ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក​៣​ថ្ងៃ​! ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិជាង១០ម៉ឺននាក់ ​មក​កម្សាន្ត​ខេត្តប៉ៃលិន​ ខណៈ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ខ្លះ​ពេញ​ៗ​ ស្ទើរ​រកបន្ទប់ស្នាក់នៅមិនបាន

1 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នា​ឱកាស​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ ឆ្នាំ​២០២៦​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​នាំ​គ្នា​ចូល​មក​លេង​​កម្សាន្ត​​ក្នុង​ខេត្ត​ប៉ៃលិន យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ មានការ​មមាញឹក​យ៉ាង​ខ្លាំង ដោយនៅ​កន្លែង​ខ្លះ ស្ទើរតែ​រក​បន្ទប់​ឱ្យ​ភ្ញៀវ​ស្នាក់​នៅ​មិន​បាន​នោះ​ឡើយ ពោល​គឺ​ពេញ​ៗ​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​ភ្ញៀវ​ទេសចរ​ម្នាក់ ឈ្មោះ សុខ វិសាល រស់នៅ​ខេត្តបាត់ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​នាំ​ប្រពន្ធ​កូន ដែល​មាន​គ្នា​៦​នាក់ ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន តាំងពី​មុន​ថ្ងៃ​បុណ្យអុំទូក​ម្លេះ គឺ​បាន​កក់​សណ្ឋាគារ​ទុក​មុន ហើយ​ក៏​ស្នាក់​នៅ​អស់​រយៈពេល​៤​ថ្ងៃ ដើម្បី​ដើរ​លេង​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន​។

លោក​បន្ត​ទៀត​ថា ទេសភាព​តំបន់​កំសាន្ត​នៅ​តាម​ទឹកធ្លាក់​ភ្នំ​ខៀវ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត​ពិតជា​ល្អ​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​។ ជា​ពិសេស​គឺ​ធ្វើ​ឱ្យ​អារម្មណ៍​ក្រុម​គ្រួសារ​របស់​គាត់​ស្រស់ស្រាយ បំបាត់​នូវ​ទុក្ខ​កង្វល់​ផ្សេង​ៗ រីឯ​នៅ​យប់​ថ្ងៃ​អកអំបុក​សំពះ​ព្រះ​ខែ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​រៀបចំ​កម្មវិធី​​កម្សាន្ត​ គឺ​មានការ​ដាល់អំបុក រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ ក៏​នាំ​គ្នា​ធ្វើ​ពិធី​អកអំបុក​យ៉ាង​សប្បាយ​រីករាយ ខណៈ​ដែល​ពី​មុន​លោក​មិន​ធ្លាប់​ចូលរួម​កម្មវិធី​បែប​នេះ​ឡើយ ហើយ​សង្ឃឹមថា​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត នឹង​មានឱកាស​នាំ​បងប្អូន​មិត្តភក្តិ​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន​បន្តបន្ទាប់​ផង​ដែរ ។ ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ មុន​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​គាត់​បាន​ចូល​ទៅ​ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ដើម្បី​បួងសួង​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​លោកយាយ​យ៉ា​ត ឲ្យ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មាន​សុវត្ថិភាព​ ។

បើ​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ដើរ​លេង​កម្សាន្ត និង​ស្នាក់​នៅ មុន​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ស្នាក់​នៅ និង​ប្រជាពលរដ្ឋ​ដើរ​លេង រួម​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស សរុប​ចំនួន ៣,៧៣២ នាក់ ។ លោក​បាន​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត និង​ស្នាក់​នៅ​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០២៦ សរុប​ចំនួន​៦,២២៣ នាក់ ។

ចំណែក​ថ្ងៃ​ដើរ​កម្សាន្ត និង​ស្នាក់​នៅ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ សរុប​ចំនួន ៣,៦២២ នាក់​។ លោក​បញ្ជាក់​ទៀត​ថា ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​កម្សាន្ត និង​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ទាំង​បី​ថ្ងៃ​សរុប​ចំនួន ១៣,៥៧៧​នាក់ ៕