ខេត្តព្រះសីហនុ៖ កម្ពុជា និងចិន បានបើកសមយុទ្ធយោធារួម «នាគមាស-២០២៦» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ចោរសមុទ្រ និងការសង្គ្រោះមនុស្សធម៌។ ពិធីបើកសមយុទ្ធនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមនាវីទោ លីវ ស៊ូមីន មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិ។
សមយុទ្ធនេះជាលើកទី៨ នៃកិច្ចហ្វឹកហ្វឺនយោធារួមរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះបានពង្រីកវិសាលភាពលើវិស័យជើងគោក ជើងទឹក និងជើងអាកាស។ ការហ្វឹកហ្វឺនប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ជាច្រើន រួមមាន នាវាចម្បាំង ឧទ្ធម្ភាគចក្រ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធបញ្ជាការទំនើប និងយន្តហោះគ្មានមនុស្សបើក។
តាមក្រសួងការពារជាតិ សមយុទ្ធនេះធ្វើឡើងក្រោមគោលការណ៍តម្លាភាព ស្មើភាព និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងមិនមានគោលបំណងគំរាមកំហែង ឬប៉ះពាល់ដល់ប្រទេសទីបីណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចហ្វឹកហ្វឺននេះមានគោលដៅរួមចំណែកពង្រឹងសន្តិសុខរួម និងសមត្ថភាពជួយសង្គ្រោះមនុស្សធម៌។
សមយុទ្ធ «នាគមាស-២០២៦» ក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងការពូនជ្រំចំណងមិត្តភាពរវាងកម្ពុជា និងចិន ដើម្បីពង្រឹងកិច្ចសហការរវាងកងកម្លាំងប្រទេសទាំងពីរ និងជំរុញចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំ៕
ចែករំលែកព័តមាននេះ