ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជោគជ័យទឹកស្អាតនៅកម្ពុជា ជំរុញជប៉ុនពង្រីកអាជីវកម្មទៅអាស៊ី និងអាហ្វ្រិក

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ ទីក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន គ្រោងប្រើបទពិសោធកិច្ចសហប្រតិបត្តិការជាង៣០ឆ្នាំជាមួយកម្ពុជា ជាមូលដ្ឋានពង្រីកអាជីវកម្មទឹកស្អាតទៅអាស៊ី និងអាហ្វ្រិក ព្រមទាំងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ណាកាមូរ៉ា យ៉ូស៊ីអូ ប្រធានក្រុមប្រឹក្សាក្រុង ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទីក្រុងគីតាគ្យូស៊ូ ចាប់តាំងពីឆ្នាំ១៩៩៦ តាមរយៈជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល ដែលរួមចំណែកធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងតាមបណ្តាខេត្ត។ ជោគជ័យនេះត្រូវបានចាត់ទុកជាមូលដ្ឋានសំខាន់សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យធុរជនជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យទឹកស្អាត និងឧស្សាហកម្ម ដោយក្រសួងត្រៀមសម្របសម្រួល និងជំរុញភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានជួបជាមួយលោក តាកេអ៊ុចិ កាហ្ស៊ូហ៊ីសា អភិបាលក្រុងគីតាគ្យូស៊ូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគបន្ថែម។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៥ ក្រសួង សាលាក្រុងគីតាគ្យូស៊ូ និងសមាគមធុរកិច្ចទឹកស្អាតក្រៅប្រទេសនៃទីក្រុងនេះ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន៕​