ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ឆមាស ច្រកចេញ​-​ចូល​តែ​មួយ​ខេត្ត​ប៉ៃលិន​បម្រើ​ពលរដ្ឋ​បាន​ជាង​២​ម៉ឺន​សេវា ទទួល​ចំណូល​បាន​ជាង​១​ពាន់​លាន​រៀល

3 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​របាយការណ៍​ផ្ដល់​មក​ក្រុម​អ្នក​ព័ត៌មាន​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​១​ឆមាស​កន្លង​ទៅ​នា​ដើមឆ្នាំ​២០២៥​នេះ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត​ប៉ៃលិន បាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៣.៤៧៥​សេវា ទទួល​បាន​ចំណូល​សរុប​ជាង​១.១៣៤​លាន​រៀល ហើយ​ចំនួន​នេះ ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​២០២៤ ដែល​ច្រក​ចេញចូល​តែ​មួយ​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​របាយការណ៍​ផ្ដល់​មក​ក្រុម​អ្នក​ព័ត៌មាន​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​១​ឆមាស​កន្លង​ទៅ​នា​ដើមឆ្នាំ​២០២៥​នេះ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត​ប៉ៃលិន បាន​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៣.៤៧៥​សេវា ទទួល​បាន​ចំណូល​សរុប​ជាង​១.១៣៤​លាន​រៀល ហើយ​ចំនួន​នេះ ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​២០២៤ ដែល​ច្រក​ចេញចូល​តែ​មួយ​ខេត្ត​ប៉ៃលិន បាន​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​សរុប​ចំនួន ៤៣.៦២៩​សេវា និង​ទទួល​បាន​ចំណូល​ជាង ២.០៧២​លាន​រៀល​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា សម្រាប់​រយៈពេល​៦​ខែ​នា​ឆ្នាំ​ថ្មី​នេះ សេវា​ផ្ដល់​បាន​ច្រើន​ជាងគេ គឺ​វិស័យ​រដ្ឋបាល មាន​ចំនួន ១២.៨៦០ សេវា ទទួល​បាន​ចំណូល​ជាង​២៦៧​លាន​រៀល​។ ក្រោយមក គឺ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន មាន​ចំនួន ៥.១១០​សេវា ទទួល​បាន​ចំណូល​ជាង​៤៣២​លាន​រៀល វិស័យ​សុខាភិបាល​មាន​៤.៨៧០​សេវា ទទួល​បាន​ចំណូល ជាង​៦៧​លាន​រៀល​, វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មាន​២៨៩​សេវា ទទួល​បាន​ចំណូល​ជាង​២៣៣​លាន​រៀល ខណៈ​ដែល​វិស័យ​ពុំ​មាន​អ្នក​មក​ស្នើ​សុំ​សោះ​នោះ គឺ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​ធ្វើ​ទំនើប​កម្ម ដោយ​អភិវឌ្ឍ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​ខេត្ត ឱ្យ​មាន​លក្ខណៈ​ស្តង់ដា ស័ក្តិសម​សម្រាប់​ការ​បំពេញភារកិច្ច​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​របស់​មន្ត្រី និង​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ស្នើ​សុំ និង​សេវា​រប​ទាំង​អគារ​បំពេញការងារ សម្ភារៈ​បច្ចេកទេស​ផ្សា​ភ្ជាប់​នឹង​ប្រព័ន្ធ​ឌី​ជី​ថ​ល ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ផ្ដល់​សេវា​មាន​ភាព​លឿន​ឆាប់រហ័ស​ស្រប​តាម​ការ​កំណត់ ហើយ​ឱ្យធ្វើ​កាន់តែ​លឿន គឺ​កាន់តែ​ប្រសើរ​។

លោក​ជំទាវ​អភិបាលខេត្ត​បាន​បន្ត​ទៀត​ថា ឈរ​លើ​មរតក​នយោបាយ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី និង​នីតិកាល​ទី​៧ នេះ​បន្ត​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា រដ្ឋបាល​ខេត្ត​ប៉ៃលិន​មានការ​ដឹកនាំ​តម្រង់​ទិស​ជា​ប្រចាំ ពី​សម្ដេច​ក្រឡាហោម បន្ត​មក​ដល់​បច្ចុប្បន្ន មាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ដល់​ការ​លើកទឹកចិត្ត និង​ណែនាំ​តម្រង់​ទិស​ដល់​មន្ត្រី​ជាប់​ជា​ប្រចាំ ឱ្យ​អនុវត្ត​ការងារ​ច្រក​ចេញចូល​តែ​មួយ ប្រកបដោយ​សីលធម៌ និង​វិជ្ជាជីវៈ ទាំង​ផ្នែក​ជួរ​មុខ និង​ផ្នែក​ជួរ​ក្រោយ ដោយ​បង្កើន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អជា​មួយ​ទីចាត់ការ អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​។

ហើយ​បើ​តាម​ការ​អនុវត្ត​ការងារ​ច្រក​ចេញចូល​តែ​មួយ​ជា​ច្រើន​ឆ្នាំ​កន្លង​មករ​ហូត​ដល់​បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​លើក​សំណូមពរ​ត្រង់​ៗ ទៅ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ ស្នើ​សុំ​ឱ្យ​មានការ​សម្របសម្រួល​ពី​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​នៅ​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ឆ្លើយ​តប​លើ​ការងារ បច្ចេកទេស នៃ​ការ​ផ្តល់​សេវា និង​ស្នើ​ឱ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួងមហាផ្ទៃ ព​ន្លឿ​ន​ការ​ធ្វើ​សន្ធានកម្ម ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចុះបញ្ជី​ឱ្យ​ចូល​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​ចុះបញ្ជី​សេវា​១ ដែល​ប្រើ​ពេល​២​ដង​។

ចំពោះ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​រយៈពេល​៦​ខែ នា​ដើមឆ្នាំ​២០២៥​នេះ នៅ​ពុំ​ទាន់​បាន​ទទួល​ការ​ស្នើ​សុំ​សេវា​ណាមួយ​ពី​ប្រជាពលរដ្ឋ​នៅឡើយ​ទេ នោះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍​ថា វិស័យ ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​មិន​ទាន់​មាន​បែបបទ នីតិវិធី​ច្បាស់លាស់​ដែរ ខណៈ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត ក៏​នៅ​មិន​ទាន់​មាន​គណនី សម្រាប់​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​សេវា នៅ​តាម​អន​ឡាញ​នៅឡើយ​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងមហាផ្ទៃ បាន​ខិតខំ​រៀបចំ​ឱ្យ​មាន​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៅ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​សម្រួល និង​បង្ខិត​សេវា​កាន់តែ​ជិត​ប្រកបដោយ​តម្លាភាព និង​មាន​ភាព​ទទួលខុសត្រូវ ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ឈរ​លើ​មូលដ្ឋាន​នៃ​មរតក​យុទ្ធសាស្ត្រ​បញ្ច​កោណ ក្នុង​គោលបំណង លើកកម្ពស់​ប្រសិទ្ធភាព​ស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​មាន​លក្ខណ​សាមញ្ញ ឆាប់រហ័ស​តម្លាភាព គណនេយ្យ​ភាព និង​ភាព​ជឿ​ទុកចិត្ត​បាន​។

យន្តការ​ច្រក​ចេញចូល​តែ​មួយ ត្រូវ​បាន​ទទួលស្គាល់​ថា ជា​សមិទ្ធផល​នយោបាយ​ដ៏​ជោគជ័យ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន ដែល​បាន​និង​កំពុង​ដើរ​លើ​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​ស្រប​តាម​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ