ខេត្តកំពត ៖ គួរឱ្យអាណិតអាសូរណាស់ បុរសម្នាក់ឈ្មោះកៅ ឈឹម អាយុ42ឆ្មាំ គ្មានប្រពន្ធកូនទេ គាត់ចងអង្រឹងដេកក្រោមផ្ទះគេទុកចោលអស់រយៈពេលបួនខែហើយ ស្ថិតនៅក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
បុរសដែលកំពុងដេកឈឺក្នុងអង្រឹងក្រោមផ្ទះអ្នកភូមិទុកចោលបានរៀបរាប់ប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី17 ខែកក្កដា ឆ្នាំ2025 នេះថា គាត់មានប្រពន្ធដែរ តែបានលះលែងចែកផ្លូវគ្នាបាត់ហើយ។
បុរសខាងលើបានបន្តថា ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ គាត់ក៏បានចេញទៅស៊ីឈ្នួលគេនៅស្រុកស្រែអំបិលក្នុងឆ្នាំ2023នេះ គាត់ក៍ត្រឡប់មកស្រុកកំណើតហើយរកការងារធ្វើតិចតួច រកប្រាក់គ្រាន់ទិញបាយហូប លុះនៅឆ្នាំ2025នេះ គាត់ក៏ធ្លាក់ខ្លួនឈឺ ដោយសារដាច់ខ្សែអង្រឹងហើយធ្លាក់ត្រូវឈើនៅពីក្រោមអង្រឹង អត់ប្រាក់មើលខ្លួន ហើយគ្មានប្រពន្ធកូនជាទីពឹងទៀត ទើបបានជាជំងឺរបស់គាត់កាន់ធ្ងន់ទៅៗ រហូតដល់ដើរលែងរួច ក៏ដេកនៅតែលើអង្រឹងក្រោមផ្ទះដែលគេទុកចោល។
បុរសរូបនេះនិយាយប្រាប់ថា គាត់មានបងប្អូនប្រុសៗដែរ តែខ្លះក៏លើកបាយទឹកអោយ ខ្លះនៅឆ្ងាយគេមកអើតមួយភ្លាតក៏ចេញបាត់ទៅវិញ។
បុរសរូបនេះបានបញ្ជាក់ប្រាប់ចុងក្រោយថា ខណៈស្ថានភាពជំងឺរបស់គាត់មានតែទៅមុខ ដោយសារគាត់គ្មានលុយសម្រាប់មើលខ្លួនផងហ្នឹង សូម្បីតែបាយ ក៏ដេកហូបតែក្នុងអង្រឹងដែរ ។ ម្យ៉ាងដៃម្ខាងហើមធំ អត់លុយទៅព្យាបាលទៀតផង។
រីឯលោកមេភូមិដាសស្គរ បានអោយដឹងថា បុរសដែលមានជំងឺខាងលើនោះគ្មានប្រពន្ធកូនទេ ហើយគាត់បានរាយការណ៍ប្រាប់លោកមេឃុំដែរ តែសង្ឃឹមគាត់នៅភូមិរកអ្វីមិនបានអោយអ្នកជំងឺទេ ៕




ចែករំលែកព័តមាននេះ