រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបបន្ទាន់ ក្នុងការសង្រ្គោះ ពិនិត្យព្យាបាលប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្រសួងសុខាភិបាល ទទួលបានឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រពីអង្គការសុខភាពពិភពលោក។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល
ទទួលបានឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោក ដើម្បីឆ្លើយតបបន្ទាន់ ក្នុងការសង្រ្គោះ ពិនិត្យព្យាបាលប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោកវេជ្ជបណ្ឌិត Pascal Ringwald តំណាង ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ជំនួយនិងការគាំទ្រដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោក ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការការពារ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺឆ្លង ជំងឺមិនឆ្លង មាតា ទារក និងកុមារ និងប្រជាពលរដ្ឋរងគ្រោះ ជាពិសេសការផ្គត់ផ្គង់ទាំងនេះនឹងអនុញ្ញាតឱ្យបុគ្គលិកសុខាភិបាលជួរមុខ ផ្តល់សេវាសង្គ្រោះដល់ប្រជាជនរងគ្រោះ ដែលផ្លាស់ទីលំនៅ ក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ លើសពីនេះទៀត WHO កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យ ការវិភាគស្ថានភាពសុខភាពសាធារណៈ និងការទំនាក់ទំនងហានិភ័យ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបន្តថាការគាំទ្រដ៏សំខាន់នេះឆ្លុះបញ្ចាំងមិនត្រឹមតែភាពជាអ្នកដឹកនាំសកលរបស់អង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបគ្រោះអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្មារតីរឹងមាំនៃសាមគ្គីភាព និងភាពជាដៃគូដែលយើងបានកសាងជាមួយគ្នាអស់ជាច្រើនឆ្នាំមកនេះ៕
ចែករំលែកព័តមាននេះ