ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកអត្ថាធិ​ប្បាយ​វិទ្យុ​អាស៊ី​សេរី ព្រោះ​លួចដំឡើងវិទ្យុក្នុងសណ្ឋាគារ​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏​ឆ្នើម​ប្រចាំ​វិទ្យុ​អាស៊ី​សេរី​២នាក់ ត្រូវ​បាន​កម្លាំង​​​សមត្ថកិច្ច​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ពេជ្រ កែ​មុនី អភិបាល​ខណ្ឌធ្វើ​ការ​ឃាត់ខ្លួន​ ប​ញ្ចូ​ន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​សង្ស័យ​ថា ​ពួកគេបាន​​លួចលាក់​ដំឡើង​វិទ្យុ​ផ្សព្វផ្សាយ​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ដ៏​ឆ្នើម​ប្រចាំ​វិទ្យុ​អាស៊ី​សេរី​២នាក់ ត្រូវ​បាន​កម្លាំង​​​សមត្ថកិច្ច​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ពេជ្រ កែ​មុនី អភិបាល​ខណ្ឌធ្វើ​ការ​ឃាត់ខ្លួន​ ប​ញ្ចូ​ន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​សង្ស័យ​ថា ​ពួកគេបាន​​លួចលាក់​ដំឡើង​វិទ្យុ​ផ្សព្វផ្សាយ​ព័ត៌មាន ​​ដោយ​ខុសច្បាប់​​ចេញ​ទៅ​ក្រៅ​ប្រទេស ។

ការ​ឃាត់ខ្លួន​ ធ្វើ​ឡើង​ក្នុង​ការ​ពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​យីហោ «​ម៉ារ​
ឌី​»  ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​ផ្លូវ​មុនី​រ៉េ​ត  ​ក្នុងភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៨​នាទី​យប់ ​ថ្ងៃ​ទី​១៤ ​វិច្ឆិកា ​ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ លោក​អ៊ុំ សុ​ភ័ក្ត្រ នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ។

មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ( RFA ) ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​​ ម្នាក់​ឈ្មោះ អ៊ួ​ង ឈិ​ន ភេទ​ប្រុស អាយុ​ជាង​​៤០​ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​​ស្ថិត​នៅផ្ទះ​លេខ​៩២ ផ្លូវ​លេខ​១៨ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​​ជ័យ រាជធានី​ភ្នំពេញ  និងម្នាក់ទៀត​ឈ្មោះយាង សុធារិន្ទ (ហៅយាង សុជាមេត្តា)  ភេទប្រុស អាយុ​៣៥ឆ្នាំ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យឱ្យ​​ដឹង​ថា ជនសង្ស័យ​បាន​មក​ជួល​បន្ទប់​លេខ​E04 ជាន់​ទី​៧ នៃ​សណ្ឋាគារ​ខាងលើ ក្នុង​តម្លៃ​២០០​ដុល្លារ ដោយ​កម្លាំង​អាជ្ញាធរ​សង្ស័យ​ថា ​បាន​លួចលាក់​តម្លើង​ជា​បន្ទប់​ផ្សាយ​ព័ត៌មាន​ តាម​វិទ្យុ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ខាងលើ ក្រោយ​រក​ឃើញ​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន ។

ចំពោះ​មុខ​កម្លាំង​អាជ្ញាធរ​ចម្រុះ លោក​អ៊ួ​ង ឈិ​ន បាន​ឆ្លើយ​ថា  រូប​លោក​បាន​ជួល​បន្ទប់​សណ្ឋាគារ​នេះ​ ដើម្បី​បើក​ស្ទី​ឌី​យោ​ច្រៀង​ខារ៉ាអូខេ និង​ថត​វី​ដេ​អូ ក្នុង​កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍ និង​ពិធីបុណ្យ​ផ្សេង​ៗ​ សម្រាប់​អាណិក​ជន​ជួល​ទៅ​តាម ​តម្រូវការ​ជាក់ស្តែង និង​គ្រោង​​រៀបចំ​ថត​ចម្រៀង​ សម្រាប់​លក់កម្សាន្ត​ត​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ មិន​មាន​បំណង​ក្នុង​គោលដៅ​អ្វី​ផ្សេង​ឡើយ ។

យ៉ាងណាមិញ​ ក្រោយ​ការ​សាក​សួរនាំ​យ៉ាង​ល្អិតល្អន់​រួច​មក លោក​អ៊ួ​ង ឈិ​ន ត្រូវ​បាន​កម្លាំង​​អាជ្ញាធរ​ចម្រុះ ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញារ​រង បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ប​ញ្ចូ​ន​​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ទាំង​យប់ ដើម្បី​សាកសួរ​នាំ​បន្ថែម និង​បន្ត​នីតិវិធី​។

ក្នុង​ការ​ឃាត់ខ្លួន កម្លាំង​អាជ្ញាធរ​ចម្រុះ បាន​រក​ឃើញ ម៉ា​ស៊ី​កុំព្យូទ័រ Dastop ៤​គ្រឿង Laptop​មួយ​គ្រឿង Mixer មួយ​គ្រឿង Speaker មួយគូរ ទូរទស្សន៍ ២​គ្រឿង Moniter Speaker មួយគូរ Microphone ចំនួន​៥ រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​នឹង​ការ​តម្លើង​ស្ទី​ឌី​យោ​វិទ្យុ​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

គួររំលឹក​​ថា វិទ្យុ​អាស៊ី​សេរី (RFA) ត្រូវ​បាន​គេ​ដឹង​ថា ជា​វិទ្យុ​មួយ​ដែល​មាន​ទំនោ​រ​ទៅ​រក​បក្ស​ប្រឆាំង និង​គាំទ្រ​ ដោយ​សហរដ្ឋអាមេរិក ត្រូវ​បាន​សំរេច​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា និង​បិទ​ការិយាល័យ​ទាំងស្រុង នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​វិទ្យុ​នេះ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ​កញ្ញា ឆ្នាំ​២០១៧​ កន្លង​​ទៅ ។

​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​​ នេះ កម្លាំង​ចម្រុះ​ខណ្ឌមានជ័យ រួម​ទាំង​មន្ទីរ ក្រសួង​ពាក់ព័ន្ធ នឹង​ចុះ​ទៅ​ពិនិត្យ​បន្ទប់​ជួល​ជនសង្ស័យ​ម្តងទៀត ដើម្បី​ពិនិត្យ​រក​ការ​ពិត​ដូចដែល​កម្លាំង​អាជ្ញាធរ​សង្ស័យ​ថា បាន​លួចលាក់​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខុស
ច្បាប់ ៕

អត្ថបទសរសេរ ដោយ