បឹងទន្លេសាប ៖ កងកម្លាំងចម្រុះបន្តបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ដោយឃាត់ និងដកហូតទូក អូសលៀសខុសច្បាប់ចំនួន២០ ទូក ។ នេះបើយោងតាមផេកគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានប្រកាសនាថ្ងៃទី២៥ ខែវិច្ឆិកានេះ ។

គណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានបន្តថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងចម្រុះ និងមន្ត្រីជំនាញ បង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប រួមមាន កម្លាំងយោធភូមិភាគទី៥ កម្លាំងការិយាល័យទី២ កងទ័ពជើងគោក កម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងវរសេនាតូចកាំភ្លើងធំ យោធភូមិភាគទី៥ សរុបចំនួន១៨នាក់ បានបន្តប្រតិបត្តិការចុះល្បាត ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាប ។

ជាលទ្ធផល កងកម្លាំងចម្រុះបានឃាត់ទូកអូសលៀសចំនួន២០ទូក ដែលបានធ្វើសកម្មភាពអូសលៀស ដោយប្រើប្រាស់ម៉ាស៊ីនជ្រៀងកែច្នៃខុសច្បាប់ និងធ្វើសកម្មភាពនេសាទ នៅក្រៅតំបន់ដែលបានអនុញ្ញាត ។
ក្នុងប្រតិបត្តិការនេះ កងកម្លាំងចម្រុះបានធ្វើការអប់រំណែនាំដល់ប្រជានេសាទឱ្យយល់ដឹងអំពីការអនុវត្តច្បាប់ស្តីពីជលផល និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទដោយខុសច្បាប់ ព្រមទាំងដកហូតទូកអូសលៀសចំនួន ២០ទូក យកមករក្សាទុកជាបណ្តោះអាសន្ននៅទីស្នាក់ការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

ការប្រើប្រាស់ឧបករណ៍អូសលៀសខុសច្បាប់ ជាពិសេសឧបករណ៍ដែលបំពាក់ដោយម៉ាស៊ីនកែច្នៃ អាចបង្កផលប៉ះពាល់ដល់ស្រទាប់បាតបឹង ជម្រកសត្វទឹក ធនធានមច្ឆជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ។

ការបន្តពង្រឹងប្រតិបត្តិការចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកស្រកនេះ គឺសំដៅទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការពារធនធានធម្មជាតិ និងលើកកម្ពស់ការនេសាទប្រកបដោយនិរន្តរភាព សំដៅធានាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។
រួមគ្នាគោរពច្បាប់ជលផល បញ្ឈប់ការនេសាទខុសច្បាប់ និងការពារបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រជាជាតិខ្មែរ ៕
ចែករំលែកព័តមាននេះ