ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេតុងទីនហាយសូលក់ផលិតផលតាមអនឡាញម្នាក់ ពាក់ព័ន្ធ​ករណីឆបោ.កប្រាក់ ត្រូវតុលាការ​សម្រេចហើយ​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាស​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាស​សាលក្រមផ្តន្ទាទោស ស្ត្រីអ្នកជំនួញហាយសូ លក់ផលិតផលតាមអនឡាញម្នាក់ ដាក់ពន្ធនាគារកំណត់១ឆ្នាំ​៦ខែ នឹងតម្រូវឱ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី តាមសំណុំរឿងនិមួយៗ ដែលជនជាប់ចោទបានប្រព្រឹត្តកន្លងមក ។

សាលក្រមប្រកាសជាសាធារណៈ ដោយលោក គី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រជំនុំជម្រះ និងចំពោះមុខជនជាប់ចោទ និងមេធាវីការពារសិទ្ធិឱ្យចុងចម្លើយ និងមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណី ។ សាលក្រមបានទុកសិទ្ធិប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។

ជនជាប់ចោទឈ្មោះ ឡុ ង រ៉ា​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជាមេតុងទីនហាយសូ និងលក់ផលិតផលតាមអនឡាញ ស្នាក់នៅ​ផ្ទះ​លេខ​៤០ ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ កន្លងជនជាប់ ចោទបានរងនូវបណ្តឹងជាច្រើនករណីពាក់ព័ន្ធសំណុំរឿង​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧ​បករ​ណ៍​អាច​ជួញដូរបាន ​ពោលគឺប្រើប្រាស់​មូលប្បទានប័ត្រ គ្មាន​សាច់ប្រាក់ (សែក​ស្អុយ​) ។

ពាក់ព័ន្ធបទល្មើសតាមការចោទប្រកាន់នោះ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន មេ​តុងទីន​ហាយសូម្នាក់នេះ ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន បន្ទាប់​ពី​លោក​សឿ ឡង ឌី ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ អម​សាលាដំបូងរាជធានីភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យជាផ្លូវការពី​បទឆបោក និងមិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករ​ណ៍​អាច​ជួញដូរ បាន​ចេញមូលប្បទានប័ត្រ​សែកស្អុយ ដែល​មាន​ទំហំទឹកប្រាក់​ប្រមាណ​រាប់​សិប​ម៉ឺន​ដុល្លារអា​មេ​រិ​កឯណោះ ។ ជនសង្ស័យត្រូវបា​នកម្លាំង​សមត្ថកិច្ច​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយចៅក្រមស៊ើប​សួរសម្រេចឃុំខ្លួនក្នុងពន្ធនាគារចាប់ពីពេលនោះរហូតមក ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា សុំ​ប្តឹង​ឈ្មោះ ឡុ ង រ៉ា​នី និង​ប្ដី ជា​មេ​តុងទីន​បាន​លេង​ជាមួយ​គ្នា​មាន​ក្បាល​តុងទីន ផ្តាច់​ខ្សែ​១០០ (៧)៦០០ (៦)៥០០ (៦) (​ដូច​មាន ក្នុង​ឧ​បសម្ព័ន្ធ ​ភ្ជាប់​) ហើយដើមបណ្តឹង​ជា​កូន​តុងទីន បាន​បង់ប្រាក់គ្រប់​ចំនួនសរុប​៣២៧.១៦០​ដុល្លារ​អា​មេ​រិ​ក​ដល់ពេលត្រូវដេញតុងទីនកើបយកប្រាក់នោះមកវិញ ស្រាប់តែមេ​តុងទីន​ឈ្មោះ ឡុ ង រ៉ា​នី និង​ប្ដី​បានចេញ​មូលប្បទាន​ប័ត្រ​មួយ​សន្លឹក ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី ចំកាត់ ដែល​មាន​ទឹកប្រាក់​ចំនួន​២២៩.៦៦០​ដុល្លារ​អា​មេ​រិ​ក ឱ្យជំនួស និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខា​ងក្រៅ​ឱ្យ​គ្រប់​ចំនួន​បន្ថែម​ទៀត ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ ត្រូវបើកប្រាក់នោះ ស្រាប់​តែ​ខាង​ធនាគារ​ឆ្លើយ តប​ថា មូលប្បទានប័ត្រ​នេះ ពុំមាន​សាច់ប្រាក់​ទេ ហើយ​មេ​តុងទីន​បានប្លុក​មូល​ប្ប​ទានប័ត្រ​នេះ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ទៀត​ផង ។

តាមប្រភពព័ត៌មានឱ្យដឹងទៀតថា នៅ​មានកូន​តុងទីន​ជា​ច្រើន​នាក់​ទៀត ដែល​រង​គ្រោះដោយសារ​មេ​តុងទីន​ពីរ​នាក់​ប្ដី​ប្រពន្ធ​រូប​នេះ វេច​លុយ​រត់ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត២​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​កូន​តុងទីន​ដែល​រង​គ្រោះ​ទាំង​អស់នោះ បាននិងកំពុង​រៀបចំ​ឯកសារ​ពាក់​ព័ន្ធ ដើម្បី ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់​ប្តឹង​ឈ្មោះ​ឡុ​ង រ៉ា​នី និង​ប្ដី​បន្តបន្ទាប់ ។

ពាក្យបណ្តឹងជា​ជន​រង​គ្រោះក៏បានស្នើ​សុំ​ឱ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា ចាត់ការ​លើ​មេ​តុងទីនពីរនាក់ប្ដី​ប្រពន្ធទៅតាម​ផ្លូវច្បាប់ ។ ដូច្នេះពេលនេះច្បាប់បានសម្រេចហើយ តាមរយៈសាលក្រមគឺផ្តន្ទាទោសមេតុង ទីនហាយសូលក់ផលិតផលតាមអនឡាញម្នាក់នេះ ដាក់ពន្ធនា​គារកំណត់រយៈ​១ឆ្នាំកន្លះ និងតម្រូវឱ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី តាមសំណុំរឿងនិមួយៗ ដែលជនជាប់ចោទប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ