ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ដំបូលប្រូស៊ីម៉ង់ត៍ មានទំហំ៥ គុណនឹង១១ម៉ែត្រ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង និងផ្ទះ មួយខ្នងទៀត រងការឆេះខូចខាតប្រហែល២០% ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។
លោក លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកបង្ការ និងបន្លត់អគ្គិភ័យបានឲ្យដឹងថា ផ្ទះរងការខូចខាតដោយសារអគ្គិភ័យនោះ មានម្ចាស់ផ្ទះឈ្មោះ ពុល សុភា ភេទស្រី អាយុ៥៥ឆ្នាំ ។
ចំពោះការខូចខាតមានសម្ភារៈក្នុងផ្ទះ និងផ្ទះ ត្រូវបានឆេះខ្ទេចទាំងស្រុង ។ ដោយឡែក ក្នុងហេតុការណ៍នោះក៏មានឆេះផ្ទះមួយខ្នងទៀតជារបស់ឈ្មោះ អឿន វណ្ណៈ ត្រូវបានអគ្គិភ័យឆេះអស់ប្រហែល ២០% ផងដែរ ។

លោកស្នងការរងនគរបាលខេត្តបានបន្តថា ចំពោះកិច្ចអន្តរាគមន៍ចុះពន្លត់នេះ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន៥គ្រឿងក្នុងនោះរថយន្តអធិការដ្ឋាននគរបាលស្រុករលាប្អៀរ១គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន៤ គ្រឿង ដោយបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំនួន១០រថយន្ត ។
លោកបានបញ្ជាក់ថា ក្នុងករណីខាងលើនេះពុំមាននរណារងរបួសក្នុងហេតុការណ៍នោះទេ ៕




ចែករំលែកព័តមាននេះ