រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាខួប២១ឆ្នាំនៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ សិល្បៈបុរាណនេះមានប្រវត្តិយូរលង់ និងត្រូវបានខ្មែរចាត់ទុកជាសិល្បៈសក្ការៈដ៏ខ្ពង់ខ្ពស់មួយ។ នេះបើយោងតាមការចងក្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ល្ខោនស្បែកធំមានលក្ខណៈពិសេស ដោយសម្តែងតែរឿងរាមកេរ្តិ៍ និងធ្លាប់ប្រើក្នុងព្រះរាជពិធីសំខាន់ៗ ដូចជា ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ព្រះរាជពិធីចម្រើនព្រះជន្ម និងពិធីថ្វាយព្រះភ្លើងរាជវង្សានុវង្ស ព្រមទាំងពិធីប្រពៃណីសំខាន់ៗមួយចំនួន។ សិល្បៈនេះត្រូវបានថែរក្សាតាមរយៈការគាំទ្រពីព្រះមហាក្សត្រ អង្គការ សមាគមសិល្បៈ និងសហគមន៍ដែលបន្តអនុវត្ត និងបង្រៀនពីជំនាន់មួយទៅជំនាន់មួយ។
ការសម្តែងត្រូវការផ្ទាំងស្បែកធំៗរាប់រយផ្ទាំង ដែលឆ្លាក់ជាតួអង្គ និងឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ដោយភាគច្រើនប្រើស្បែកគោ និងមានការប្រើស្បែកសត្វផ្សេងទៀតសម្រាប់តួអង្គសំខាន់ៗតាមទំនៀម។ ការសម្តែងធ្វើឡើងនៅពេលយប់ ដោយប្រើពន្លឺបញ្ចាំងពីខាងក្រោយផ្ទាំងក្រណាត់ស និងមានវង់ភ្លេងពិណពាទ្យប្រគំកំដរ ព្រមទាំងអ្នកពោលរៀបរាប់សាច់រឿង។ បច្ចុប្បន្ន ពន្លឺភ្លើងអគ្គិសនីត្រូវបានប្រើជំនួសភ្នក់ភ្លើងតាមបែបបុរាណ។
ក្នុងឱកាសខួប២១ឆ្នាំនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអបអរសាទរចំពោះការទទួលស្គាល់ដ៏មានតម្លៃនេះ និងបានគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ ដូច្នេះ ការចូលរួមអភិរក្ស ថែរក្សា និងផ្ទេរចំណេះដឹងសិល្បៈល្ខោនស្បែកធំទៅកាន់មនុស្សជំនាន់ក្រោយ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការរក្សាមរតកវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរឱ្យគង់វង្ស៕
ចែករំលែកព័តមាននេះ