ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​ព័ត៌​មាន​ត្រូវ​បង្កើន​សមត្ថ​ភាព​ផ្សព្វ​ផ្សាយ​ព័ត៌​​មាន​ពិត​និង​ក្រម​សីល​ធម៌​

2 ម៉ោង មុន
  • ពោធិ៍សាត់

​ខេត្តពោធិ៍សាត់ ៖ នៅ​សាល​ប្រជុំ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥​ ឯកឧត្តម ស៊ុម វឌ្ឍនៈ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន…

​ខេត្តពោធិ៍សាត់ ៖ នៅ​សាល​ប្រជុំ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥​ ឯកឧត្តម ស៊ុម វឌ្ឍនៈ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដោយ​មានការ​ចូលរួម​ពី​លោក ញឹក បាន​ខេ​ង អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​បន្ត​សម្រាប់​អនុវត្ត​ការងារ​ឆ្នាំ​២០២៦ របស់​មន្ទីរ​ព័ត៌មាន​ខេត្ត ។

លោក លាង ទិ​ត​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​រាយការណ៍​ជូន​អំពី​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លង​មកនេះ ជា​ពិសេស​ការ​ផ្សព្វផ្សាយ​ព័​ត៌មានបាន​ទាន់​ហេតុការណ៍ និង​ការ​គ្រប់គ្រង​សន្តិសុខ​ព័ត៌មាន​ក្នុង​ខេត្តពោធិ៍សាត់ ។ ទិស​ដៅ​ឆ្នាំ២០២៦ គឺ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ៗ ដើម្បីពង្រឹងគុណភាព​ព័ត៌មាន បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី និង​ពង្រីក​កិច្ចសហការ​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​មូលដ្ឋាន ។

លោក ញឹ​ម បាន​ខេ​ង អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​បានបំពេញភារកិច្ច​យ៉ាង​សកម្ម ក្នុង​ការ​នាំ​យក​ព័ត៌មានពិត ពី​សកម្មភាព​អភិវឌ្ឍន៍​របស់​ខេត្ត​ទៅ​កាន់សាធារណជន​បាន​យ៉ាង​រហ័ស និង​ទាន់​សភាពការណ៍ ។ លោក​បញ្ជាក់​ថា ព័ត៌មាន​គឺជា​ស្ពានចម្លង​ដ៏​សំខាន់​រវាង​រដ្ឋបាល​ខេត្ត​និង​ប្រជាពលរដ្ឋ ក្នុង​ការ​ចូលរួម​ចំណែក​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ។

លោក​អភិបាលរង​ខេត្ត បាន​ផ្តល់​នូវ​អនុសាសន៍​គន្លឹះ​មួយ​ចំនួន​សម្រាប់​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ គឺ​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​និង​អ្នក​សារព័ត៌មាន​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ផ្សាយ​តែ​ព័ត៌មាន​ពិត ចៀសវាង​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ។ បន្ត​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន ព្រមទាំង​បន្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​កិច្ចសហការ​ល្អ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដើម្បី​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ។

ឯកឧត្តម ស៊ុម វឌ្ឍនៈ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​ព័ត៌មាន​ខេត្តនា​ពេល​កន្លង​មក ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ឱ្យ​មន្ត្រី​ព័ត៌មាន​ទាំងអស់ បង្កើន​សមត្ថ​ភាព​ក្នុង​ការ​កែ​ច្នៃ​ព័ត៌មាន​ឱ្យ​កាន់តែសម្បូរ​បែប​និង​ទាក់ទាញ ប៉ុន្តែ​ត្រូវ​រក្សា​ឱ្យ​បាន​នូវ «​ការ​ពិត​» និង «​ក្រមសីលធម៌​» ដើម្បី​ក្លាយជា​ប្រភព​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ទុកចិត្ត និង​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​សង្គម ។

ឯកឧត្តម បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ព័ត៌មាន​ទាំងអស់ត្រូវ​បន្ត​ធ្វើ​ជា​សេនាធិការ​ដ៏​រឹង​មាំ​ជូន​ក្រសួង​ព័​ត៌មាន​និង​រដ្ឋបាល​ខេត្ត ដោយ​ត្រូវ​ចេះ​កែ​ច្នៃ​ព័​ត៌មាន​ឱ្យ​មាន​ភាព​ទាក់ទាញ មាន​ខ្លឹមសារ​អប់រំនិង​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើងព្រមទាំង​បន្ត​ខិតខំ​បំពេញភារកិច្ច ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ និង​ប្រជាជន ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ុម វឌ្ឍនៈ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០០​ដុល្លារ​សហរដ្ឋអាមេរិក ចូលរួម​ជួយ​ដល់​កងទ័ព​និង​ប្រជា​ជនភៀសសឹក តាម​រយៈ​លោក ញឹក បាន​ខេ​ង អភិបាលរង​ខេត្ត​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com