ទីក្រុងគែ៖ មនុស្ស៣១នាក់ស្លាប់ និង២១នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ក្រឡាប់ និងឆេះរថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងនៅលើផ្លូវក្រវាត់ក្រុង១ខ្សែនៃប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរនៅនឹងកន្លែងកើតហេតុ។ អគ្គិភ័យចាប់ផ្ដើមឆាបឆេះនៅលើផ្លូវក្រោមដីនៃសង្កាត់អាល់វ៉ារ៉ាក់ (Al-Warraq) នៃទីក្រុងហ្គីហ្សា (Giza)។ លទ្ធផលស៊ើបអង្កេតបឋមរកឃើញថាយានជំនិះ២៧គ្រឿងដែលមានទាំងឡានខ្លះ និងម៉ូតូខ្លះត្រូវភ្លើងឆេះឡើងក្លាយជាធ្យូង។

អាជ្ញាធរកំពុងវាយតម្លៃអំពីទំហំនៃការខូចខាត និងការស្លាប់មនុស្ស។ រដ្ឋអាជ្ញាបានចេញបញ្ជាឱ្យយកសំណាកឌីអឹនអេ (DNA) ពីសាកសពជនរងគ្រោះដែលមិនទាន់កំណត់អត្តសញ្ញាណដើម្បីផ្ទៀងផ្ទាត់រកសាច់ញាតិរបស់ពួកគេ។ រថយន្តគិលានសង្គ្រោះចំនួន៣៩គ្រឿងបានចូលរួមដឹកជញ្ជូនសាកសពយកទៅពិនិត្យ។ តាមរយៈវីឌីអូដែលកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម គេឃើញផ្សែងដ៏ខ្មៅងងឹតហោះហើរចេញពីកន្លែងឆេះ។ ទិន្នន័យស្ដីពីការឆេះ និងចំនួនអ្នកស្លាប់ត្រូវបានបញ្ជាក់ថាពិតដោយសារព័ត៌មានក្នុងស្រុកផង និងដោយក្រសួងសុខាភិបាលផង។

លោកអាលី យូសែហ្វ (Ali Youssef) ជាសាក្សីរស់ដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែកប្រាប់ថារថយន្តជាច្រើនគ្រឿងឆេះខ្លោចក្លាយជាធ្យូង សុទ្ធតែមានមនុស្សជិះនៅក្នុងនោះ។ ពួកគេគ្មានពេលដើម្បីបើកទ្វារជម្លៀសខ្លួននោះទេ។ ភ្លើងបានដុតបំផ្លាញទាំងឡាន និងទាំងមនុស្សដែលជិះនៅក្នុងនោះ។ គេឃើញយានជំនិះដែលមានទាំងរថយន្តធុនតូច រថយន្តទួរីស ម៉ូតូដែលឆេះខ្លោច និងឃើញកម្ទេចកម្ទីរាយប៉ាយពាសពេញកន្លែងកើតហេតុ។ ប៊ូលដូហ្សឺខិតខំប្រមែប្រមូលយានជំនិះដែលខូចខាតនោះដាក់មួយដុំ ខណៈដែលមហាជន និងភ្នាក់ងារសន្តិសុខឈរពិនិត្យមើលលទ្ធផលក្រោយការឆេះ។

ផ្លូវក្រវាត់ក្រុងនេះតភ្ជាប់ផ្លូវហាយវេសំខាន់ៗទូទាំងទីក្រុងរណប Greater Cairo។ ផ្លូវនេះជាចំណុចប្រសព្វនៃទីក្រុងគែ, ហ្គីហ្សា និងកាល់យូប៊ីយ៉ា (Qalyubia)។ នៅអេហ្ស៊ីប គ្រោះថ្នាក់ចរាចរណ៍ឧស្សាហ៍កើតឡើងជាញឹកញាប់ក្លាយជារឿងសាមញ្ញដោយសារកត្តាគួបផ្សំជាច្រើន ដែលមានដូចជាការបើកបរលើសល្បឿនកំណត់, ការអនុវត្តច្បាប់នៅទន់ខ្សោយ និងស្ថានភាពផ្លូវអន់ថយ។ កាលពីឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មាន៥៨២៩នាក់ ពោលគឺកើនឡើង១០,៨%បើប្រៀបធៀបនឹងឆ្នាំ២០២៤។

អេហ្ស៊ីបចាប់ផ្ដើមពង្រីកប្រព័ន្ធផ្លូវធ្វើដំណើរឱ្យកាន់តែធំទូលាយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាងសង់ផ្លូវហាយវេ និងស្ពានអាកាសជាបន្តបន្ទាប់នៅក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាជនដែលកើនឡើងឥតឈប់ឈរ។ គម្រោងនេះជួយធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍នៅតាមតំបន់មួយចំនួនពិតមែន។ ប៉ុន្តែការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរនៅតែមាន៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ