ខេត្តសៀមរាប៖ ទូក «សូទ្រនិគមមានជ័យបារមីតាពេជ្រ» មកពីស្រុកសូទ្រនិគម ដណ្ដើមបានជ័យលាភីលេខ១ ក្នុងការប្រណាំងទូក ង នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ឆ្នាំ២០២៦ ដែលបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៥ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ការប្រកួតរយៈពេល៣ថ្ងៃនេះ មានទូកខ្នាតអន្តរជាតិចូលរួមចំនួន២០ទូក មកពីខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ និងកណ្ដាល ព្រមទាំងទូកផ្កាចារចំនួន១៩ទូក ទូកនាគចំនួន១៨ទូក និងទូកយុវជនចូលរួមអុំជាកិត្តិយស។ ចំពោះជ័យលាភីវិញ្ញាសាទូកនាគអន្តរជាតិ លេខ១បានទៅលើទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ» ខណៈវិញ្ញាសាទូកផ្កាចារ លេខ១បានទៅលើទូក «ពេជ្រកុមារសែនជ័យ» មកពីខេត្តកណ្ដាល។
ក្នុងពិធីបិទការប្រកួត លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអបអរសាទរចំពោះក្រុមទូកជ័យលាភី និងកោតសរសើរស្មារតីកីឡា ការតស៊ូ និងសាមគ្គីភាពរបស់កីឡាករគ្រប់ក្រុម។ លោកបានបញ្ជាក់ថា ការប្រកួតប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដោយមិនមានឧបទ្ទវហេតុអវិជ្ជមាន ព្រមទាំងលើកទឹកចិត្តក្រុមដែលមិនទាន់ទទួលបានជ័យលាភីឱ្យបន្តហ្វឹកហាត់ និងពង្រឹងសមត្ថភាពសម្រាប់ការប្រកួតឆ្នាំក្រោយ។
ក្រៅពីជាការប្រកួតកីឡាប្រពៃណី ព្រឹត្តិការណ៍នេះក៏ជាការរួមចំណែកអភិរក្ស និងលើកស្ទួយវប្បធម៌ខ្មែរ ជំរុញការចូលរួមរបស់យុវជន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តសៀមរាប ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕
ចែករំលែកព័តមាននេះ