ជនភៀសសឹកជាង៤,៥០០គ្រួសារ ក្នុងស្រុកបន្ទាយអំពិល ទទួលបានអង្ករជាអំណោយរបស់រាជរដ្ឋាភិបាល
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១…
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១…
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្ល៊ែរ ឃូណន់ (Claire Conan) នាយិកា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាល ជូនជនភៀសសឹក សរុបចំនួន ៤,៥៥២គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
អំណោយរបស់រាជរដ្ឋាភិបាល គឺជាការបង្វែអំណោយពីកម្មវិធីស្បៀង ដែលត្រូវឧបត្ថម្ភតាមសាលារៀន មកប្រគល់ជូនជនភៀសសឹកវិញបន្ទាប់ពីកើតមានជម្លោះតាមបន្ទាត់ព្រំដែន ដោយការប្រគល់ស្បៀងនៅថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម ។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ពិសេសកម្មវិធីស្បៀងអាហារពិភពលោក ដែលរៀបចំបង្វែអំណោយជាអង្កររបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវឧបត្ថម្ភតាមសាលារៀន ប៉ុន្តែសាលារៀនមិនអាចបើកដំណើរការបានដោយសារជម្លោះព្រំដែន ហើយប្តូរមកប្រគល់ជូនជនភៀសសឹកវិញ គឺជាការយកចិត្តទុកដាក់ដ៏ចាំបាច់បំផុតដល់ជនភៀសសឹកឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងការស្នាក់នៅបណ្តោះអាសន្នមួយយ៉ាងសមរម្យ។
ទន្ទឹមគ្នានេះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អំណោយ និងឃីតជាច្រើន បូករួមជាមួយអំណោយពីសប្បុរសជន បានជួយឱ្យការរៀបចំមណ្ឌលសុវត្ថិភាពគ្រប់ទីតាំងទទួលបានស្បៀងគ្រប់គ្រាន់។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងថា ផ្អែកតាមសភាពការណ៍តាមបន្ទាត់ព្រំដែនមានការឯកភាពគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បងប្អូនជនភៀសសឹកអាចត្រឡប់ទៅលំនៅដ្ឋានវិញបណ្តើរៗ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវិលទៅប្រក្រតី។
នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជនភៀសឹកទាំងអស់ សូមបន្តថែរក្សាសុខភាព ពិសេសស្ត្រីមានផ្ទៃពោះ និងកុមារ ៕
ចែករំលែកព័តមាននេះ