ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី​ប្រកាស​ថា​ខ្លួន​ត្រូវ​តែ​សង​សឹក​ឱ្យ​យុទ្ធ​មិត្ត​ដែល​ស្លា.ប់​ដោយ​សារ​ការ​វា.យ​ប្រ.ហារ​របស់​អ៊ុយ​ក្រែន

3 ម៉ោង មុន

ទី​ក្រុង​ទ្រី​ប៉ូលី៖ រដ្ឋាភិបាល​លីប៊ី​សច្ចា​ថា​ខ្លួន​ត្រូវ​តែ​សង​សឹក​ឱ្យ​យុទ្ធ​មិត្ត​របស់​ខ្លួន​២​នាក់​ដែល​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​បន្ទាប់​ពី​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ដ្រូន​អ៊ុយ​ក្រែន​ទៅ​លើ​នាវា​ចម្បាំង​របស់​រុស្ស៊ី​ដែល​ឈប់​សំចត​នៅ​កំពង់​ផែ​លីប៊ី​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​ថា​របស់​មន្ត្រី​យោធា​លីប៊ី​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លីប៊ី​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ខ្លួន​នឹង​ចាត់​វិធាន​ការ​អ្វី​ខ្លះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​របស់​អ៊ុយ​ក្រែន​នោះ​​ទេ​។​ មន្ត្រី​យោធា​ទាំង​២​នាក់​ត្រូវ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​អង្គារបន្ទាប់​ពី​​ពួក​គេ​រង​របួស​នៅ​ក្នុង​អំពើ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅ​លើ​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​នៃ​ទី​ក្រុង​បឹង​ហ្កា​ហ្ស៊ី (Benghazi)។

នៅ​ទី​នោះ កប៉ាល់​ចម្បាំង​របស់​រុស្ស៊ី​ចូល​ឈប់​សំចត​, ចាក់​ប្រេង​ឥន្ធនៈ និង​ដាក់​របស់​របរ​ចាំ​បាច់​សម្រាប់​បុគ្គលិក​។ កង​ទ័ព​ជាតិ​លីប៊ី (LNA) ជា​សម្ព័ន្ធ​មិត្ត​របស់​​រដ្ឋាភិបាល​លីប៊ី​ និង​ជា​កង​ទ័ព​ជើង​ទឹក​ និង​ជើង​អាកាស​។ កង​ទ័ព​នេះ​គ្រប់​គ្រង​ប្រទេស​លីប៊ី​ភាគ​ខាង​កើត​ និង​ភាគ​ខាង​ត្បូង​ ព្រម​ទាំង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ទី​ក្រុង​ម៉ូស្គូ​។ ដោយ​ឡែក​ ប្រទេស​លីប៊ី​ភាគ​ខាង​លិចគ្រប់​គ្រង​ដោយ​កង​ទ័ព​​​ និង​ចលនា​ប្រដាប់​អាវុធ​ជា​ច្រើន​ក្រុម​​។ គេ​​​ជឿ​ជាក់​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​ហោះ​ចេញ​ពី​ទី​នោះ​ទៅ​វាយ​ប្រហារ​នាវា​ចម្បាំង​របស់​រុស្ស៊ី​​។

កង​ទ័ព​អ៊ុយ​ក្រែន​បន្ត​បើក​ប្រតិ​បត្តិ​ការ​សឹក​របស់​ខ្លួន​ចេញ​ពី​ប្រទេស​លីប៊ី​ភាគ​ខាង​លិច​ក្រោម​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជា​មួយ​រដ្ឋ​បាល​លីប៊ី​ភាគ​ខាង​លិច​។ ពួក​គេ​ (អ៊ុយ​ក្រែន) ប្រើ​ប្រាស់​ទឹក​ដី​ខាង​លិច​ដើម្បី​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី​នៅ​សមុទ្រ​មេ​ឌី​ទែរ៉ាណេ​។ នេះ​បើ​យោ​ងតាម​មន្ត្រី​រដ្ឋាភិបាល​លីប៊ី​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ​​អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​មន្ត្រី​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែន​ដើម្បី​ស្នើ​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​​នេះ​ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គេ​​បាន​​និយាយ​កាល​ពី​មុន​នេះ​ថា​កង​ទ័ព​រដ្ឋា​ភិបាល​ទី​ក្រុង​កៀវ​មិន​មាន​គោល​ដៅ​វាយ​ប្រហារ​ជន​ជាតិ​លីប៊ី​ណា​ម្នាក់​ទេ​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​។

នោះ​ជា​ការ​វាយ​ប្រហារ​ពី​ចម្ងាយ​២៤០០​គីឡូ​ម៉ែត្រ​ចេញ​ពី​សមរភូមិ​មុខ​ និង​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​​ដប់​នាក់​រង​របួស​ ក្នុង​នោះ​មាន​ជន​ជាតិ​លីប៊ី​ខ្លះ និង​រុស្ស៊ី​ខ្លះ​។ ​អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង​និយាយ​បន្ទរ​តាម​អ្វី​ដែល​រដ្ឋាភិបាល​លីប៊ី​ប្រកាស​ថា​នឹង​សង​សឹក​។ លោក​ប៉េ​ស្កូស​ថ្លែង​ថា​នៅ​លើ​លោក​នេះ ​គ្មាន​ប្រទេស​ណា​មួយ​បណ្ដោយ​ឱ្យ​គេ​ផ្ដាច់​ផ្ដិល​អាយុ​ជីវិត​យុទ្ធ​មិត្ត​របស់​ខ្លួន​ដោយ​ស្រួល​ៗ​ដោយ​គ្មាន​ទទួល​រង​ការ​វាយ​បក​វិញ​នោះ​ឡើយ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​យុទ្ធ​ជន​រុស្ស៊ី​ដែល​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ​។ ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​លើក​នេះ​ធ្វើ​ឱ្យ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែន​កាន់​តែ​ឡើង​កម្ដៅ​ ហើយ​ហាក់​ដូច​ជា​ចាប់​ផ្ដើម​បើក​សមរភូមិ​ថ្មី​ហួស​ពី​ព្រំ​ដែន​របស់​អ៊ុយ​ក្រែន​ទៅ​ហើយ​។

កាល​ពី​ថ្ងៃ​ច​ន្ទ រុស្ស៊ី​ចោទ​ប្រកាន់​ប្រទេស​អេស្តូនី​ដែល​ជា​សមាជិក​អង្គ​ការ​ណាតូ និង​ក៏​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ផង​ដែរ​​​ពី​បទ​ប្រព្រឹត្ត​ទង្វើ​ដែល​បង្ក​អរិភាព​នឹង​គ្នា​។ រុស្ស៊ី​ថា​ទង្វើ​នេះ​ហាក់​ដូច​ជា​ចង់​ដុត​បញ្ឆេះ​សង្គ្រាម​ជា​ចំហ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​អេស្តូនី​ប្រកាស​បិទ​ព្រំ​ដែន​គោក​ជា​មួយ​រុស្ស៊ី​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ គេ​ឃើញ​ថា​ដ្រូន និង​មីស៊ីល​របស់​រុស្ស៊ី​ឧស្សាហ៍​ហោះរំលង​ព្រំប្រទល់​អ៊ុយ​ក្រែន​ឆ្លង​ដែន​ចូល​ទឹក​ដី​ប៉ូឡូញ​។ រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ខ្លះ​យល់​ថា​នេះ​មិន​មែន​ជា​រឿង​ចៃ​ដន្យ​នោះ​ទេ​។ ពួកគេ​ចង់​មាន​ន័យ​ថា​រុស្ស៊ី​មាន​ចេត​នា​បញ្ជូន​អាវុធ​ទាំង​នេះ​ចូល​ដែន​អាកាស​ប៉ូឡូញ​ដើម្បី​ធ្វើ​តេស្ត​ភាព​អត់​ធ្មត់​របស់​អង្គ​ការ​ណាតូ​៕ ប្រភព៖ AP​