ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួន ខណៈដែលផឹកស្រាស្រវឹងជោកជាំ លុះមកដល់ផ្ទះវាយប្រពន្ធមួយដៃ ហើយថែមទាំងយកពន្លៀកចាក់ដៃរបស់ប្រពន្ធរងរបួស ប្រពន្ធទ្រាំមិនបាន ក៏ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួនតែម្តង ។ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ ប្តីវាយនិងចាក់ប្រពន្ធខ្លួនឯងខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីអំពើហិង្សាក្នុងគ្រួសារមួយ កើតឡើងដែលបង្កដោយឈ្មោះ សៀប ថេត ហៅគួក ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាប្តី បានផឹកស្រាស្រវឹងហើយបានធ្វើសកម្មភាពវាយនិងចាក់ទៅលើប្រពន្ធឈ្មោះ ម៉ាំ សៀម អាយុ៤៤ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ចំមាត់០១ដៃ បណ្តាលឱ្យដួលសន្លប់ និងយកពន្លៀកចាក់កដៃខាងស្តាំ បណ្តាលឱ្យរងរបួសដាច់ស្បែកចេញឈាមផងដែរ ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បាននិយាយបន្តថា ក្រោយពីបានទទួលព័ត៌មានខាងលើរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរាល់ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងជោ ចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ជាបណ្ដោះអាសន្ន។
ក្រោយសួរនាំជនដៃដល់ជាប្តីសារភាពថា ពិតជាបានប្រហិង្សា និងយកពន្លៀកចាក់កដៃប្រពន្ធមែន បច្ចុប្បន្ន ជនដៃដល់ជាប្តី កំពុងសួរនាំ និងកសាងសំណុំបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ