ចាក់សោទុកកូនតូចៗ២នាក់ក្នុងផ្ទះ រួចឪពុកចេញទៅផឹកបាត់ ស្រាប់តែឮសម្លេងក្មេងយំ និងធុំក្លិនផ្សែង ផ្អើលអ្នកជិតខាងជួយសង្គ្រោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីបុរសជាឪពុកម្នាក់ពេលដើរចេញពីផ្ទះបានចាក់សោ ដោយទុកឱ្យកូនតូចៗចំនួន២នាក់ដែលមានអាយុ៥ឆ្នាំនៅក្នុងផ្ទះ ស្រាប់តែមានអគ្គិភ័យកើតឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចចុះមកជួយសង្គ្រោះកូនតូចៗទាំង២នាក់ទាន់ពេលវេលា ដោយពុំមានក្មេងណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ចំណុចផ្ទះលេខ 239E3 ជាន់ទី៣ ផ្លូវ២១៧z សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញឪពុករបស់ក្មេងប្រុសតូចៗទាំង២នាក់ ដើរចេញពីផ្ទះ រួចទាញមេសោមកចាក់ ដោយទុកអោយកូនតូចៗទាំង២នាក់ មានវ័យត្រឹមតែ៥ឆ្នាំ នៅខាងក្នុងផ្ទះនោះ រួចបុរសជាឪពុកចេញទៅផឹកបាត់ ។ ខណៈនោះ ក៏ស្រាប់តែឮសម្លេងក្មេងយំ និងមានធុំក្លិនផ្សែង ទើបផ្អើលដល់អ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្តង ។
ភ្លាមៗនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះមកដល់ទីតាំងកើតហេតុ នឹងបានបញ្ជាអោយនគរបាលជំនាញ ទម្លោះទ្វារចូលជួយសង្គ្រោះកូនតូចៗទាំង២នាក់ ចុះមកក្រោម ដោយសុវត្ថិភាព ។
ក្នុងករណីគ្រោះអគ្គិភ័យខាងនេះដែរ បានបង្កការខូចខាតសម្ភារៈអស់មួយចំនួនតូច តែមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកើតហេតុចំនួន៣គ្រឿង និងបានបាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីកូនតូចៗទាំង០២នាក់ខាងលើ លេងដែកកេះ ទើបបង្កជាអគ្គិភ័យឆាបឆេះបែបនេះ ៕














ចែករំលែកព័តមាននេះ