំងមកពីតាមបណ្តាខេត្តនានា និងក្នុងខេត្តសៀមរាបផងដែរ ហើយពួកគេបានយកលុយពីសិស្សក្នុងម្នាក់ៗចំនួន១០ដុលា្លសម្រាប់បង់ឱ្យថ្លៃជួលផ្ទះ ប៉ុន្តែពួកសិស្សទាំងអស់នោះ គ្មានប្រាក់ខែទេ បើលក់ផលិតផល តាមអនឡាញនេះបានគឺពួកគេកម្រៃ៥០%ក្នុង១ដប ឬ១កំប៉ុង ។ តាមប្រភពព័ត៌មានបន្ថែមថា ក្នុងឱសថទាំង១០មុខនេះ មានខ្លះជាថ្នាំបំប៉នផ្លូវភេទ ដែលអសមត្ថភាព និងថ្នាំពង្រីកសុដន់ផងដែរ ៕

ចែករំលែកព័តមាននេះ