ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃ បានធ្វើការដោះលេងអ្នកទោសខ្មែរ២នាក់ ដែលចោទប្រកាន់ពីបទឆ្លងដែនកាប់ឈើគ្រញូង នាំខ្លួនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង០៣ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលេង ១.ឈ្មោះ គៀន ចាន់សារឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទាហានថៃចាប់ខ្លួនថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ជាប់ពន្ធនាគារនៅខេត្តអ៊ូប៊ុន និងម្នាក់ទៀតឈ្មោះ ឃួន អ៊ុ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិតាឡាត់ខ្វាយ ឃុំតាឡាត់ខ្វាយ ស្រុកព្រៃវែង ខេត្តព្រៃវែង ទាហានថៃចាប់ខ្លួនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ អ្នកទាំង២នាក់នេះឆ្លងដែនចូលតាមច្រកត្រពាំង៣ ភូមិត្រពាំង៣ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ក្រុមអាជ្ញាធរដែលបម្រើការងារនៅមាត់ច្រកទ្វារជាំ បានឱ្យដឹងថា អ្នកទោសខ្មែរ២នាក់ ដែលក្រុមអាជ្ញាធរថៃ ដោះលេងឱ្យមានសេរីភាពនាំយកមកប្រគល់ឱ្យនោះ សមត្តកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យឈប់ឆ្លងដែនខុសច្បាប់តទៅទៀត រួចឱ្យវិលត្រលប់ទៅឯស្រុកកំណើតវិញ ក្នុងថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ