ខេត្តរតនគិរី៖ ខេត្តរតនគិរីទទួលបានអ្នកដើរកម្សាន្តសរុប៥៩ ៩១២នាក់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក កើនឡើង៤,៧% បើធៀបនឹងរយៈពេលដូចគ្នា។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបមាន២៥ ៩៨៤នាក់ រួមមានភ្ញៀវជាតិ២៥ ១៦៧នាក់ និងភ្ញៀវអន្តរជាតិ៨១៧នាក់ ខណៈប្រជាពលរដ្ឋក្នុងខេត្តចេញដើរកម្សាន្តមាន៣៣ ៩២៨នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ដែលចុះផ្សាយដោយរដ្ឋបាលខេត្តរតនគិរី។
ក្នុងឱកាសនេះ ខេត្តបានរៀបចំព្រឹត្តិការណ៍ «ឦសាន Overland III» ដោយមានក្បួនរថយន្ត និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននានា ព្រមទាំងកម្មវិធីអកអំបុក សំពះព្រះខែ និងបង្ហោះគោមនៅតាមវត្តអារាមក្នុងខេត្ត។
ទន្ទឹមនឹងនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់ត្រូវបានរក្សាបានល្អ ខណៈសណ្ឋាគារ និងភោជនីយដ្ឋានបានអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ដើម្បីពង្រឹងគុណភាពសេវាកម្ម និងបំពេញតម្រូវការភ្ញៀវទេសចរ។
ការទាក់ទាញភ្ញៀវកម្សាន្តនេះ ក៏ស្របពេលរដ្ឋបាលខេត្តបានអភិវឌ្ឍសម្បទាទេសចរណ៍ជាច្រើននៅតំបន់បឹងកន្សែង ដូចជា សួនច្បារ សួនកម្សាន្ត ទូរទស្សន៍អេក្រង់ធំ ខ្សែរ៉ត រូបសំណាកគ្រួសារ សត្វអក សត្វដំរី និងស្ពានជួបស្នេហ៍ ដើម្បីបង្កើនភាពទាក់ទាញ ផ្តល់ជម្រើសកម្សាន្ត និងជំរុញសេដ្ឋកិច្ចទេសចរណ៍ក្នុងខេត្ត៕
ចែករំលែកព័តមាននេះ