ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបង្ហាញសច្ចធម៌លើឆាកអន្តរជាតិ! លើកយកការឈ្លានពាន និងការបា.ញ់កម្ទេ.ចប្រាសាទព្រះវិហារ ប្រាប់ទៅឥណ្ឌា និងរដ្ឋសមាជិក SCO

3 ម៉ោង មុន

កម្ពុជា លើក​ឡើង​ពី​ការ​ឈ្លានពាន និង​ការ​បា​.​ញ់​កម្ទេច​ប្រាសាទព្រះវិហារ ប្រាប់​ទៅ​ឥណ្ឌា និង​សហគមន៍​អន្តរជាតិ ក្នុង​វេទិកា​ធំ​នៅ​ទីក្រុង​ញូ​វ​ដេ​លី ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ ។


គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចូលរួម «​វេទិកា​សន្ទនា​អារ្យធម៌​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ លើក​ទី​១» (1st Shanghai Cooperation Organization (SCO) Civilizational Dialogue Forum) កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ទីក្រុង​ញូ​វ​ដេ​លី សាធារណរដ្ឋ​ឥណ្ឌា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​។


ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ចំនួន​៣ រូប​បាន​អញ្ជើញ​ចូលរួម​ក្នុង វេទិកា​សន្ទនា​អារ្យធម៌​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ លើក​ទី​១ នៅ​ទីក្រុង​ញូ​វ​ដេ​លី សាធារណរដ្ឋ​ឥណ្ឌា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ។

កម្មវិធី​បើក​វេទិកា​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ណា​រិ​ន​ដ្រា ម៉ូ​ឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​វប្បធម៌​, អ្នកជំនាញ​ផ្នែក​បេតិកភណ្ឌ​,​សារមន្ទីរ និង​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​រូប នៃ​ស្ថាប័ន​វប្បធម៌​នានា មក​ពី​បណ្តា​រដ្ឋ​សមាជិក និង​ប្រទេស​ដៃគូ​សន្ទនា​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ (SCO) ។
គោលបំណង​ចម្បង​នៃ​វេទិកា​នេះ គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង និង​ផ្តល់​តម្លៃ​ដល់​មរតក​អារ្យធម៌​រួម​, ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិរក្ស​, ការ​ចងក្រង​ឯកសារ​, ការ​សិក្សា​ស្រាវជ្រាវ និង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន តាម​រយៈ​ការទូត​វប្បធម៌ ។

ចូលរួម​ថ្លែងស​ន្ទ​រក​ថា ក្នុង​ពិធី​បើក​វេទិកា ឯកឧត្តម ហាប់ ទូច បាន​គូសបញ្ជាក់​ពី​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​៖
-​ការ​ទទួលខុសត្រូវ​រួម និង​សន្តិភាព ដោយ​ចាត់​ទុក​វេទិកា​នេះ គឺជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិច្ច​សន្ទនា និង​ស្មារតី​ទទួលខុសត្រូវ​រួម​គ្នា ដើម្បី​ការពារ​និង​លើក​ស្ទួយ​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្សជាតិ ដែល​ជា​គ្រឹះ​ក្នុង​ការ​កសាង​អនាគត​ប្រកបដោយ​សន្តិភាព ភាព​សុខដុមរមនា និង​វិបុលភាព​។

-​ការ​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ការ​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​អភិរក្ស និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទព្រះវិហារ ជាង​៤​ទសវត្សរ៍​មកនេះ​។

ទន្ទឹម​នេះ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា នៅ​ពេល​បូជនីយដ្ឋាន​សក្ការៈ ដូច​ជា ប្រាសាទព្រះវិហារ​ទទួល​រង​ការ​ខូចខាត​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ ការ​ឈ្លានពាន និង​ការ​បា​.​ញ់​កម្ទេច​ពី​សំណាក់​ប្រទេស​មួយទៀត ផល​ប៉ះពាល់​មិនមែន​កើត​មាន​ត្រឹមតែ​លើ​សំណង់​ប្រាសាទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប៉ះពាល់​ដល់​តម្លៃ អត្តសញ្ញាណ​របស់​ប្រជាជន និង​ការ​ចង​ចាំ​រួម​របស់​មនុស្សជាតិ​ទាំងមូល ។
តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​សហគមន៍​អន្តរជាតិ កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​សុ​ឆន្ទ​: និង​ស្មារតី​ទទួលខុសត្រូវ​រួម ក្នុង​ការ​ចូលរួម​ជួសជុល​ស្តារ​ឡើង​វិញ​ពី​ការ​ខូចខាត​ទាំងនោះ ដើម្បី​បន្សល់​ទុកជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

ក្នុង​វេទិកា​នេះ​ដែរ មន្ត្រី​ជំនាញ​កម្ពុជា​ក៏​បាន​ចូលរួម​ផ្តល់​យោបល់ និង​ចែករំលែក​បទ​ពិសោធន៍ នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ចម្បង​ៗ​ក្នុង​រយ​:​ពេល​ប្រជុំ​៣​ថ្ងៃ ចាប់​ថ្ងៃ​ទី​២០ ដល់ទី​២២ ខែវិច្ឆិកា និង​បាន​ជួប​ប្រស្រ័យ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ឥណ្ឌា ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​មួយ​ចំនួន​ទៀត​ផង​ដែរ​៕